ជំពូក ១

1 ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ នាងដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ជាក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ត្រូវបានបង្ខំឲ្យទៅជាទាសករ។ 2 នាង​យំ​ឥតល្ហែនៅ​ពេល​យប់ ហើយទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង គ្មានមនុស្ស​ដែល​ស្រឡាញ់​នាងបានជួយ​ដោះ​ទុក្ខ​ឡើយ ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។​ 3 ដោយភាពក្រីក្រ និងការរងទុក្ខ ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ នាង​អា‌ស្រ័យ​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិឥត​បាន​សម្រាក​ទេ ពួក​អ្នក​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ទាំងឃើញភាពអស់ សង្ឃឹមផង។ 4 ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ។ ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​ នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។ 5 ពួក​បច្ចាមិត្តរបស់នាងបានក្លាយជាម្ចាស់ និងពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើនឡើង។ ដ្បិត​ព្រះអម្ចាស់បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​ច្រើនរ​បស់នាង ពួក​កូនចៅនាងត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ។ 6 សម្រស់​នៃប្រជាជាតិ​ក្រុង​ស៊ីយ៉ូន​ បានបាត់​បង់​​ហើយ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រ​ឡប់​ដូច​ជា​ប្រើស ដែល​រក​ស្មៅ​មិន​បាន ហើយពួក​គេ​ចេញទៅដោយ​ល្វើយអស់​កម្លាំង។ 7 ក្នុងថ្ងៃដែល​រង​ទុក្ខ​វេទនា ហើយ​លំបាក ក្រុង​យេរូ‌សាឡិម​នឹងនឹក​ចាំ​ពី​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​កាល​ពី​ដើម ក្នុង​គ្រា​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាងបានជាប់គាំ។ 8 ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាងឥឡូវ​គេ​មើល​ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ្ដិ៍‌ខ្មាស​នាង ​ហើយនាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ 9 សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​គិតពីអនាគតទេ ​នាង​ត្រូវ​ធ្លាក់ចុះ​យ៉ាងយ៉ាប់យឺន ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ។ នាងស្រែកអំពាវនាវ «សូមទតមើល៍ សេចក្ដី​វេទនារបស់​ខ្ញុំ​ម្ចាស់​ចុះព្រះ‌អម្ចាស់​ ​ ដែល​ខ្មាំង​សត្រូវ​បានឈ្នះហើយ!»។ 10 ពួក​ខ្មាំងសត្រូវ​បាន​លូក​ដៃ​មក​លើទ្រព្យសម្បតិ្ត​ទាំង​ប៉ុន្មានដែល​គាប់​ចិត្ត​ នាង​បាន​ឃើញ​ជនជាតិ​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធរបស់​នាង បើទោះជាទ្រង់​បាន​ផ្តាំ​ទុកមិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ព្រះ‌អង្គ​ឡើយ 11 ប្រជាជនទាំងអស់បានយំថ្ងូរ ដោយគេ​រក​អាហារ ពួកគេ​បាន​ឲ្យ​របស់ដែល​មានតំលៃទាំង​ប៉ុន្មាន ដើម្បីប្ដូរ​នឹង​អាហារ សំរាប់រស់នៅវិញ។ មើល៍ ​សូមព្រះ‌អម្ចាស់​ពិចារណា ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។ 12 អស់អ្នកដែលដើរកាត់តាមទីនេះ​ ?​ សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌អម្ចាស់​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់។ 13 ទ្រង់បាន​ចាត់​ភ្លើង​​ពី​ស្ថាន​ដ៏​ខ្ពស់ឲ្យចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ព្រះ‌អង្គ​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ និង​បង្វែរ​ខ្ញុំ​ឲ្យទៅ​ថយ​ក្រោយ ក៏​​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​កំលាំង 14 ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា មក​ពាក់​លើករបស់​ខ្ញុំ ព្រះ‌អង្គ​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដែល​ខ្ញុំ​ពុំ​អាច​នឹង​​ទាស់ប្រឆាំង​បាន​ឡើយ។ 15 ព្រះ‌អម្ចាស់​បាន​កំចាត់មនុស្ស​ខ្លាំង​ពូកែ ដែលនៅ​ការពារ​ខ្ញុំ​។ ទ្រង់ហៅកងទ័ព​ឲ្យទាស់​នឹង​​ពួក​កំលោះៗប្រឆាំងនិង​ខ្ញុំ​ ទាំងកំទេចភាពរឹងមាំរបស់មនុស្ស។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ជនជាតិយូដាដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ 16 ព្រោះ​ហេតុ‌ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ទឹកភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កម្សាន្ត​ចិត្ត ដែល​គួរ​មក​លំ‌ហើយ​ជីវិត​ខ្ញុំ​នោះនៅឆ្ងាយណាស់។ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។ 17 ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ ព្រះ‌អម្ចាស់​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់ ក្រុង​យេរូ‌សាឡិម​នៅ​កណ្ដាល​គេ ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក។ 18 ព្រះ‌អម្ចាស់ដ៏​សុចរិត​ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្តិ​ព្រះ‌អង្គ សូមស្តាប់​ជនជាតិ​ទាំង‌ឡាយ​ ហើយពិចា‌រណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗរបស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ 19 ខ្ញុំ​បាន​ហៅ​មិត្តសំឡាញ់ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​បូជាចារ្យ និង​ព្រឹទ្ឋាចារ្យ​របស់​ខ្ញុំ បាន​វិនាសទៅ​​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​ដើម្បីចិព្ជឹាមជីវិត។ 20 សូម​ទត​មើល​ព្រះ‌អម្ចាស់​ ដ្បិត​ខ្ញុំ​ម្ចាស់មាន​សេចក្ដី​វេទនា ដួងចិត្ត​ខ្ញុំ​ខ្លោចផ្សាជាខ្លាំង ដ្បិត​ខ្ញុំ​ម្ចាស់​​បាន​បះ‌បោរនិងទ្រង់ ​ហើយនៅ​ខាង​ក្រៅ​ ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ។ 21 ពួកគេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ។ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន បាន​ឮ​ដំណឹង​ពី​សេចក្ដី​លំបាក​របស់​ខ្ញុំ​ម្ចាស់ ហើយគេ​សប្បាយ​ចិត្តដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​យ៉ាង​នេះ ។ ព្រះ‌អង្គ​នឹង​ឲ្យ​ថ្ងៃដែលព្រះ‌អង្គ​បាន​ប្រកាស​ប្រាប់​នោះ បាន​មក​ដល់ នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ។ 22 សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ បាន​លេច​មក នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​សូម​ព្រះ‌អង្គ​ធ្វើ​ដល់​គេ ដូច​ជា​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង។