ជំពូក ១

1 នេះ​ជា​ពាក្យ​របស់​លោក​នេហេមា៖ ជា​កូនរបស់​លោក​ហាកាលា នៅ​ខែ​មិគ្គសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ គឺ​ពេល​ដែល​ខ្ញុំស្ថិត​នៅ​ក្នុងកំផែងក្រុង​ស៊ូសាន 2 នោះ​មាន​បង‌ប្អូន​ខ្ញុំ​ម្នាក់ ឈ្មោះ​ហាណានី និង​អ្នក​ខ្លះ​ទៀត​បាន​មក​ពី​​យូដា ហើយ​ខ្ញុំ​សួរ​ពួក‌គេ​ពី​ដំណើរ​ពួក​យូដា​ដែល​បាន​ភៀស​ខ្លួន គឺ​ពួក​អ្នក​ដែល​នៅ​រួច​ជីវិតរស់ ចេញ​ពី​ការ​ជាប់​ជា​ឈ្លើយ និង​ពី​ក្រុង​យេរូ‌សាឡិម​ផងដែរ។ 3 ពួកគេ​បាននិយាយមក​ខ្ញុំ​ថា៖ «ពួក​អ្នក​ដែលនៅតាម​​ខេត្ត​នោះ គឺ​ពួក​អ្នក​ដែល​រួច​ជីវិត ​ពី​ការ​ជាប់​ទោស ដែលកំពុង​រង​ទុក្ខ​វេទនា និង​ក្ដី​អាម៉ាស់​ជា​ខ្លាំង ដោយសារ​កំផែង​ក្រុង​យេរូ‌សាឡិម ​ក៏​ត្រូវ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​បាន​គេ​ដុតបំផ្លាញ​»។ 4 កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយសោកសៅ​ ​អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ទាំង​តម​អាហារ ហើយ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌។ 5 ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​ស្រលាញ់ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ។ 6 សូម​ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌ ហើយ​បើក​ព្រះ‌នេត្រ ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ឥឡូវ​នេះ ទូល​បង្គំ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរប្រជា‌ជន​អុីស្រា‌អែល ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដោយ​លន់‌តួ​អំពើបាប​របស់​ប្រជា‌ជន​អុីស្រា‌អែល ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ 7 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ព្រះ‌អង្គ​យ៉ាងអា‌ក្រក់​ជា​ខ្លាំង ហើយយើង ឥត​កាន់​តាម​បទ​បញ្ជា ច្បាប់ បញ្ញត្តិ​ដែល​ព្រះ‌អង្គ នឹងសេចក្តីបង្គាប់​នៃព្រះអង្គ តាមរយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​។ 8 សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជនជាតិ​​ទាំង​ឡាយ 9 តែ​បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​យើងវិញ ហើយ​កាន់ និង​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​យើង នោះ​ទោះ​បើ​ពួក​និរទេស​របស់​អ្នក​បាន​ខ្ចាត់‌ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ ក៏​យើង​នឹង​ប្រមូល​គេ​ពីទី​នោះ ហើយ​នាំ​គេ​មក​ឯ​កន្លែង​ដែល​យើង​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​តាំង​ជាប់​នៅទី​នោះ។ 10 ឥឡូវនេះពួកគេគឺ​ជា​អ្នកបម្រើ និងប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ 11 ព្រះអម្ចាស់អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។