ជំពូក​ ២៨

1 ចូរហៅ​អើរ៉ុន ​បងប្រុស​របស់​អ្នក ព្រម​ទាំង​កូន​ប្រុសៗ​របស់​គាត់​​ មានណាដាប់ អប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ពី​ក្នុង​ចំណោម​ជនជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យពួកគេបម្រើយើងក្នុងមុខងារ​ជា​បូជា‌ចារ្យ។ 2 អ្នកត្រូវធ្វើសម្លៀកបំពាក់សម្រាប់អ៊ើរ៉ុន បងប្រុសរបស់អ្នក ញែកដោយឡែកសម្រាប់យើង។ សម្លៀកបំពាក់នេះសម្រាប់ផ្តល់កិត្តិយស និងជាលម្អដល់គាត់។ 3 អ្នកត្រូវប្រាប់ឲ្យប្រជាជនទាំងអស់ដែលមានប្រាជ្ញា គឺអស់អ្នកដែលបានពេញដោយវិញ្ញាណនៃប្រាជ្ញា ដើម្បីឲ្យពួកគេធ្វើសម្លៀកបំពាក់របស់អ៊ើរ៉ុន ដើម្បីញែកគាត់ដោយឡែកបម្រើយើងក្នុងមុខងារជាបូជាចារ្យ។ 4 សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើគឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដមួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឈ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​ទាំងនេះ ដើម្បីញែកពួកគេដោយឡែកសម្រាប់យើង។ ពួកគេគឺជា​អើរ៉ុន ​បងប្រុស​របស់​អ្នក និង​ទាំង​កូនប្រុសៗ​របស់​គាត់ ដើម្បី​ឲ្យ​បម្រើមុខងារ​ជា​បូជា‌ចារ្យ​។ 5 ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។ 6 ពួក​គេ​ត្រូវ​ធ្វើ​អាវ​អេផូដ ពី​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។ ត្រូវ​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ។ 7 ត្រូវ​មាន​ខ្សែ​ស្មា​ពីរ ភ្ជាប់​នៅ​ចុង​អាវអេផូដ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា‌មួយ​គ្នា។ 8 រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះយ៉ាងល្អ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ 9 ត្រូវយក​ត្បូង​មណី‌ជោតិរស​ពីរ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា‌អែលទាំងដប់ពីរ​នៅ​លើ​នោះ។ 10 ឈ្មោះរបស់ពួកគេប្រាំមួយ ត្រូវនៅលើត្បូង​មណី‌ជោតិរសមួយ ហើយឈ្មោះប្រាំមួយទៀតនៅលើត្បូង​មណី‌ជោតិរសមួយទៀត ដើម្បីឲ្យមានឈ្មោះតាមលំដាប់របស់ពួកគេ។ 11 តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា ហើយ​ត្រូវ​ធ្វើ​ក្រចាប់​មាស​ភ្ជាប់​នឹង​ត្បូងទាំងពីរ​នោះ​ជាមួយនឹងឈ្មោះកូនចៅអ៊ីស្រាអែលទាំងដប់ពីរផង។ 12 អ្នកត្រូវ​ដាក់ត្បូង​ទាំង​ពីរ​ភ្ជាប់​នឹង​ខ្សែ​​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រា‌អែល។ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​ នៅចំពោះព្រះអម្ចាស់នៅលើស្មាទាំងពីររបស់កាត់ ទុកជាការរំលឹក​ដល់​ពួក​គេ។ 13 អ្នកត្រូវ​ធ្វើ​ក្រ​ចាប់​ទាំង​នោះ​ពី​មាស 14 ហើយធ្វើ​ខ្សែ​ពី​មាស​សុទ្ធ ដែល​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែ‌ពួរ ហើយ​អ្នកត្រូវភ្ជាប់​ខ្សែ និង​ក្រចាប់​ជាប់​គ្នា។ 15 អ្នកត្រូវធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ សម្រាប់​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អាវអេផូដដែរ គឺ​ធ្វើ​ពី​មាស ពីសំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ។ 16 ត្រូវ​ឲ្យ​បាន​បួន​ជ្រុង​ស្មើ។ អ្នកត្រូវបត់ប្រដាប់ពាក់ដើមទ្រូវ​ជា​ពីរ​ផ្នត់។ ត្រូវមានបណ្តោយ​មួយ​ចំអាម ទទឹង​មួយ​ចំអាម។ 17 អ្នកត្រូវដាក់ដាំ​ត្បូង​បួន​ជួរ​នៅ​ប្រដាប់​នោះ។ ក្នុង​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។ 18 ក្នុង​ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ ត្បូង​កណ្តៀង​មួយ និង​ពេជ្រ​មួយ។ 19 ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់។ 20 ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រចាប់​ធ្វើ​អំពី​មាស។ 21 ត្បូង​ទាំង​នេះ​ត្រូវរៀបចំឡើងតាមឈ្មោះរបស់កូនចៅ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដប់‌ពីរ ជាលំដាប់តាមឈ្មោះនីមួយៗ។ ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា គ្រប់​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ​នោះ។ 22 អ្នកត្រូវ​​ធ្វើ​ជា​ខ្សែពាក់លើដើមទ្រូងដូចជាខ្សែពួរ ត្រូវធ្វើវាពី​មាស​សុទ្ធ​។ 23 ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ សម្រាប់ពាក់លើដើមទ្រូង ហើយត្រូវ​ភ្ជាប់​នៅ​ចុង​សង​ខាងនៃដើមទ្រូង​ដែរ។​ 24 បន្ទាប់​មក ត្រូវ​ភ្ជាប់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។ 25 អ្នកត្រូវភ្ជាប់ចុងម្ខាងទៀតនៃខ្សែពីរជាមួយនឹងក្រចាប់ពីរទៀត។ បន្ទាប់មកអ្នកត្រូវភ្ជាប់របស់ទាំងនោះទៅនឹងប្រដាប់ពាក់លើដើមទ្រូងនៅខាងមុខ។ 26 អ្នកត្រូវធ្វើកងពីរពីមាស ហើយអ្នកដាក់កងនោះនៅលើជ្រុងទាំងពីរនៃប្រដាប់ពាក់លើដើមទ្រូង និងនៅលើជ្រុងដែលនៅជិតជាយខាងក្នុង។ 27 អ្នកត្រូវធ្វើកងពីមាសពីរថែមទៀត ហើយអ្នកត្រូវភ្ជាប់កងនោះទៅនឹងខាងក្រោមនៃខ្សែចងស្មាពីនៅខាងមុខអាវអេផូដ ជិត​កន្លែង​ដែល​ខ្សែ​ស្មា​ភ្ជាប់​គ្នា និង​ខាង​លើ​ខ្សែ​អាវអេផូឌ​ដែរ។ 28 ពួកគេត្រូវចងប្រដាប់ពាក់លើដើមទ្រូងដោយភ្ជាប់កងទៅនឹងកងរបស់អាវអេផូដចងដោយខ្សែពណ៌ស្វាយ ដើម្បីវាអាចភ្ជាប់ប្រដាប់ពាក់លើដើមទ្រូង ស្ថិតនៅលើខ្សែក្រវាត់។ ធ្វើបែបនេះ ដើម្បីឲ្យប្រដាប់ពាក់លើដើមទ្រូងអាចរបូតពីអាវអេផូដឡើយ។ 29 បន្ទាប់មក លោកអ៊ើរ៉ុនត្រូវចូលទៅក្នុងទីបរិសុទ្ធបំផុត គាត់ត្រូវយកឈ្មោះជនជាតិអ៊ីស្រាអែលដែលឆ្លាក់នៅលើដួងចិត្តរបស់គាត់គឺនៅលើប្រដាប់ពាក់លើដើមទ្រូង ដើម្បីវិនិច្ឆ័យ ដើម្បីបន្តរំលឹកនៅចំពោះព្រះអម្ចាស់។ 30 អ្នកត្រូវ​ដាក់​យូរីម និង​ធូមីម ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​ សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ដួងចិត្ត​អើរ៉ុន​ជានិច្ច នៅ​ពេល​គាត់​ចូល​មក​រក​ព្រះអម្ចាស់។ ដូច្នេះ អើរ៉ុន​ត្រូវ​ពាក់​គ្រឿង​សម្រាប់​វិនិច្ឆ័យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជាប់​នឹង​ដួងចិត្តរបស់គាត់នៅចំពោះព្រះអម្ចាស់ជានិច្ច។ 31 អ្នកត្រូវធ្វើអាវអេផូដមួយវែងដែលមានពណ៌ស្វាយ។ ត្រូវបើកប្រឡោះសម្រាប់ក្បាល ហើយនិង​ប្រឡោះ​មួយ​ចំ​កណ្ដាល​។ 32 ត្រូវ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​រហែក។ ការនេះត្រូវ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។ 33 នៅជាយខាងក្រោម អ្នកត្រូវធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំនៅជុំវិញ។ ត្រូវចងឆ្លាស់គ្នានឹងកណ្តឹងមាសនៅជុំវិញ។ 34 ត្រូវមានកណ្តឹងមាសមួយ និងផ្លែទទឹមមួយ កណ្តឹងមាសមួយ និងផ្លែទទឹមមួយនៅព័ទ្ធជុំវិញជាយខាងក្រោមអាវវែង។ 35 អាវវែងត្រូវពាក់លើអ៊ើរ៉ុន នៅពេលគាត់បម្រើ ដើម្បីឲ្យសម្លេងរបស់វាអាចឮ ពេលគាត់ចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះអម្ចាស់ និងពេលគាត់ចាកចេញ។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។ 36 អ្នកត្រូវធ្វើស្លាកមួយពីមាសសុទ្ធ ហើយឆ្លាក់លើវា ដូចជាត្រាមួយថា «វិសុទ្ធថ្វាយព្រះអម្ចាស់»។ 37 អ្នកត្រូវភ្ជាប់ស្លាកនេះជាមួយនឹងខ្សែពណ៌ខៀវភ្ជាប់នឹងឈ្នូតក្បាលផ្នែកខាងមុខ។ 38 ត្រូវពាក់វានៅលើក្បាលរបស់អ៊ើរ៉ុន គាត់ផ្ទុកបាបផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងតង្វាយបរិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់។ ឈ្នួតក្បាលត្រូវពាក់នៅពីលើក្បាលរបស់គាត់ជានិច្ច ដើម្បីឲ្យព្រះអម្ចាស់បានទទួលតង្វាយរបស់ពួកគេ។ 39 អ្នកត្រូវធ្វើអាវខ្លួនពីក្រណាត់ដ៏ល្អ ហើយអ្នកត្រូវធ្វើឈ្នូតក្បាលមួយពីក្រណាត់ដ៏ល្អដែរ។ អ្នកត្រូវធ្វើខ្សែក្រវាត់មួយដើម្បីពាក់ឈៀង។ 40 សម្រាប់កូនប្រុសៗរបស់អ៊ើរ៉ុនវិញ អ្នកត្រូវធ្វើអាវធំ ខ្សែ​ក្រវាត់ និង​ឈ្នួត​ក្បាល ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូរដល់ពួកគេ។ 41 អ្នកត្រូវស្លៀកពាក់ឲ្យលោកអ៊ើរ៉ុន បងប្រុសរបស់អ្នក ហើយនិងកូនប្រុសៗដែលនៅជាមួយគាត់។ អ្នកត្រូវចាក់ប្រេងលើពួកគេ​ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបម្រើយើងក្នុងមុខងារជាបូជាចារ្យ។ 42 អ្នកត្រូវធ្វើខោក្នុងពីអំបោះធ្មៃ ដើម្បីគ្របបាំងកេរ្តិ៍ខ្មាសរបស់ពួកគេ ខោក្នុងនោះ នឹងគ្របបាំងពីចង្កេះដល់ភ្លៅ។ 43 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលពួកគេចូលទៅក្នុងព្រះពន្លានៃត្រសាលប្រជុំ ឬនៅពេលពួកគេចូលទៅកន្លែងថ្វាយយញ្ញបូជានៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវធ្វើបែបនេះ ដើម្បីកុំឲ្យពួកគេធ្វើខុស ឬពួកគេមិនត្រូវស្លាប់ឡើយ។ នេះគឺជាច្បាស់ដែលសិ្ថតស្ថេររៀងរហូតតទៅ សម្រាប់លោកអ៊ើរ៉ុន និងពូជពង្សដែលនៅក្រោយគាត់។