ជំពូក ១

1 ខ្ញុំ ប៉ូល និងធីម៉ូថេ គឺជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ សូម​ជម្រាប​មក​ដល់​អស់អ្នកដែល​បានញែកសម្រាប់ព្រះគ្រិស្ដ‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អ្នកដឹកនាំ និង​អ្នកបម្រើទាំងអស់។ 2 សូម​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​បានផ្តល់ដល់​បងប្អូន មកពីព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ។ 3 ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច នៅពេលខ្ញុំ​នឹក​គិត​ដល់​បងប្អូន 4 ខ្ញុំ​តែងតែអធិស្ឋានសម្រាប់បងប្អូន​ដោយ​ចិត្ត​រីក‌រាយ​ ដែលខ្ញុំបានទូលអង្វរ។ ​ 5 ខ្ញុំអរគុណដល់ព្រះជាម្ចាស់ សម្រាប់បងប្អូនដែលបានរួមចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មកដល់សព្វ​ថ្ងៃ។ 6 ខ្ញុំ​ជឿ​ជាក់​ថា ក្នុងគ្រប់ការទាំងអស់ ដែលព្រះជាម្ចាស់បានផ្តើមការល្អនៅក្នុងបងប្អូន នោះព្រះអង្គនឹងបង្ហើយ រហូតដល់ថ្ងៃព្រះយេស៊ូគ្រិស្តយាងមក។ 7 ជាការត្រឹមត្រូវណាស់ ដែលខ្ញុំមានអារម្មណ៍បែបនេះជាមួយបងប្អូនទាំងអស់គ្នា ដោយសារតែបងប្អូនស្ថិតនៅក្នុងដួងចិត្តរបស់ខ្ញុំ។ បងប្អូនទាំងអស់គ្នាក្លាយជាគូកនរបស់ខ្ញុំ ដោយព្រះគុណរួមទាំងពេលដែលខ្ញុំនៅជាប់ឃុំឃាំង ហើយដើម្បីការពារ និងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ 8 ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ដ‌យេស៊ូ។ 9 នេះជាពាក្យ​អធិស្ឋានរបស់ខ្ញុំ​ ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់។ 10 និងសូម​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក បងប្អូន​នឹង​បានវិសុទ្ធ គ្មានកំហុសអ្វីឡើយ។ 11 ហើយសូមឲ្យ​បងប្អូន​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ដ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង និង​សរសើរតម្កើង​ព្រះ‌ជាម្ចាស់។ 12 បងប្អូនអើយ ឥឡូវខ្ញុំចង់ប្រាប់ឲ្យបានដឹងថា អ្វីដែលបានកើតឡើងដល់រូបខ្ញុំក្នុងការបម្រើនោះ ដើម្បីចំណេញសម្រាប់ដំណឹងល្អវិញ។ 13 ការនេះបានឃើញយ៉ាងច្បាស់ នៅពេលដែលខ្ញុំជាប់ឃុំឃាំងព្រោះព្រះគ្រិស្តដូចជាពន្លឺដែលភ្លឺឲ្យទាំងអ្នកយាមព្រះរាជវាំង និងមនុស្សគ្រប់គ្នាបានឃើញផងដែរ។ 14 ដោយ​សារតែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នេះហើយ បងប្អូន​ភាគ​ច្រើន​បានទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​ពួកគេក៏បានការលើកទឹក​ចិត្ត​ក្លាហាន ក្នុងការ​ប្រកាស​ព្រះ‌បន្ទូលរបស់ព្រះ ដោយឥត្ខ្លាច​ឡើយ។ 15 មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ថ្លែងព្រះបន្ទូលដោយ​មានបំណងល្អ។ 16 ក្រោយមក ពួកគេធ្វើដោយចេញពីក្តីស្រឡាញ់ និងដឹង​ថា​ព្រះ‌អម្ចាស់​បាន​ដាក់ខ្ញុំកន្លែងនេះ ​ដើម្បី​ការពារ​ដំណឹង‌ល្អ។ 17 ប៉ុន្តែ ​អ្នក​ដែល​ផ្សាយ​ដំណឹងពីមុន​អំពី​ព្រះ‌គ្រិស្ដ ដើម្បីធ្វើដោយគំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​ល្អ។​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា ​ក្នុង​ពេលដែលខ្ញុំជាប់ឃុំ‌ឃាំង​។ 18 តើហេតុអ្វីទៅ? ទោះ​ជា​វិធី​ណា​ក៏​ដោយ បើ​ទោះជាគេសម្តែង​ក្ដី ឬស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ​ដែរ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​អំពី​ការនេះ 19 ដ្បិត ​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បងប្អូន​អធិស្ឋានទៅ​សម្រាប់​ខ្ញុំ ហើយ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ដល់ខ្ញុំផងដែរ។ 20 វាអាស្រ័យលើការទន្ទឹងរង់ចាំ និងយក​ចិត្តទុកដាក់របស់ខ្ញុំ ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹងមិន​ត្រូវ​អាម៉ាស់​មុខឡើយ។ ហើយនេះគឺជាមូលហេតុ ដែលខ្ញុំ​នៅ​តែ​មាន​ចិត្ត​អង់អាច ឥត​រង្គើ ទោះ‌បី​ជាខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។ 21 សម្រាប់​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ហើយ​បើ​ស្លាប់ នោះបានជាកម្រៃវិញ។ 22 ប៉ុន្តែ បើ​ខ្ញុំ​រស់​ខាងឯសាច់ឈាម​ទៀតនោះ ដូច្នេះ មានន័យថា អ្វីដែលខ្ញុំធ្វើនឹង​បាន​ផល។ ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយទេ? ខ្ញុំ​ពិតជាមិនដឹង​មែន។ 23 សម្រាប់ខ្ញុំពិតជារារែករវាងការទាំងពីរនោះ។ ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រិស្ដ នោះ​គឺជាការប្រសើរ​ជាង​ 24 ហើយបើ​ខ្ញុំ​នៅ​រស់​ក្នុង​សាច់ឈាមនេះទៀតនោះ​ជា​ប្រយោជន៍​​សម្រាប់​បងប្អូនវិញ។ 25 ខ្ញុំ​ជឿ​ជាក់ដូច្នេះ ដោយ​ដឹង​ថា ខ្ញុំ​នឹង​បន្តរស់នៅ ហើយ​ស្នាក់​នៅ​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​បាន​លូតលាស់​ឡើង ហើយ​មាន​អំណរ​នៅក្នុងជំនឿ។ 26 ដ្បិត នៅក្នុងខ្ញុំ​បងប្អូនរីកចម្រើន​ថែម​ទៀត ​រួម​ជា​មួយ​ព្រះគ្រិស្ដ‌យេស៊ូ ក្នុង​ពេល​ដែល​ខ្ញុំ​ត្រឡប់​មកវិញ​ជួប​បងប្អូនម្តងទៀត​។ 27 សូម​បងប្អូន​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​សមរម្យ សម្រាប់​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ​ ដូច្នេះ ទោះបីជា​ខ្ញុំ​មកវិញ ឬមិនបានមកជួបបងប្អូនវិញ​ក្ដី នោះ​ខ្ញុំ​តែងតែឮដំណឹង ពីការដែលបងប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អ ​ផងដែរ។ 28 សូមបងប្អូនកុំភ័យខ្លាយ ​នឹង​ពួក​ដែលជាសត្រូវ ហើយទាស់​នឹងប្រការ​ណា​មួយ​ឡើយ។ នេះជាសញ្ញាបញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បងប្អូន​វិញ ​នឹង​ទទួល​ការ​សង្គ្រោះ ហើយការ​នេះ​កើត​​ពី​ព្រះ‌ជាម្ចាស់មក។ 29 ដ្បិត ​ព្រះអង្គ​ប្រណី‌សន្ដោស​បងប្អូន​ឲ្យ​បម្រើ​ព្រះ‌គ្រិស្ដ ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ រួម​ទាំង​រង​ទុក្ខ​លំបាករួមជាមួយ​ព្រះអង្គ​ទៀត​ដែរ 30 បងប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បងប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បងប្អូន​ឮ​ថា​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។