ជំពូក ១

1 ឥឡូវនេះ ដល់ពេលដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ហើយ ដូច្នេះ ព្រះអម្ចាស់បានមានព្រះបន្ទូល​ទៅកាន់លោកយ៉ូស្វេជាកូនរបស់លោកនូន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖ 2 «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ហើយ។ ដូច្នេះ ចូរក្រោកឡើងឆ្លងទន្លេយ័រដាន់នេះទៅ អ្នក និងប្រជាជនទាំងអស់នឹងចូលទៅកាន់ទឹកដីដែលយើងប្រគល់ដល់ពួកគេ គឺប្រគល់ឲ្យប្រជាជនអ៊ីស្រាអែល។ គ្រប់កន្លែងដែលអ្នកបោះជំហានទៅ 3 យើងនឹងប្រគល់ឲ្យអ្នក។ យើងបានប្រគល់ដល់អ្នក ដូចយើងបានសន្យានឹងម៉ូសេ។ 4 ទឹកដីរបស់អ្នក ចាប់តាំងពីទីរហោស្ថាន និងស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអ៊ឺប្រាត ដល់ទឹកដីរបស់ជនជាតិហេតទាំងអស់ និងរហូតដល់សមុទ្រធំ នៅទិសខាងលិច។ 5 នៅក្នុងជីវិតរបស់អ្នកគ្មាននរណាម្នាក់អាចប្រឆាំងជាមួយអ្នកបានឡើយ។ យើងនឹងនៅជាមួយអ្នក ដូចដែលយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនបោះបង់ចោលអ្នក ឬចាកចេញពីអ្នកឡើយ។ 6 ចូរមានកម្លាំង​ និងចិត្តក្លាហានឡើង។ អ្នកនឹងធ្វើឲ្យប្រជាជននេះបានកាន់កាប់ទឹកដីដែលយើងបានសន្យា ជាមួយបុព្វបុរសរបស់ពួកគេថា យើងនឹងប្រគល់ដល់ពួកគេ។ 7 ចូរមានកម្លាំង និងចិត្តក្លាហានឡើង។ ត្រូវប្រយ័ត្នក្នុងការប្រតិបត្តិតាមច្បាប់ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានប្រគល់ដល់អ្នក។ មិនត្រូវងាកឆ្វេង ឬងាកស្តាំឡើយ ដើម្បីឲ្យអ្នកបានទទួលជោគជ័យនូវគ្រប់កន្លែងដែលអ្នកទៅ។ 8 អ្នកនឹងនិយាយពីគម្ពីរវិន័យនេះជានិច្ច។ អ្្នកត្រូវជញ្ជឹងគិតទាំងយប់ទាំងថ្ងៃ ដូច្នេះ អ្នកអាចស្តាប់បង្គាប់នូវអ្វីដែលមានកត់ត្រាទុកនៅក្នុងគម្ពីរនេះ។ នោះអ្នកនឹងចម្រុងចម្រើន ហើយទទួលបានជោគជ័យ។ 9 តើយើងមិនបានប្រាប់អ្នកឬ? ថា ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំបាក់ទឹកចិត្តឲ្យសោះ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ។ 10 បន្ទាប់មកលោកយ៉ូស្វេបានបង្គាប់អ្នកដឹកនាំរបស់ប្រជាជនថា៖ 11 «ចូរទៅឯកាន់ជំរំ ហើយបង្គាប់បណ្តាជនថា ចូរត្រៀមស្បៀងរៀងៗខ្លួន។ ក្នុងរវាងបីថ្ងៃអ្នកនឹងឆ្លងកាត់ទន្លេយ័រដាន់នេះ ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានដល់អ្នក»។ 12 លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កាដ និងម៉ាណាសេចំនួនពាក់កណ្តាលថា៖ 13 «ចូរចងចាំព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នកបានឲ្យអ្នកសម្រាក ហើយព្រះអង្គប្រគល់ទឹកដីនេះឲ្យអ្នក។ 14 ប្រពន្ធរបស់អ្នក កូនតូចៗរបស់អ្នក និងហ្វូងសត្វរបស់អ្នកនឹងស្នាក់នៅក្នុងទឹកដីដែលលោកម៉ូសេបានប្រគល់ដល់អ្នកនៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ប៉ុន្តែ ពួកទាហាននាំមុខជាមួយបងប្អូនរបស់អ្នក ដើម្បីជួយពួកគេ 15 រហូតទាល់តែព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាក ដូចព្រះអង្គបានឲ្យអ្នកសម្រាកដែរ។ នោះ ពួកគេចាប់យកទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រទានដល់ពួកគេ។ បន្ទាប់មក អ្នកអាចត្រឡប់មកទឹកដីរបស់អ្នកវិញ ហើយកាន់កាប់ទឹកដីនោះ​គឺទឹកដីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យអ្្នកនៅត្រើយម្ខាងនៃទន្លេយ័រដាន់នៃទិសខាងកើត»។ 16 បន្ទាប់មក ពួកគេបានឆ្លើយតបមកលោកយ៉ូស្វេថា៖ «អ្វីទាំងអស់ដែលលោកបានបញ្ជាយើងនឹងធ្វើតាម ហើយកន្លែងណាដែលលោកចង់ឲ្យយើងទៅ យើងនឹងទៅ។ 17 យើងនឹងស្តាប់បង្គាប់លោក ដូចជាយើងបានស្តាប់បង្គាប់លោកម៉ូសេដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គគង់នៅជាមួយលោកម៉ូសេដែរ។ 18 អ្នកណាដែលប្រឆាំងនឹងបញ្ចារបស់លោក និងមិនស្តាប់បង្គាប់លោកនឹងត្រូវស្លាប់។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង។