1 នេះជាដំណើរចាប់ផ្តើមអំពីដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ 2 ដូចបានកត់ត្រានៅក្នុងកណ្ឌគម្ពីរអេសាយដែលជាព្យាការីថា៖ «មើល៍ យើងបានចាត់អ្នកនាំសារមកចំពោះមុខអ្នករាល់គ្នា គឺជាម្នាក់ដែលនឹងរៀបចំផ្លូវសម្រាប់អ្នក។ 3 មានសំឡេងរបស់បុរសម្នាក់ស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងតម្រង់ផ្លូវថ្វាយព្រះអង្គចុះ»។ 4 លោកយ៉ូហានបានមកដើម្បីធ្វើការជ្រមុជទឹក នៅទីរហោស្ថាន ហើយបង្រៀនអំពីពិធីជ្រមុជទឹក និងអំពីការប្រែចិត្ត ដើម្បីទទួលការលើកលែងទោសឲ្យរួចពីបាប។ 5 អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡិមទាំងមូលនាំគ្នាចេញទៅរកលោក។ ពួកគេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងទន្លេយ័រដាន់។ 6 លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយហូបកណ្ដូប និងទឹកឃ្មុំ។ 7 គាត់បានប្រកាសថា៖ «ម្នាក់ដែលនឹងមកតាមក្រោយខ្ញុំ គឺជាអ្នកដែលមានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមសូម្បីឱនចុះ ដើម្បីស្រាយខ្សែស្បែកជើងថ្វាយព្រះអង្គផង។ 8 ខ្ញុំបានជ្រមុជអ្នករាល់គ្នាដោយទឹក តែព្រះជាម្ចាស់នឹងជ្រមុជអ្នកទាំងអស់គ្នា ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។ 9 ការនេះបានកើតឡើង ក្នុងពេលដែលព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ព្រះអង្គបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។ 10 នៅពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃបើកចំហ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប។ 11 មានសម្លេងចេញពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ត និងព្រះអង្គណាស់»។ 12 ក្រោយមក ព្រះវិញ្ញាណក៏នាំព្រះយេស៊ូទៅទីរហោស្ថាន។ 13 ព្រះអង្គគង់នៅទីរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ដើម្បីឲ្យសាតាំងបានល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយក៏មានពួកទេវតាបានបម្រើព្រះអង្គដែរ។ 14 ក្រោយពេល លោកយ៉ូហានត្រូវបានចាប់ខ្លួន ព្រះយេស៊ូបានយាងចូលទៅស្រុកកាលីឡេប្រកាសពីដំណឹងល្អរបស់ព្រះជាម្ចាស់ 15 ដោយមានបន្ទូលថា៖ «វេលាកំណត់បានមកដល់ហើយ ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏នៅជិតបង្កើយដែរ។ ចូរប្រែចិត្ត ហើយជឿនៅលើដំណឹងល្អចុះ»។ 16 នៅពេលព្រះយេស៊ូកំពុងយាងតាមសមុទ្រកាលីឡេ នោះព្រះអង្គបានទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ដែលកំពុងតែបង់សំណាញ់ទៅក្នុងសមុទ្រ ដ្បិត ពួកគេជាអ្នកនេសាទត្រី។ 17 ព្រះយេស៊ូបានមានបន្តូលទៅកាន់ពួកគេថា៖ «ចូរមក ហើយដើរតាមខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកជាអ្នកនេសាទមនុស្សវិញ»។ 18 ហើយរំពេចនោះ ពួកគេក៏លះចោលសំណាញ់ ហើយដើរតាមព្រះយេស៊ូទៅ។ 19 គ្រាដែលព្រះយេស៊ូបានយាងឆ្ងាយពីទីនោះបន្តិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានដែលត្រូវជាប្អូនរបស់គាត់ ពួកគេនៅក្នុងទូកកំពុងតែជួសជុលអួន អ្នកទាំងពីរជាកូនលោកសេបេដេ។ 20 ព្រះអង្គបានត្រាស់ហៅពួកគេ ពេលនោះពួកគេក៏លាចេញ ពីឪពុក លោកសេបេដេ ឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។ 21 បន្ទាប់មក នៅថ្ងៃសប្ប័ទ ពួកគេបានចូលក្រុងកាពើណិម ហើយព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន។ 22 ពួកគេមានការងឿងឆ្ងល់នឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិត ព្រះអង្គបង្រៀនពេញដោយអំណាច និងមិនដូចជាការបង្រៀនរបស់ពួកអាចារ្យទេ។ 23 នៅពេលនោះ មានបុរសម្នាក់ដែលនៅក្នុងសាលាប្រជុំរបស់ពួកគេ មានវិញ្ញាណអាក្រក់នៅស្រែកឡើងខ្លាំង 24 ដោយនិយាយថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ តើព្រះអង្គចង់ធ្វើអ្វីយើង ? តើព្រះអង្គមកបំផ្លាញយើងមែនទេ? ខ្ញុំស្គាល់ព្រះអង្គហើយ។ ព្រះអង្គជាព្រះដ៏បរិសុទ្ធដែលមកពីព្រះជាម្ចាស់»។ 25 ព្រះយេស៊ូបានបង្គាប់ទៅវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «ស្ងៀម ហើយចេញពីអ្នកនេះភ្លាម» 26 វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះដួលចុះ ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។ 27 មនុស្សគ្រប់គ្នាមានការអស្ចារ្យ ដូច្នេះពួកគេបានសួរគ្នាទៅវិញទៅមកថា៖ «តើការនេះគឺជាអ្វី? ជាការបង្រៀនថ្មី ជាមួយនឹងសិទ្ធិអំណាច? លោកបានបញ្ជាវិញ្ញាណអាក្រក់ ហើយវាស្តាប់បង្គាប់លោកទៀត 28 ដំណឹងអំពីព្រះយេស៊ូបានឮទៅដល់គ្រប់ទីកន្លែង ឮរហូតដល់តំបន់សំខាន់ៗរបស់ស្រុកកាលីឡេទៀតផង។ 29 ក្រោយចេញពីសាលាប្រជុំមក ពួកគេមកឯផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ 30 ខណៈនោះម្តាយក្មេករបស់លោកសីុម៉ូនបានដេកឈឺជាមួយអាការក្តៅខ្លួន ហើយពួកសិស្សបានមកប្រាប់ព្រះយេស៊ូអំពីជំងឺរបស់គាត់។ 31 ព្រះអង្គបានយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយគាត់បានចាប់ផ្តើមបម្រើពួកគេ។ 32 នៅល្ងាចនោះ បន្ទាប់ពីថ្ងៃលិច ពួកគេបាននាំអ្នកជំងឺ និងអ្នកដែលអារក្សចូលទាំងអស់មករកព្រះយេស៊ូ។ 33 អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារ។ 34 ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺផ្សេងៗឲ្យជា ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ព្រះអង្គ។ 35 ព្រះយេស៊ូតើនឡើង នៅពេលព្រឹកព្រលឹម កាលដែលងងឹតនៅឡើយ ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ដោយឡែក ហើយអធិស្ឋាននៅទីនោះ។ 36 លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ 37 ក្រោយពេលដែលពួកគេរកព្រះអង្គឃើញហើយ គេទូលថា៖ «គ្រប់គ្នាបានស្វែងរកលោកគ្រូ»។ 38 ព្រះយេស៊ូបានមានព្រះបន្ទូលថា៖ «យើងត្រូវនាំគ្នាទៅភូមិផ្សេងទៀតដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិត ខ្ញុំបានមក ដើម្បីបំពេញការនេះឯង»។ 39 ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមសាលាប្រជុំទាំងឡាយ ព្រមទាំងដេញអារក្សផង។ 40 មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះអង្គ គាត់លុតជង្គង់ចុះ ហើយទូលទៅព្រះអង្គថា៖ «បើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតផង»។ 41 ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតចុះ»។ 42 ខណៈនោះ ជំងឺឃ្លង់ក៏បានជា ហើយគាត់បានស្អាតឡើងវិញភ្លាម។ 43 ព្រះយេស៊ូបានដាស់តឿនដល់គាត់ហើយចាត់ឲ្យចេញទៅ។ ព្រះអង្គមានព្រះបន្ទូលថា៖ 44 «ចូរកុំនិយាយពីការនេះប្រាប់ឲ្យនរណាផ្សេងឡើយ តែចូរទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ រួចថ្វាយតង្វាយ ដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាទីបន្ទាល់បញ្ជាក់ថា អ្នកបានជាស្អាតមែន»។ 45 ប៉ុន្តែ បុរសនោះបានចេញទៅ ហើយចាប់់ផ្តើមប្រាប់រឿងនេះដល់គ្រប់គ្នានៅគ្រប់កន្លែងឲ្យបានដឹង ការនេះធ្វើឲ្យព្រះយេស៊ូមិនអាចយាងចូលទីក្រុងណាមួយដូចពីមុនទៀតឡើយ។ ដូច្នេះ ព្រះអង្គគង់នៅកន្លែងស្ងាត់ដោយឡែក ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមករកព្រះអង្គ។