ជំពូក ១

1 មានមនុស្សជាច្រើនខិតខំរៀបរាប់ហេតុការណ៍តាមលំដាប់លំដោយ ដែលបានសម្រេចក្នុងចំណោមយើងរាល់គ្នា 2 ដូចដែលពួកគេបានប្រគល់មកយើង​ និងបានឃើញផ្ទាល់នឹងភ្នែកតំាងពីដំបូងមក និងទទួលមុខងារជាអ្នកបម្រើព្រះបន្ទូល។ 3 ចំពោះខ្ញុំ​ពិនិត្យឃើញថាអ្វីៗល្អប្រសើរណាស់ ដោយដឹងថាត្រឹមត្រូវតាំងពីដើមរៀងមក ខ្ញុំបានកត់ត្រា​ទុក តាម​លំដាប់លំដោយ ផ្ញើ​មក​ជូនឯកឧត្តមថេវភីល។ 4 ​ដូច្នេះ បងប្អូននឹងស្គាល់សេចក្តីពិត ដែលខ្ញុំបានបង្រៀនដល់បងប្អូនរាល់គ្នា។ 5 នៅក្នុងរាជ្យព្រះបាទហេរ៉ូដជាស្តេចគ្រងរាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជាចារ្យ​មួយ​រូប ឈ្មោះ​លោកសាការី មកពី​ក្រុម​បូជាចារ្យ​អប៊ីយ៉ា។ ភរិយា​លោកឈ្មោះ​នាងអេលីសាបិតកើត​ក្នុង​ត្រកូលលោកអើរ៉ុន។ 6 អ្នក​ទាំង​ពីរ​ជា​មនុស្ស​សុចរិតចំពោះ​ព្រះជាម្ចាស់ ហើយគោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​ព្រះអម្ចាស់។ 7 ប៉ុន្តែ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ 8 ឥឡូវនេះ លោកសាការីកំពុងតែស្ថិតនៅក្នុងវត្តមានព្រះជាម្ចាស់ ដើម្បីបំពេញមុខងារជាបូជាចារ្យតាមវេនរបស់គាត់។ 9 យោងតាមទំនៀមទម្លាប់ គេជ្រើសរើសបូជាចារ្យដោយការចាប់ឆ្នោត ឲ្យដុតគ្រឿងក្រអូបក្នុងព្រះវិហារព្រះអម្ចាស់។ 10 មានមនុស្សច្រើនកុះករកំពុងតែអធិស្ឋាននៅខាងក្រៅព្រះវិហារ ពេលគាត់កំពុងតែដុតគ្រឿងក្រអូប។ 11 ឥឡូវនេះ ទេវតារបស់ព្រះអម្ចាស់ក៏បានលេចមក និងឈរនៅខាងស្តាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។​ 12 ពេលលោកសាការីឃើញទេវតា គាត់រន្ធត់ ហើយភ័យខ្លាចជាខ្លាំង។ 13 ប៉ុន្តែ ទេវតាមានប្រសាសន៍ទៅលោកថា៖ «កុំខ្លាចអី! លោកសាការីអើយ! ដ្បិតព្រះជាម្ចាស់ស្តាប់ឮពាក្យអធិស្ឋានរ​បស់លោកហើយ។ នាងអេលីសាបិតភរិយារបស់គាត់ នឹងបង្កើតបានកូនប្រុសមួយ។ លោកត្រូវតែដាក់ឈ្មោះកូននោះថា​​​ យ៉ូហាន។ 14 លោកនឹងមានអំណរសប្បាយ ហើយមនុស្សជាច្រើននឹងអបអរកំណើតរបស់កូននោះ។ 15 ដ្បិត កូននោះនឹងមានឋានៈប្រសើរ​ឧត្ដម នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ កូននោះមិនដែល​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ ហើយកូន​នោះ​នឹង​បាន​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មកមេ៉្លះ។ 16 មានប្រជាជនអ៊ីស្រាអែលជាច្រើននឹងបែរត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ។​ 17 កូននោះនឹងមកមុនព្រះអម្ចាស់ បានពេញដោយព្រះវិញ្ញាណ និងប្ញទ្ធានុភាពរបស់លោកអេលីយ៉ា។ កូននោះនឹងបង្វែរចិត្តឪពុកមក រកកូន ដូច្នេះ ពួកមិនស្តាប់បង្គាប់នឹងដើរតាមប្រាជ្ញារបស់មនុស្សសុចរិត គឺរៀបចំចិត្តប្រជារាស្រ្តមួយថ្វាយព្រះអម្ចាស់។ 18 លោកសាការីសួរទេវតាថា៖ «តើខ្ញុំដឹងការនេះបានយ៉ាងដូចម្តេច? ដ្បិត ខ្ញុំចាស់ណាស់ទៅហើយ ហើយភរិយាខ្ញុំក៏ចាស់ណាស់ដែរ»។ 19 ទេវតាឆ្លើយតបថា៖ «ខ្ញុំជាទេវតាកាព្រីយ៉ែល ដែលឈរនៅចំពោះវត្តមានព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបញ្ជូនខ្ញុំឲ្យនាំដំណឹងល្អនេះប្រាប់លោក។ 20 មើល៍! លោកនឹងក្លាយជាមនុស្សគ និយាយពុំកើត រហូតទាល់តែពេលកំណត់មកដល់។ ព្រោះតែលោកពុំជឿតាមពាក្យខ្ញុំ នោះលោកនឹងនិយាយកើតវិញ រហូតទាល់ពេលកំណត់បានសម្រេចមកដល់។ 21 ឥឡូវនេះ មនុស្សម្នាកំពុងតែរង់ចាំមើលលោកសាការី។ ពួកគេភ្ញាក់ផ្តើល ព្រោះគាត់បានចំណាយពេលយ៉ាងយូរនៅក្នុងព្រះវិហារ ដោយពុំដឹងមានរឿងអ្វីកើតឡើង។ 22 តែពេលគាត់ចេញមកវិញ គាត់ពុំអាចនិយាយដាក់គេកើត។ ពួកគេយល់ថា គាត់បានទទួលនិមិត្តមកពីព្រះជាម្ចាស់ ពេលគាត់នៅក្នុងព្រះវិហារ។ គាត់ព្យាយាមធ្វើសញ្ញាប្រាប់ពួកគេ ទាំងនិយាយមិនកើតដដែល។ 23 ក្រោយពេលបំពេញមុខងារដុតគ្រឿងក្រអូបរួច គាត់ក៏ត្រឡប់ទៅផ្ទះវិញ។ 24 ក្រោយមកទៀត នាងអេលីសាបិតជាភរិយាលោកមានផ្ទៃពោះប្រាំខែហើយ នាងនៅតែលាក់ខ្លួនដដែល។ នាងនិយាយថា៖ 25 «នេះជាកិច្ចការដែលព្រះអម្ចាស់បានធ្វើចំពោះនាងខ្ញុំ ពេលព្រះអង្គសម្លឹងមើលនាងខ្ញុំទាំងគាប់ព្រះហប្ញទ័យ ហើយបានដកសេចក្តីអាម៉ាស់ចេញពីនាងខ្ញុំ នៅចំពោះមនុស្សម្នាទាំងឡាយ»។ 26 ក្នុងពេលប្រាំមួយខែ ព្រះជាម្ចាស់បានចាត់បញ្ជូនទេវតាកាព្រីយ៉ែល ទៅភូមិមួយឈ្មោះណាសារ៉ែតក្នុងស្រុកកាលីឡេ 27 ដើម្បីទៅជួបស្រ្តីក្រមុំព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួួយកំលោះយ៉ូសែប។ លោកជាញាតិវង្សនឹងព្រះបាទដាវីឌ ហើយស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។ 28 ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ ហើយ​ពោល​ថា៖ «ជម្រាបសួរ!​ ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ 29 តែនាង​រន្ធត់​យ៉ាង​ខ្លាំងដោយសារពាក្យនេះ ហើយនាងឆ្ងល់ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? 30 ទេវតាក៏ពោលទៅនាងថា៖​ «កុំខ្លាចអី! ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងណាស់។ 31 មើល! នាងនឹងមានគ៌ក ហើយសម្រាលបានបុត្រាមួយ។ នាងត្រូវដាក់ឈ្មោះបុត្រនោះថា «យេស៊ូ»។ 32 បុត្រានោះនឹងមានឋានៈប្រសើរឧត្តម ហើយត្រូវថ្វាយព្រះនាមថា ព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។ ព្រះជាម្ចាស់នឹងប្រទានបល្ល័ង្កនៃព្រះបាទដាវីឌជាអយ្យកោរបស់ព្រះអង្គដល់ព្រះអង្គ។​ 33 ព្រះអង្គនឹងគ្រងរាជ្យដំណាក់របស់លោកយ៉ាកុបជាដរាបតទៅ ហើយរាជ្យរបស់ព្រះអង្គនឹងស្ថិតស្ថេរអស់កល្បជានិច្ច។ 34 នាងម៉ារីសួរទៅទេវតាថា៖ «ធ្វើដូចម្តេចឲ្យការនេះសម្រេចបាន ដ្បិត នាងខ្ញុំពុំបានរួមរស់ជាមួយបុរសណាផង?» 35 ទេវតាក៏ឆ្លើយតបមកនាងថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត នឹងមកគ្របបាំងលើនាង។ ដូច្នេះ ព្រះបុត្រាដ៏វិសុទ្ធនឹងត្រូវប្រសូតមក ហើយថ្វាយព្រះនាមថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់។​ 36 មើល នាងអេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះ នៅក្នុងវ័យចាស់ផងដែរ។ នាងមានផ្ទៃពោះប្រាំមួួយខែហើយ ដ្បិតពីមុននាងត្រូវគេហៅថាជាស្រ្តីអារ។ 37 ដ្បិត គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។ 38 នាងម៉ារីនិយាយថា៖ «មើល! នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សុំឲ្យការនេះ​បានសម្រេចដូចជាពាក្យទេវតាបានប្រាប់ចុះ»។ បន្ទាប់មកទេវតាក៏ចាកចេញពីនាងទៅ។ 39 នាងម៉ារីក៏ប្រញាប់ក្រោកឡើង រួចធ្វើដំណើរទៅភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40 នាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី និងជម្រាបសួរនាងអេលីសាបិត។ 41 ឥឡូវនេះ ពេលនាងអេលីសាបិតបានឮនាងម៉ារីជម្រាបសួរដូច្នេះ ទារកនៅក្នុងផ្ទៃក៏រើបម្រាស់ឡើង នាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ 42 នាងបន្លឺសំឡេងឡើងខ្លាំងៗថា៖ «នាងជាស្រ្តីមានពរក្នុងចំណោមស្រ្តីទាំងឡាយ ហើយកូនកើតចេញពីផ្ទៃនាងក៏មានពរដែរ។​ 43 ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះរូបខ្ញុំ​ ដែលមាតារបស់ព្រះអម្ចាស់មកលេងនាងខ្ញុំដូច្នេះ? 44 ពេលឮពាក្យជម្រាបសួរភ្លាម កូននៅក្នុងផ្ទៃខ្ញុំក៏បំរះដោយអំណរសប្បាយ។ 45 នាងជាស្ត្រីមានពរ ព្រោះ​នាង​បាន​ជឿ​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​មានបន្ទូលមក​នាង ពិតជាបានសម្រេចមិនខាន»។​ 46 នាងម៉ារីឆ្លើយតបវិញថា៖ «ព្រលឹងខ្ញុំសរសើរតម្កើងព្រះអម្ចាស់ 47 ហើយវិញ្ញាណខ្ញុំអរសប្បាយដែលព្រះជាម្ចាស់បានសង្គ្រោះខ្ញុំ។ 48 ព្រះអង្គ​ទត​មើល​​អ្នក​បម្រើ​ដ៏​ទន់ទាប​របស់​ព្រះអង្គ។ ចាប់ពីពេលនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅខ្ញុំថាជាអ្នកមានពរ​មែន។ 49 ដ្បិត ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពធ្វើការអស្ចារ្យ​ចំពោះ​រូប​ខ្ញុំ ព្រះអង្គមានព្រះនាម​ដ៏​វិសុទ្ធ​។ 50 ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាពីជំនាន់មួយទៅជំនាន់មួយ ឮចំពោះអស់អ្នកកោតខ្លាចព្រះអង្គ។ 51 ព្រះអង្គបានសម្តែងប្ញទ្ធានុភាពនៅនឹងព្រះហស្ត ដោយកំចាត់អស់ពួកអ្នកដែលអួតពីគំនិតខ្លួនឯង។ 52 ព្រះអង្គទម្លាក់អ្នកមានអំណាចចេញពីតំណែង និងលើកតម្កើងមនុស្សទន់ទាបឡើង។ 53 ព្រះអង្គប្រទានអាហារឆ្ងាញ់ដល់មនុស្សស្រេកឃ្លាន និងបណ្តេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដៃទទេរ។​ 54 ព្រះអង្គបានជួយអ៊ីស្រាអែលដែលជាអ្នកបម្រើព្រះអង្គ ដើម្បីសម្តែងព្រះហប្ញទ័យមេត្តាករុណា 55 (ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់បុព្វបុរស) ចំពោះលោកអប្រាហាំ និងកូនចៅរបស់លោកជារៀងរហូត»។ 56 នាងម៉ារីស្នាក់នៅជាមួយនាងអេលីសាបិតប្រហែល៣ខែ ទើបត្រឡប់ទៅផ្ទះនាងវិញ។ 57 ឥឡូវនេះ ដល់ពេលនាងអេលីសាបិតត្រូវសម្រាលកូន ហើយនាងកើតបានកូនប្រុសមួយ។ 58 អ្នកជិតខាង និងសាច់ញ្ញាតិនាងបានឮថា ព្រះអម្ចាស់សម្តែងព្រះហប្ញទ័យមេត្តាករុណា ដ៏លើសលប់ចំពោះរូបនាង ហើយពួកគេអបអរសាទរនាង។ 59 ប្រាំបីថ្ងៃក្រោយមក ដល់ពេលត្រូវធ្វើពិធីកាត់ស្បែកឲ្យទារក។ ពួកគេចង់ដាក់ឈ្មោះកូននោះថា​ «សាការី» ដូចជាឪពុកគេដែរ។ 60 ប៉ុន្តែ នាងជាម្តាយប្រាប់ថា៖ «ទេ!​ ត្រូវដាក់ឈ្មោះកូននេះថា យ៉ូហាន វិញ»។ 61 ពួកគេនិយាយទៅកាន់នាងថា៖ «នៅក្នុងចំណោមសាច់ញាតិនាង គ្មាននរណាមានឈ្មោះនេះទេ»។ 62 ពួកគេធ្វើសញ្ញាប្រាប់លោកសាការីជាឪពុក ដើម្បីឲ្យដឹងថា ត្រូវដាក់ឈ្មោះអ្វីពិតប្រាកដ។ 63 លោកសុំយកក្តារមួយមកសរសេរថា៖ «ត្រូវដាក់ឈ្មោះកូននេះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់ទាំងអស់គ្នា។ 64 ភ្លាមនោះមាត់របស់លោកក៏ចាប់បើក ហើយអណ្តាតលោកក៏គ្រលាស់បានវិញ។ លោកសាការីនិយាយបានដូចដើម រួចសរសើរតម្កើងព្រះជាម្ចាស់។ 65 អស់អ្នកដែលបានរស់នៅជុំវិញទីនោះ មានការកោតខ្លាចក្រៃលែង។ ហេតុការណ៍ទាំងអស់នេះល្បីសុសសាយ 66 ពេញតំបន់ភ្នំក្នុងស្រុកយូដាទំាងមូល។ អស់អ្នកដែលបានឮហេតុការណ៍នេះ ក៏ចងចាំទុកក្នុងចិត្ត ទាំងនិយាយថា៖ «តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដោយព្រោះព្រះហស្តរបស់​ព្រះអម្ចាស់​តាម​ជួយ​ថែរក្សា​កូន​នេះជានិច្ចដូច្នេះ។ 67 លោកសាការីជាឪពុកបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ​ ហើយថ្លែងទំនាយថា៖ 68 «សរសើរតម្កើងព្រះអម្ចាស់របស់អ៊ីស្រាអែល ព្រោះព្រះអង្គបានយាងមកជួយសង្គ្រោះ និងសម្រេចការប្រោសលោះដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ 69 ព្រះអង្គបានលើកស្នែងនៃការសង្រ្គោះមួយក្នុងដំណាក់នៃអ្នកបម្រើរបស់ព្រះអង្គគឺព្រះបាទដាវីឌ 70 ដូចជាព្រះជាម្ចាស់មាន​ព្រះបន្ទូល​​តាម​រយៈពួកព្យាការីដ៏វិសុទ្ធ​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម។ 71 ​ព្រះអង្គ​សង្គ្រោះ​យើង​ឲ្យរួច​ពី​កណ្ដាប់​ដៃ​​ខ្មាំង​សត្រូវ និងរួចពីកណ្តាប់ដៃអស់​អ្នក​ដែល​ស្អប់​យើង។ 72 ព្រះអង្គសម្តែង​ព្រះហឫទ័យមេត្តាករុណា​ដល់​បុព្វបុរស​យើង ហើយ​នឹកចាំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ 73 និងពាក្យសម្បថរបស់លោកអប្រាហាំ​ជា​បុព្វបុរស​យើង​។ 74 ព្រះអង្គស្បថដើម្បីរំព្ញកយើងថា ព្រះអង្គបាន​រំដោះ​យើងឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ ដូច្នេះយើងបម្រើ​ព្រះអង្គដោយ​ឥត​ភ័យ​ខ្លាច 75 ដ្បិតយើងរស់នៅក្នុងវិសុទ្ធភាព និងសុចរិតភាព នៅចំពោះព្រះអង្គ​រហូត​អស់​មួយ​ជីវិតយើង។ 76 ចំណែក​ឯបងប្អូនជាកូន​វិញ ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនបំពេញមុខងារ​ជា​ព្យាការី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត បងប្អូននឹងដើរមុខ​ព្រះអម្ចាស់​ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ​​ 77 ហើយប្រទានការយល់ដឹងអំពីការសង្រ្គោះទៅដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដោយ​លើកលែង​ទោស​​ឲ្យគេ​រួច​ពី​បាប។ 78 ការនេះកើតឡើងបាន ដោយសារព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា​លើសលប់ ហើយកាលណា​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មកខ្ពស់យ៉ាងណា ព្រះអង្គមុខជាយាងមកជួួយសង្រ្គោះយើងពុំខាន 79 ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទីងងឹត និងក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។​ ព្រះអង្គធ្វើដូច្នេះដើម្បីតម្រង់ផ្លូវយើងឲ្យបានសុខសាន្ត»។ 80 ឥឡូវកុមារ​យ៉ូហានធំពេញវ័យឡើង ទាំង​ខាង​រូប​កាយ និង​វិញ្ញាណ ហើយគាត់​រស់​នៅ​តែ​ក្នុង​ទី​រហោស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​ឃើញជាសាធារណៈ។