ជំពូក ៩

1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាហេព្រើរ មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំដល់យើង»។ 2 ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅ ហើយប្រសិនបើ អ្នកនៅតែឃាំងពួកគេ 3 ដូច្នេះ ព្រះហស្តរបស់ព្រះអម្ចាស់នឹងវាយប្រហារហ្វូងសត្វនៅស្រែចម្ការ និងនៅលើហ្វូងសេះ និងហ្វូងលា ហ្វូងអូដ្ឋ និងហ្វូងចៀម ព្រមទាំងហ្វូងគោ វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។ 4 ព្រះអម្ចាស់នឹងប្រព្រឹត្តជាមួយហ្វូងសត្វជនជាតិអ៊ីស្រាអែល ខុសពីជនជាតិអេស៊ីប៖ គឺនឹងមិនមានសត្វណាដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលត្រូវស្លាប់ឡើយ។ 5 ព្រះអម្ចាស់បានកំណត់ពេលវេលា ព្រះអង្គមានបន្ទូលថា៖ «ថ្ងៃស្អែក យើងនឹងធ្វើការនេះនៅក្នុងទឹកដីនេះ»។ 6 ព្រះអម្ចាស់ធ្វើការនេះនៅថ្ងៃបន្ទាប់៖ ហ្វូងសត្វទាំងអស់នៅអេស៊ីបងាប់គ្មានសល់។ ប៉ុន្តែ គ្មានសត្វរបស់ជនជាតិអ៊ីស្រាអែលណាមួយនៅបានងាប់ឡើយ សូម្បីតែមួយ។ 7 ស្តេចផារ៉ោនបាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប‌អង្កេត ហើយ​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលងាប់​ឡើយ។ ប៉ុន្តែ ស្តេចផារ៉ោន​នៅ​តែ​មាន​ព្រះទ័យ​មានះ ដូច្នេះ ស្តេចមិន​ព្រម​អនុ‌ញ្ញាត​ឲ្យប្រជាជនចេញ​ទៅ​ទេ។ 8 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «ចូរ​យក​ផេះ​ពី​ចង្ក្រាន គឺអ្នកហើយម៉ូសេ​ ចូរបាច​ទៅ​លើ​មេឃ នៅ​ចំពោះ​ផារ៉ោន​ទៅ 9 ផេះ​នោះ​នឹង​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​ពាស​ពេញ​លើ​ស្រុក​អេស៊ីប។ ហើយ​នឹង​ធ្វើឲ្យក្លាយ​ជា​បូស ហើយធ្លាយ​ចេញ​ជា​ដំបៅ​លើ​ខ្លួន​មនុស្ស និង​សត្វ ពាស​ពេញ​ក្នុង​ទឹកដី​អេស៊ីបទាំង​មូល»។ 10 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកផេះពីចង្ក្រាន ហើយឈរនៅចំពោះស្តេចផារ៉ោន។ បន្ទាប់មក លោកម៉ូសេបានបោះផេះនោះទៅលើមេឃ។ ផេះនោះបានធ្វើឲ្យកើតមានបូស ហើយធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ។ 11 ពួកគ្រូមន្តអាគមមិនអាចតតាំងនឹងលោកម៉ូសេបានទេ ដោយសារតែបូស ហើយបូសនោះក៏កើតនៅលើពួកគេ និងនៅលើជនជាតិអេស៊ីបផ្សេងទៀតដែរ។ 12 ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះ ស្តេចផារ៉ោនមិនបានធ្វើតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនទេ។ ការនេះកើតឡើងដូចព្រះអម្ចាស់បានប្រាប់លោកលោកម៉ូសេរួចហើយ ថាស្តេចផារ៉ោននឹងធ្វើដូច្នេះ។ 13 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកឡើងពីព្រឹក ឈរនៅចំពោះស្តេចផារ៉ោន ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីពួកគេអាចថ្វាយបង្គំយើង។ 14 ដ្បិត នៅពេលនេះ យើងនឹងចាត់គ្រោះកាចគ្រប់យ៉ាងរបស់យើង មកលើស្តេច នៅលើពួកមន្ត្រី និងប្រជារាស្រ្តរបស់ស្តេច។ យើងនឹងធ្វើការនេះ ដើម្បីឲ្យស្តេចបានដឹងថា គ្មាននរណាដូចជាយើងនៅលើផែនដីនេះឡើយ។ 15 ដ្បិត ប្រសិន‌បើ​យើង​បាន​លើក​ដៃ​វាយ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដោយ​ជំងឺ​អាសន្ន‌រោគ​នៅ​ពេល​នេះ ម្លេ៉ះ​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ពី​ផែន‌ដី​បាត់​ទៅ​ហើយ។ 16 ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ពីអំណាចរបស់​យើង ដើម្បីឲ្យនាម​របស់​យើត្រូវប្រកាស​ពាស​ពេញ​ផែន‌ដី។ 17 ស្តេច​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​ព្រម​អនុញ្ញាតឲ្យ​ពួកគេ​ចេញ​ទៅ​ទេ។ 18 ចូរស្តាប់! ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្យុះព្រិលយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មាននៅក្នុងអេស៊ីប តាំងពីស្រុកនេះកើតមក រហូតមកដល់ពេលនេះ។ 19 ឥឡូវនេះ ចូរចាត់ពួកប្រុសៗឲ្យទៅប្រមូលហ្វូងសត្វ និងអ្វីៗទាំងអស់ដែលស្តេចមាននៅស្រែចម្ការ ទៅកាន់កន្លែងមានសុវត្ថិភាព។ បុរស និងសត្វទាំងអស់ដែលនៅស្រែចម្ការ ដែលមិនបាននៅផ្ទះ ព្រិលនឹងធ្លាក់មកលើពួកគេ ហើយពួកគេនឹងស្លាប់»។ 20 បន្ទាប់មក ពួកមន្ត្រីរបស់ស្តេចផារ៉ោនបានជឿនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ប្រញាប់ទៅនាំទាសករ និងហ្វូងសត្វរបស់ពួកគេមកផ្ទះវិញ។ 21 ប៉ុន្តែ អស់អ្នកដែលមិនជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់បានទុកពួកទាសករ និងហ្វូងសត្វរបស់ពួកគេនៅស្រែចម្ការ។ 22 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីធ្វើឲ្យមានព្រិលធ្លាក់មកពេញទឹកដីអេស៊ីប លើប្រជារាស្រ្ត លើសត្វ និងលើរុក្ខជាតិនៅស្រែចម្ការពាសពេញទឹកដីអេស៊ីបទាំងមូល»។ 23 លោកម៉ូសេបានលើកដំបងរបស់គាត់ទៅលើមេឃ ហើយព្រះអម្ចាស់បានធ្វើឲ្យមានផ្គរលាន់ ព្រិល និងផ្លេកបន្ទោរមកលើដី។ ព្រះអង្គបានធ្វើឲ្យមានភ្លៀងព្រិលធ្លាក់មកលើទឹកដីអេស៊ីបដែរ។ 24 ដូច្នេះ ក៏មានព្រិល ផ្លេកបន្ទោលាយជាមួយនឹងព្រិលយ៉ាងខ្លាំង ដែលមិនធ្លាប់កើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ចាប់តាំងពីនាមប្រទេសនេះមក។ 25 ពេញទឹកដីអេស៊ីបទាំងមូល ព្រិលបានធ្លាក់មកលើស្រែចម្ការទាំងអស់ ធ្លាក់មកលើទាំងមនុស្ស និងសត្វ។ វាធ្លាក់មកលើដំណាំនៅក្នុងស្រែចម្ការ ហើយបានបំបាក់ដើមឈើទាំងអស់។ 26 លើកលែងតែទឹកដីកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ដែលគ្មានព្រិល។ 27 បន្ទាប់មក ស្តេចផារ៉ោនបានចាត់គេឲ្យទៅកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ស្តេចមានរាជឱង្ការទៅពួកគេថា «លើកនេះ យើងបានប្រព្រឹត្តបាបមែន។ ព្រះអម្ចាស់សុចរិត ហើយយើង និងប្រជារាស្រ្តរបស់យើងជាមនុស្សអាក្រក់។ 28 សូមអធិស្ឋានទៅកាន់ព្រះអម្ចាស់ ព្រោះព្យុះភ្លៀងព្រិលនេះខ្លាំងណាស់។ យើងនឹងអនុញ្ញាតឲ្យអ្នកទៅហើយ ហើយអ្នកនឹងលែងនៅទីនេះទៀតដែរ»។ 29 លោកម៉ូសេទូលទៅស្តេចថា៖ «ពេលទូលបង្គំចាកចេញពីក្រុងនេះពេលណា ទូលបង្គំនឹងលើកដៃទៅឯព្រះអម្ចាស់។ ផ្គរនឹងឈប់ ហើយនឹងលែងមានព្រិលទៀតហើយ។ បែបនេះ ព្រះអង្គនឹងជ្រាបថា ផែនដីនេះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ 30 ប៉ុន្តែ ទូល‌បង្គំ​ដឹង​ថា ព្រះអង្គ និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះអង្គមិន​ទាន់​កោត​ខ្លាច​ព្រះអម្ចាស់​ដ៏​ជា​ព្រះជាម្ចាស់​នៅ​ឡើយ​ទេ»។ 31 ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់ 32 ចំណែក​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​វិញមិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។ 33 នៅពេល លោក​ម៉ូសេ​ចាក​ចេញ​ពី​ស្តេច​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង គាត់បាន​លើក​ដៃ​របស់គាត់ទៅចំពោះ​ព្រះ‌អម្ចាស់ ផ្គរ​ឈប់​លាន់​ឮ ព្រិល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​ធ្លាក់មក​លើ​ផែនដី​ទៀតដែរ។ 34 នៅពេលស្តេចផារ៉ោនឃើញភ្លៀងរាំង ព្រិលឈប់ធ្លាក់ និងផ្គរលែងលឺ ស្តេចបានធ្វើបាបសារជាថ្មី ហើយបានព្រះទ័យរឹងរូស រួមជាមួយមន្ត្រីរបស់ស្តេចផង។ 35 ស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះហើយ ស្តេចមិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។ នេះគឺជាអ្វីដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលមកលោក​ម៉ូសេថា ស្តេចផារ៉ោននឹងប្រព្រឹត្តដូច្នេះ។