1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត បានហៅឲ្យធ្វើជាសាវ័ក ហើយបានញែកខ្ញុំដោយឡែកសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់។ 2 នេះគឺជាដំណឹងល្អ ដែលព្រះបានសន្យាតាមរយៈព្យាការីរបស់ព្រះអង្គនៅក្នុងបទគម្ពីរដ៏វិសុទ្ធ។ 3 អំពីព្រះបុត្រារបស់ព្រះអង្គ ដែលបានប្រសូតពីពូជពង្សរបស់ព្រះបាទដាវីឌ។ 4 ដោយសារការរស់ពីសុគតឡើងវិញ ព្រះអង្គបានប្រកាសថា ជាព្រះបុត្រានៃព្រះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ថាព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ 5 ដោយសារព្រះអង្គ យើងបានទទួលព្រះគុណ និងភាពជាសិស្សសម្រាប់អ្នកដែលស្តាប់បង្គាប់ដោយជំនឿនៅក្នុងចំណោមប្រជាជាតិ ដោយសារព្រះនាមព្រះអង្គ។ 6 នៅក្នុងចំណោមប្រជាជាតិទាំងនោះ បងប្អូនក៏បានត្រាស់ហៅដើម្បីឲ្យបានធ្វើជាកម្មសិទ្ធិរបស់ព្រះយេស៊ូគ្រិស្ត។ 7 ខ្ញុំផ្ញើសំបុត្រនេះទៅកាន់បងប្អូនទាំងអស់ដែលនៅក្នុងក្រុងរ៉ូម ដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ជាអ្នកដែលព្រះជាម្ចាស់បានហៅឲ្យបានត្រឡប់ជាប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះជាម្ចាស់ជាព្រះបិតា និងពីព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាប់ជាមួយអ្នករាល់គ្នា។ 8 ជាដំបូង ខ្ញុំអរគុណដល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តសម្រាប់អ្នកទាំងអស់គ្នា ដោយសារជំនឿរបស់អ្នករាល់គ្នាបានប្រកាសពេញពិភពលោកទាំងមូល។ 9 ដោយសារព្រះអង្គជាទីបន្ទាល់របស់ខ្ញុំ ដែលខ្ញុំបម្រើខាងវិញ្ញាណ នៅក្នុងដំណឹងល្អនៃបុត្រារបស់ព្រះអង្គ ដែលខ្ញុំបានដំណាលប្រាប់អ្នករាល់គ្នាជាបន្តបន្ទាប់។ 10 ខ្ញុំតែងតែទូលសូមដល់ព្រះអង្គជានិច្ចនៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ តាមវិធីណាក៏ដោយ យ៉ាងហោចណាស់ គឺខ្ញុំចង់ទៅជួបអ្នករាល់គ្នា ប្រសិនបើ ព្រះសព្វព្រះហឫទ័យ។ 11 ខ្ញុំចង់ជួបអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចផ្តល់អំណោយទានខាងវិញ្ញាណខ្លះចម្រើនកម្លាំងដល់អ្នករាល់គ្នា។ 12 ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានទទួលការលើកទឹកចិត្តនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈជំនឿរវាងគ្នានឹងគ្នា ជំនឿរបស់អ្នករាល់គ្នា និងខ្ញុំដែរ។ 13 ឥឡូវនេះ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាដឹង ថា ខ្ញុំតែងតែមានបំណងចិត្តចង់មករកអ្នករាល់គ្នា (ប៉ុន្តែ មានអ្វីមួយរារាំងខ្ញុំរហូតមកដល់ពេលនេះ) ដើម្បីកុំឲ្យខ្ញុំអាចប្រមូលផលនៅក្នុងចំណោមអ្នករាល់គ្នាបាន ដូចដែលខ្ញុំធ្លាប់ធ្វើនៅក្នុងចំណោមសាសន៍ដទៃ។ 14 ខ្ញុំជាប់ជំពាក់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់។ 15 ដូច្នេះ សម្រាប់ខ្ញុំ គឺខ្ញុំត្រៀមរួចរាល់នឹងប្រកាសដំណឹងល្អដល់អ្នករាល់គ្នាទាំងអ្នកនៅក្រុងរ៉ូមដែរ។ 16 ដ្បិតខ្ញុំមិនខ្មាសដោយព្រោះដំណឹងល្អឡើយ ព្រោះដំណឹងល្អគឺជាព្រះចេស្តានៃព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សគ្រប់គ្នាដែលជឿ ដំបូងសាសន៍យូដា ហើយនិងសាសន៍ក្រិក។ 17 នៅក្នុងដំណឹងល្អនោះ គឺសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បានបើកសម្តែងពីជំនឿទៅកាន់ជឿ ដូចជាសេចក្តីដែលបានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់នៅដោយជំនឿ»។ 18 ពីព្រោះព្រះពិរោធរបស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌ទាស់នឹងមនុស្សដែលមិនគោរពប្រត្តិបត្តិដល់ព្រះអង្គ និងមនុស្សទុច្ចរិត ដោយសារអំពើអាក្រក់ ហើយបានលាក់សេចក្តីពិត។ 19 នេះគឺដោយសារព្រះជាម្ចាស់បានបើកសម្តែងឲ្យពួកគេបានដឹង។ 20 គុណសម្បត្តិរបស់ព្រះអង្គដែលយើងមើលមិនឃើញ ដូចជាអំណាច និងសណ្ឋានជាព្រះរបស់ព្រះអង្គដែលបានឃើញតាំងពីដំបូងមក គឺតាំងពីកំណើតលោកីយ៍ និងនៅក្នុងអ្វីៗទាំងអស់ដែលបានបង្កើតមកម្ល៉េះ។ ដូច្នេះពួកគេមិនអាចដោះសារបានទេ។ 21 សូម្បីតែពួកគេបានស្គាល់ព្រះជាម្ចាស់ហើយក្តី ប៉ុន្តែ ពួកគេមិនបានថ្វាយសិរីល្អដល់ព្រះអង្គឲ្យដូចជាព្រះទេ ឬពួកគេមិនបានអរព្រះគុណដល់ព្រះអង្គទេ។ ផ្ទុយទៅវិញ ពួកគេបានត្រឡប់ទៅជាល្ងង់ខ្លៅនៅក្នុងគំនិតរបស់ពួកគេ និងមនសិការនៅក្នុងចិត្តរបស់ពួកគេបានងងឹតទៅ។ 22 ពួកគេគិតថាពួកគេជាមនុស្សឆ្លាត ប៉ុន្តែ ពួកគេគឺជាមនុស្សល្ងង់វិញ។ 23 ពួកគេបានប្តូរសិរីល្អនៃព្រះដែលមិនចេះពុករលួយទៅដូចជារូបចម្លាក់មនុស្ស បក្សាបក្សី សត្វជើងបួន និងសត្វលូនវាដែលពុករលួយទៅវិញ។ 24 ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងចិត្តស្រើបស្រាលដែលស្រែកឃ្លានភាពមិនស្អាត ហើយរូបកាយរបស់ពួកគេត្រូវបានទទួលការមើលងាយនៅក្នុងចំណោមពួកគេទៅវិញ។ 25 ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។ 26 ដោយហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រគល់ពួកគេឲ្យទៅតាមតុណ្ហាថោកទាប ពួកគេបានប្តូរទំនាក់ទំនងបែបធម្មជាតិ ទៅរបៀបដែលខុសពីធម្មជាតិវិញគឺស្រីស្រឡាញ់ស្រី។ 27 ដូចគ្នាដែរ បុរសក៏បោះបង់ចោលទំនាក់ទំនងបែបធម្មជាតិចោលដែរ លែងស្រឡាញ់ស្រី បែរជាមានការស្រើបស្រាលជាមួយប្រុសគ្នាឯងទៅវិញ។ ពួកគេបានប្រព្រឹត្តបែបនេះ ដោយគ្មានអាម៉ាស់ ហើយពួកគេនឹងបានទទួលការដាក់ទោសសមនឹងអំពើដែលពួកគេបានប្រព្រឹត្តដែរ។ 28 ដោយសារតែពួកគេមិនបានបង្ហាញថាមានព្រះជាម្ចាស់ នៅក្នុងការយល់ដឹងរបស់ពួកគេ ពួកគេបានបណ្តោយខ្លួនទៅតាមគំនិតអាក្រក់របស់ពួកគេ ព្រោះពួកគេធ្វើអ្វីដែលមិនត្រឹមត្រូវ។ 29 ពួកគេបានពោពេញទៅដោយអំពើទុច្ចរិត អំពើអាក្រក់ និងការលោភលន់ និងព្យាបាទគ្រប់យ៉ាង។ ពួូកគេពេញដោយការច្រណែន សម្លាប់ ឈ្លោះប្រកែក និងបោកប្រាស ហើយមានដួងចិត្តក្នុងការធ្វើការអាក្រក់។ 30 ពួកគេនិយាយដើមគ្នា និយាយមួលបង្គាច់គ្នា ហើយជាអ្នកស្អប់ព្រះជាម្ចាស់ថែមទៀតផង។ ពួកគេប្រើអំពើហិង្សា មានភាពក្រអឺតក្រទម និងពេញដោយអំនួត។ ពួកគេបង្កើតឲ្យមានការអាក្រក់ផ្សេងៗ ហើយពួកគេមិនស្តាប់បង្គាប់ឪពុកម្តាយ។ 31 ពួកគេគ្មានការយល់ដឹង ពួកគេជាមនុស្សដែលមិនអាចទុកចិត្តបាន គ្មានសេចក្តីស្រឡាញ់ដូចមនុស្សធម្មតា ហើយគ្មានមេត្តាថែមទៀតផង។ 32 ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។