ជំពូក ២៥

1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យយកតង្វាយមកថ្វាយដល់យើងពីមនុស្សគ្រប់គ្នា ដែលមានដួងចិត្តនៃការថ្វាយ។ អ្នកត្រូវទទួលតង្វាយនេះសម្រាប់យើង។ 3 ទាំងនេះជាតង្វាយដែលអ្នកត្រូវទទួលពីពួកគេ មានមាស ប្រាប់ និងលង្ហិន 4 ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និងពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក 5 ក្រណាត់​ធ្វើ​ពី​រោម​ពពែឈ្មោល ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន 6 ប្រេង​សម្រាប់​ដុត​បំភ្លឺទីសក្ការ ប្រេង​ក្រអូប​សម្រាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត 7 ត្បូង​មណី‌ជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សម្រាប់​ដាំ​នៅ​លើ​អាវ​អេផូដ និង​សម្រាប់​លំអ​ដើម​ទ្រូង​បូជា‌ចារ្យ។ 8 ចូរឲ្យពួក​គេ​សង់​ទីសក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។ 9 អ្នក​រាល់​គ្នា​ត្រូវ​ធ្វើវា ដូចដែលយើងបានបង្ហាញដល់អ្នករាល់គ្នានៅក្នុងផែនការ សម្រាប់សង់​ព្រះ‌ពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មានផង។ 10 ពួកគេត្រូវធ្វើហឹបមួយពីឈើនាងនួន។ ហឹប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។ 11 អ្នកស្រោបហឹបនោះទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅដោយ​មាស​សុទ្ធ ហើយអ្នកត្រូវធ្វើ​គែម​​មាសព័ទ្ធ​ជុំ‌វិញហឹបនោះ។ 12 អ្នកត្រូវ​ធ្វើ​កង​មាស​បួនសម្រាប់វា ហើយដាក់​ភ្ជាប់​ទៅ​នឹងជើង​ទាំង​បួន ជាមួយនឹងជើងនៅ​ម្ខាង​ពីរៗ។ 13 អ្នកត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោបវាដោយ​មាស​ផងដែរ។ 14 អ្នកត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហឹប ដើម្បី​សែង​ហឹប​នោះបាន។ 15 ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហឹប មិនត្រូវយកចេញពីវាឡើយ។ 16 អ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងបានឲ្យដល់អ្នកទៅក្នុងហឹបនោះ។ 17 អ្នកត្រូវធ្វើគម្របហឹបពីមាសសុទ្ធ។ ដែលបណ្តោយ​របស់វាពីរ​ហត្ថ​កន្លះ ហើយទទឹងរបស់វា​មួយ​ហត្ថ​កន្លះ ។ 18 អ្នកត្រូវធ្វើរូប​ចេរូប៊ីនពីរមាសនៅចុងនៃគម្របទាំងសងខាង។ 19 ចូរធ្វើរូប​ចេរូប៊ីនមួយនៅចុងម្ខាងនៃគម្របហឹប ហើយរូបចេរូប៊ិនមួយទៀតនៅចុងគម្របហឹបម្ខាងទៀត។ ត្រូវភ្ជាប់ចេរូប៊ិននេះនៅលើគម្របហឹបទាំងសងខាង។ 20 រូបចេរូប៊ិនត្រូវត្រដាងស្លាប ហើយត្រូវដាក់ទល់មុខគ្នា ព្រមទាំងត្រដាងស្លាបគ្របពីលើគម្របហឹបថែមទៀតផង។ មុខរបស់រូបចេរូប៊ិនត្រូវដាក់ទល់មុខគ្នា ហើយឈ្ងោងមុខនៅលើគម្របហឹបផង។ 21 អ្នកត្រូវដាក់គម្របនៃទីសន្តោសប្រោសពីលើហឹប ហើយអ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងឲ្យដល់អ្នកនៅក្នុងនោះ។ 22 យើងនឹងជួបអ្នកនៅកន្លែងហឹបនោះ។ យើងនឹងនិយាយជាមួយអ្នកពីកន្លែងនោះមកគឺពីលើគម្របនៃទីសន្តោសប្រោស។ នៅចំកណ្តាលចេរូប៊ិនទាំងពីរនៅលើហឹបនៃទីបន្ទាល់ដែលយើងនឹងនិយាយមកអ្នកពីសេចក្តីបង្គាប់គ្រប់យ៉ាង ដែលយើងនឹងប្រទានដល់ជនជាតិអ៊ីស្រាអែល។ 23 អ្នកត្រូវធ្វើតុមួយពីឈើនាងនួន។ ប្រវែងរបស់វាត្រូវមានបណ្តោយ​ពីរ​ហត្ថ ហើយទទឹងរបស់វា​មួយ​ហត្ថ ​និងកម្ពស់របស់វា​មួយ​ហត្ថ​កន្លះ។ 24 អ្នកត្រូវស្រោបវាជាមួយនឹងមាសសុទ្ធ ហើយធ្វើ​គែម​មាស​នៅ​ជុំ‌វិញផង។ 25 អ្នកត្រូវ​ធ្វើ​គែម​ព័ទ្ធជុំវិញតុ​កម្ពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ភ្ជាប់​នឹង​គែម​ព័ទ្ធ​ជុំ‌វិញ​ផង។ 26 អ្នកត្រូវ​ធ្វើ​កង​មាស​បួន​ ហើយ​ដាក់​ភ្ជាប់​កង​ទាំង​នោះ ទៅ​នឹង​ជ្រុង​ទាំង​បួន ត្រង់​ជើង​តុ​ទាំង​បួននោះផង។ 27 កង​ទាំង​នោះ​ត្រូវ​នៅ​ជាប់​គែម​តុ ដើម្បី​ឲ្យមានកន្លែងសម្រាប់ស៊ក​ឈើ​ស្នែង​ ដើម្បីឲ្យអាច​សែងបាន។ 28 អ្នកត្រូវធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបឈើនោះដោយមាស ដើម្បីប្រើស្នែងនោះសែងតុ។ 29 អ្នកត្រូវធ្វើចាន ស្លាបព្រា ក្អមនិងពែង ប្រើដើម្បីចាក់តង្វាយច្រូច។ 30 អ្នកត្រូវធ្វើរបស់ទាំងនេះពីមាសសុទ្ធ។ អ្នកត្រូវរៀបចំនំប៉័ងនៅលើតុនោះចំពោះយើងជាប្រចាំ។ 31 អ្នកត្រូវធ្វើជើងចង្កៀងមាសមានឆ្លាក់។ ជើងចង្កៀងគឺត្រូវធ្វើឲ្យមានក្បាច់រចនា នៅផ្នែកខាងក្រោម និងពីមាសសុទ្ធមួយដុំ។ មានពែង មានមែង និងមានផ្កា ទាំងអស់ធ្វើឡើងពីដុំតែមួយ។ 32 មានមែកប្រាំមួយ បែកចេញពីតួកណ្តាល ហើយមែកម្ខាងនៃជើងចង្កៀងមានបី ហើយម្ខាងទៀតក៏មានបីដែរ។ ហើយមែកនៃជើងចង្កៀងនោះញែកចេញពីគ្នា មានកន្លាក់ៗ ហើយមែកបីនៃជើងចង្កៀតម្ខាងទៀតក៏បែកចេញពីគ្នាដែរ។ 33 មែកទីមួយត្រូវមានពែងបី ធ្វើឲ្យដូចជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង ហើយ​មែក​ទាំង​ប្រាំមួយ​ដែល​បែក​ចេញ​ពីតួ​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មានរាងដូចជា​គ្រាប់​ចំបក់ដែរ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា ដូច​គ្នា​ទាំង​អស់លាតចេញមកពីជើងចង្កៀង។ 34 ចំណែក ជើងចង្កៀងវិញ ដងកណ្តាល ត្រូវមានពែងបួន ធ្វើឲ្យដូចជាគ្រាប់ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង។ 35 ត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅ​ក្រោម​មែកមួយគូដំបូង ត្រូវធ្វើវាពីដុំតែមួយ ហើយត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅក្រោមមែកគូទីពីរ ដែលមានមែកមួយគូទៀត ត្រូវធ្វើវាពីដុំតែមួយ។ ដូចគ្នានោះដែរ ត្រូមានកន្សោមគ្រាប់មួយនៅក្រោមបែកទីបីនៃមែកគូទីបី ត្រូវធ្វើវាពីដុំតែមួយ។ មែកទាំងប្រាំមួយនៃជើងចង្កៀងនោះត្រូវតែដូចគ្នាទាំងអស់។ 36 កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​ភ្ជាប់​ជា‌មួយ​គ្នា។ 37 អ្នកត្រូវធ្វើជើងចង្កៀង ហើយមានចង្កៀងប្រាំពីរ ព្រមទាំងរៀបចំចង្កៀង ដើម្បីឲ្យមានពន្លឺចេញពីវា។ 38 ឃ្នាប​ប្រឆេះ និង​ថាស​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ 39 ត្រូវ​យក​មាស​សុទ្ធ​មួយ​ហាប មក​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​ទាំង​អស់​របស់វា។ 40 ត្រូវ​ប្រយ័ត្ន​ធ្វើ​វាឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ​ដែល​បាន​បង្ហាញ​ដល់អ្នក​នៅ​លើ​ភ្នំ។