ជំពូក ១

1 ខ្ញុំ ប៉ូលជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ដោយសារជំនឿបានក្លាយជាប្រជារាស្រ្ត ដែលព្រះជាម្ចាស់បាន​ជ្រើស​រើស​ និង​ស្គាល់​​សេចក្ដី​ពិត និងជាអ្នកដែលព្រមទទួល​ការ​គោគោរពប្រតិបត្តិដល់​ព្រះអង្គ 2 ដោយជឿជាក់​ថា ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ហើយព្រះអង្គមិនកុហកសោះឡើយ និងបាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់។ 3 នៅ​ពេល​កំណត់ ព្រះអង្គ​បាន​បើកសម្តែង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ គឺថាព្រះអង្គបានទុកព្រះហឫទ័យលើខ្ញុំ ដើម្បីក្លាយជាអ្នកប្រកាសដំណឹងល្អ។ ខ្ញុំបានធ្វើការនេះតាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ 4 ជូនចំពោះលោកទីតុស​ជាកូនដ៏ពិតនៅក្នុងជំនឿរួមគ្នា។ សូមព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និងព្រះគ្រិស្ដ‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់យើងប្រទានព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។ 5 តាមរយៈគោលបំណងនេះ ខ្ញុំបាន​ទុក​អ្នករាល់គា្ន​ឲ្យ​នៅ​លើកោះ​ក្រែត ដើម្បីឲ្យអ្នកបានរៀបចំសណ្តាប់ធ្នាប់ ដែលមិនទាន់បានរៀបរយនៅឡើយ និងតែងតាំងពួកចាស់ទុំនៅតាមក្រុងទាំងអស់ ដូចដែលខ្ញុំបានបង្គាប់អ្នករួចហើយ។ 6 ចាស់ទុំ​ត្រូវ​តែជាអ្នក​ដែល​គ្មាន​​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ដែលមានជំនឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា​ជា​មនុស្សទុច្ចរិត និង​គ្មានសីលធម៌នោះទេ។ 7 ជាការចាំបាច់ណាស់​សម្រាប់អ្នកមើលការខុសត្រូវ ក្នុងនាមអ្នកគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់ ត្រូវតែជាមនុស្សដែលគ្មានកំហុស។ គាត់មិនត្រូវវាយប្ញកក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬជាមនុស្សលោភលន់ឡើយ។ 8 ផ្ទុយទៅវិញ គាត់គួរតែជាមនុស្សចៅរ៉ៅរាក់ទាក់​ ស្រឡាញ់​ការ​ល្អ។​ គាត់ជាមនុស្សដឹង​ខុសត្រូវ សុចរិត បរិសុទ្ធ​ និងចេះគ្រប់គ្រងខ្លួនឯង។ 9 គាត់គួរតែប្រកាន់ភ្ជាប់តាមព្រះបន្ទូលដ៏ពិត ដែលបានបង្រៀនរួចហើយ ដូច្នេះហើយ គាត់អាចមានសមត្ថភាពលើកទឹកចិត្តអ្នកដ៏ទៃ​ តាមសេចក្តីបង្រៀនត្រឹមត្រូវ និងអាចកែតម្រង់អ្នកដែលជំទាស់នឹងគាត់វិញ។ 10 ដ្បិត មនុស្សជាច្រើនជាអ្នកបះបោរ ជាពិសេសគឺអ្នកដែលបានកាត់ស្បែក រីឯពាក្យរបស់ពួកគេគឺឥតប្រយោជន៏ ពួកគេបោកបញ្ឆោតហើយដឹកនាំមនុស្សឲ្យដើរផ្លូវខុស។ 11 យើងចាំបាច់ត្រូវបញ្ឍប់ពួកគេ។ ពួកគេបង្រៀននូវអ្វីដែលមិនគប្បីបង្រៀន ដើម្បីយកកម្រៃដោយគ្មានភាពអៀនខ្មាស់ និងធ្វើឲ្យមានការបែកបាក់ក្នុងគ្រួសារជាច្រើន ។ 12 មានម្នាក់នៅក្នុងចំណោមមពួកគេ ដែលជាព្យាការីបានពោលថា៖ «អ្នកស្រុកក្រែតសុទ្ធតែជាអ្នកកុហក ហើយជាមនុស្សអាក្រក់ជាសត្វតិរច្ឆាន​ និងជាមនុស្សកម្ជិលដែលល្មោភសុី។ 13 ពាក្យនេះពិតណាស់ ដូច្នេះហើយ ត្រូវកែតម្រូវពួកគេយ៉ាងតឹងរឹង ដើម្បីឲ្យពួកគេមានជំនឿកាន់តែរឹងមាំឡើង។ 14 កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា ឬបទបញ្ជារបស់ពួកអ្នកដែលបោកបញ្ឆោតពីសេចក្តីពិត។ 15 ចំពោះអ្នកដែលបរិសុទ្ធ នោះអ្វីៗសុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មងនិងមិនជឿ នោះអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់ពួកគេសុទ្ធតែសៅហ្មង។ 16 ពួកគេអះអាងថា គេស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ ពួកគេបែរជាបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្តរបស់ពួកគេទៅវិញ។ ពួកគេសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយជាមនុស្សដែលមិន​ស្ដាប់​បង្គាប់​ និងមិនអាចប្រព្រឹត្តអំពេើល្អបានឡើយ។