ជំពូក ១១

1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នៅមានគ្រោះកាចមួយទៀត ដែលយើងនឹងនាំមកលើស្តេចផារ៉ោន និងស្រុកអេស៊ីប។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកចេញពីទីនេះហើយ។ នៅពេលស្តេចអនុញ្ញាតឲ្យអ្នកចេញហើយ ស្តេចនឹងបណ្ដេញអ្នកឲ្យចេញទាំងអស់។ 2 ចូរបង្គាប់ទៅពួកប្រុសៗ និងស្រីៗទាំងអស់ឲ្យសូមគ្រឿងប្រាក់ និងគ្រឿងមាស ពីអ្នកជិតខាងរបស់ពួកគេ»។ 3 ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ លើសពីនេះ លោក​ម៉ូសេ​ជា​មនុស្សដ៏​សំខាន់​នៅ​ចំពោះ​ពួក​​មន្ត្រី​របស់​ស្តេចផារ៉ោន និង​នៅ​ចំ​ពោះ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​អេស៊ីប។ 4 លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «នៅពាក់កណ្តាលយប់ យើងនឹងចេញទៅពាសពេញទឹកដីអេស៊ីប។ 5 កូនច្បងទាំងអស់ដែលនៅក្នុងទឹកដីរបស់អេស៊ីប នឹងត្រូវស្លាប់ គឺចាប់តាំងពីកូនច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់ស្រី្តបាវបម្រើដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន និង​​កូន​ច្បង​ក្នុង​ហ្វូង​សត្វទាំងអស់ថែម​ទៀត​ផង។ 6 បន្ទាប់មក ​នឹងមាន​ឮ​សូរ​សម្រែក​ទ្រហោ​យំនៅក្នុងទឹកដី​អេស៊ីប​ទាំង​មូល ចាប់តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន ហើយ​ទៅ​មុខ​ក៏មិនធ្លាប់មានដូច្នេះ​ដែរ។ 7 សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​ជនជាតិអ៊ីស្រាអែល ដាក់មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ បែបនេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​បានប្រព្រឹត្តនឹងជនជាតិអេស៊ីប និង​ជន‌ជាតិ​អ៊ីស្រា‌អែលផ្សេងគ្នា។ 8 ពួកមន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់ នឹងចូលមករកឃើញ ហើយលុតជង្គង់ចុះនៅចំពោះយើង។ ពួកគេនឹងនិយាយថា៖ «ចូរចេញទៅ ហើយមនុស្សទាំងអស់នឹងទៅជាមួយអ្នកដែរ!»។ បន្ទាប់ពីនោះ យើងនឹងចេញទៅ»។ បន្ទាប់មក គាត់ក៏ចេញពីស្តេចផារ៉ោនទាំងមានកំហឹងយ៉ាងខ្លាំង។ 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកទេ។ ការនេះកើតឡើងដូច្នេះ ដើម្បីយើងអាចនឹងធ្វើការអស្ចារ្យ នៅក្នុងទឹកដីអេស៊ីប»។ 10 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើទីសម្គាល់ទាំងអស់នេះ នៅចំពោះស្តេចផារ៉ោន។ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចទេ។