1 ដូច្នេះ សហគមន៍កូនចៅអ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅទីរហោស្ថានស៊ីននៅខែទីមួយ ហើយពួកគេបានស្នាក់នៅត្រង់កាដែស កន្លែងដែលលោកស្រីម៉ារាមស្លាប់ ហើយគេបានបញ្ចុះសពនៅទីនោះ។ 2 ពេលនោះ មិនមានទឹកសម្រាប់ សហគមន៍ប្រើប្រាស់ទេ ដូច្នេះ ពួកគេក៏បានប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុន។ 3 ប្រជាជននាំគ្នារអ៊ូរប្រឆាំងនឹងលោកម៉ូសេ ដោយពោលថា៖ «ប្រសិនបើ យើងខ្ញុំស្លាប់ជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានស្លាប់នៅចំពោះព្រះអម្ចាស់ នោះប្រសើរជាង! 4 ហេុតអ្វីបានជាពួកលោកនាំសហគមន៍ របស់ព្រះអម្ចាស់មកក្នុងទីរហោស្ថាន ដើម្បីឲ្យស្លាប់នៅទីនេះ ជាមួយនឹងហ្វូងសត្វរបស់ពួកយើងដូច្នេះ? 5 ហេុតអ្វីបានជាពួកលោកធ្វើឲ្យពួកយើងចាកចេញពីស្រុកអេស៊ីប ដើម្បីនាំពួកយើងមកកាន់ទឹកដីដ៏អាក្រក់បែបនេះ? ដ្បិត នៅទីនេះគ្មានគ្រាប់ពូជ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ និងដើមទទឹម ហើយក៏គ្មានទឹកផឹកដែរ»។ 6 លោកម៉ូសេ និងលោកអើរ៉ុនបានចេញទៅឆ្ងាយពីមុខក្រុមជំនុំ។ ពួកលោកបានទៅឯមាត់ទ្វារចូលត្រសាលប្រជុំ ហើយក៏ឱនមុខចុះ។ នៅពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកមកឲ្យពួកលោកឃើញ។ 7 ព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេ និងលោកអើរ៉ុនថា៖ 8 «ចូរយកដំបងមក ហើយប្រមូលសហគមន៍ឲ្យជួបជុំគ្នា ទាំងអ្នក នឹងអើរ៉ុនបងប្រុសរបស់អ្នកដែរ។ ហើយចូរនិយាយទៅថ្មនៅចំពោះភ្នែកគេ ហើយបង្គាប់ថ្មឲ្យមានទឹកហូរចេញមក។ អ្នកនឹងធ្វើឲ្យមានទឹកចេញពីថ្មនោះសម្រាប់ពួកគេ ហើយអ្នកត្រូវឲ្យទឹកនោះទៅសហគមន៍ និងហ្វូងសត្វរបស់គេផឹក»។ 9 ពេលនោះ លោកម៉ូសេបានយកដំបងពីចំពោះព្រះអម្ចាស់ ដូចដែលព្រះអម្ចាស់បង្គាប់គាត់ឲ្យធ្វើ។ 10 បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន បានប្រមូលសហគមន៍ទាំងអស់មកជួបជុំគ្នានៅពីមុខថ្មនោះ។ លោកម៉ូសេបានមានប្រសាសន៍ទៅពួកគេថា៖ «ឥឡូវនេះសូមស្ដាប់ខ្ញុំ ពួកបះបោរអើយ! តើយើងត្រូវយកទឹកចេញពីថ្មីនេះសម្រាប់អ្នករាល់គ្នាឬ?» 11 រួចលោកម៉ូសេបានលើកដំបងវាយថ្មនោះពីរដង នោះក៏មានទឹកជាច្រើនហូរចេញពីថ្មមក។ សហគមន៍បានផឹកទឹកនោះ ហើយហ្វូងសត្វរបស់ពួកគេក៏ផឹកដែរ។ 12 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «ពីព្រោះអ្នកមិនបានទុកចិត្តយើង និងមិនបានលើកយើងជាបរិសុុទ្ធនៅចំពោះភ្នែកកូនចៅអ៊ីស្រាអែល ពួកអ្នកនឹងមិនបាននាំក្រុមជំនុំនេះចូលទៅក្នុងទឹកដីដែលយើងបានប្រគល់ឲ្យអ្នកឡើយ។ 13 កន្លែងនេះត្រូវបានគេហៅថា ទឹកមេរីបា ដ្បិតកូនចៅអ៊ីស្រាអែលបានតវ៉ាជាមួយព្រះអម្ចាស់ ហើយព្រះអង្គបានសម្ដែងអង្គទ្រង់ជាបរិសុទ្ធនៅចំពោះពួកគេ។ 14 លោកម៉ូសេបានបញ្ជូនអ្នកនាំសារពីកាដែសឲ្យទៅជួបស្ដេចស្រុកអេដុម ហើយទូលស្ដេចថា៖ «កូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ព្រះអង្គបាននិយាយបែបនេះថា 15 ព្រះអង្គជ្រាបគ្រប់ទាំងការលំបាកបានកើតឡើងចំពោះពួកយើង ហើយព្រះអង្គក៏ដឹងដែរថា ដូនតារបស់យើងបានចុះទៅស្រុកអេស៊ីប និងបានរស់នៅទីនោះយ៉ាងយូរ។ នៅទីនោះជនជាតិអេស៊ីបបានប្រព្រឹត្តយ៉ាងសាហាវចំពោះពួកយើង និងដូនតារបស់យើង។ 16 នៅពេលដែលពួកយើងបានអំពាវនាវរកព្រះអម្ចាស់ ព្រះអង្គបានឮសម្លេងរបស់យើង ហើយព្រះអង្គបានចាត់ទេវតានាំពួកយើងចេញពីស្រុកអេស៊ីបមក។ មើល៍! ឥឡូវនេះ ពួកយើងនៅកាដែស ជាក្រុងនៅជាប់នឹងព្រំប្រទល់ស្រុករបស់ព្រះអង្គ។ 17 យើងខ្ញុំសូមព្រះអង្គអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ស្រុករបស់ព្រះអង្គផង។ ពួកយើងនឹងមិនដើរឆ្លងកាត់ស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះអង្គដែរ។ ពួកយើងនឹងធ្វើដំណើរតាមផ្លូវធំរបស់ស្ដេច ហើយក៏នឹងមិនងាកទៅឆ្វេង ឬទៅស្ដាំឡើយ រហូតទាល់តែពួកយើងឆ្លងផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ»។ 18 ប៉ុន្ដែ ស្ដេចស្រុកអេដុមបានតបថា៖ «ពួកអ្នកមិនអាចដើរឆ្លងកាត់ស្រុកនេះបានទេ បើអ្នករាល់គ្នានៅតែដើរឆ្លងកាត់ យើងនឹងមកវាយប្រហារអ្នកដោយដាវជាមិនខាន»។ 19 នោះកូនចៅអ៊ីស្រាអែលបានទូលស្ដេចទៀតថា៖ «ពួកយើងគ្រាន់តែដើរតាមផ្លូវធំទេ ប្រសិនបើ ពួកយើង ឬហ្វូងសត្វរបស់ពួកយើងផឹកទឹករបស់ព្រះអង្គ នោះពួកយើងនឹងចេញថ្លៃសង។ សូមគ្រាន់តែអនុញ្ញាតឲ្យពួកយើងដើរឆ្លងកាត់ដោយថ្មើរជើងតែប៉ុណ្ណោះ គឺពួកយើងមិនធ្វើអ្វីផ្សេងឡើយ»។ 20 ប៉ុន្ដែ ស្ដេចស្រុកអេដុមបានតបទៀតថា៖ «ពួកអ្នកមិនអាចដើរឆ្លងកាត់ស្រុកនេះបានទេ»។ នោះស្ដេចស្រុកអេដុមបានលើកទ័ពជាច្រើន និងអាវុធគ្រប់ដៃចេញទៅទាស់នឹងពួកអ៊ីស្រាអែល។ 21 ស្ដេចស្រុកអេដុមបានបដិសេធមិនឲ្យពួកអ៊ីស្រាអែលឆ្លងកាត់ស្រុករបស់ខ្លួនទេ។ ដោយព្រោះហេតុនេះ ពួកអ៊ីស្រាអែលបានចាកចេញពីស្រុកអេដុម។ 22 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានធ្វើដំណើរចាកចាញពីកាដែស។ កូនចៅអ៊ីស្រាអែល គឺសហគមន៍ទាំងមូល បានទៅដល់ភ្នំហោរ។ 23 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុននៅភ្នំហោរជាប់ព្រំប្រទល់ស្រុកអេដុមថា៖ 24 «លោកអើរ៉ុនត្រូវទៅជួបជុំនឹងដូនតារបស់គាត់ហើយ ដ្បិត គាត់មិនអាចចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលទេ។ នេះព្រោះតែអ្នកទាំងពីរបានបះបោរប្រឆាំងនឹងបញ្ជារបស់យើងនៅត្រង់ទឹកមេរីបា។ 25 ចូរនាំលោកអើរ៉ុន និងលោកអេលាសារកូនប្រុសរបស់គាត់ឡើងមកភ្នំហោរ។ 26 ចូរដោះសម្លៀកបំពាក់បូជាចារ្យពីខ្លួនលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់គាត់ ដ្បិត លោកអើរ៉ុនត្រូវស្លាប់ទៅជួបជុំជាមួយបងប្អូនរបស់គាត់នៅទីនោះ»។ 27 លោកម៉ូសេបានធ្វើដូចដែលព្រះអម្ចាស់បង្គាប់គាត់។ ពួកគេបានឡើងទៅភ្នំហោរនៅចំពោះមុខសហគមន៍ទាំងមូល។ 28 លោកម៉ូសេបានដោះសម្លៀកបំពាក់បូជាចារ្យពីលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់លោកអើរ៉ុន។ លោកអើរ៉ុនបានស្លាប់នៅលើកំពូលភ្នំហោរនោះ។ បន្ទាប់មកលោកម៉ូសេ និងលោកអេលាសាបានចុះពីលើភ្នំមកវិញ។ 29 នៅពេលសហគមន៍ទាំងមូលបានឃើញថា លោកអើរ៉ុនស្លាប់ ប្រជាជនទាំងអស់បាននាំគ្នាយំកាន់ទុក្ខសម្រាប់គាត់រយៈពេលសាមសិបថ្ងៃ។