1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់អ័មីថាយថា៖ 2 ចូរងើបឡើងហើយចេញទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានល្បីរន្ទឺ នៅចំពោះមុខយើងហើយ។ 3 ប៉ុន្តែ លោកយ៉ូណាសក្រោកឡើង រត់ចេញពីព្រះភក្ត្រនៃព្រះអម្ចាស់ទៅឯក្រុងតើស៊ីសវិញ។ លោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលកំពុងរៀបចេញទៅក្រុងតើស៊ីស។ លោកក៏បង់ថ្លៃធ្វើដំណើរ ហើយក៏ចុះសំពៅនោះទៅឯក្រុងតើស៊ីសជាមួយគេ ដើម្បីគេចចេញពីព្រះភក្ត្ររបស់ព្រះអម្ចាស់។ 4 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ បង្កើតជាព្យុះយ៉ាងធំនៅលើសមុទ្រ។ បណ្ដាលឲ្យសំពៅស្ទើរតែបែកបាក់។ 5 ឯពួកអ្នកសំពៅក៏ភ័យខ្លាចយ៉ាងខ្លាំង ម្នាក់ៗបានស្រែកបន់ព្រះរបស់គេរៀងៗខ្លួន។ ពួកគេបានបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ ឯលោកយ៉ូណាសបានចុះទៅដេកលក់នៅខាងក្នុងសំពៅ។ 6 ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើង ចូរទូលអង្វរដល់ព្រះរបស់អ្នកទៅ ក្រែងលោព្រះរបស់អ្នកនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។ 7 ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក! ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតឡើងដល់យើងនេះ ដោយព្រោះអ្នកណា»។ ដូច្នេះ ពួកគេក៏បានចាប់ឆ្នោត ហើយឆ្នោតនោះក៏ត្រូវលើលោកយ៉ូណាស។ 8 ហើយពួកគេសួរលោកយ៉ូណាសថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំការអាក្រក់នេះមកលើយើង។ តើលោកមានមុខរបរអី្វ? ហើយលោកមកពីណា? តើលោកនៅស្រុកណា? ហើយលោកជាជាតិសាសន៍អី្វ?» 9 លោកយ៉ូណាសប្រាប់គេថា៖ «ខ្ញុំជាជនជាតិហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះអម្ចាស់ ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក។» 10 ហើយពួកអ្នកសំពៅកាន់តែភ័យខ្លាចក៏សួរលោកយ៉ូណាសថា៖ «តើលោកបានធ្វើអ្វីដូច្នេះ?» ដ្បិតពួកគេបានដឹងថា លោកបានកំពុងរត់គេចពីព្រះភក្ត្ររបស់ព្រះអម្ចាស់ ដោយសារតែលោកបានប្រាប់ពួកគេ។ 11 បន្ទាប់មកពួកគេសួរលោកយ៉ូណាសថា៖ « តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?» ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើង។ 12 លោកយ៉ូណាសប្រាប់ពួកគេថា៖ «សូមលើកបោះខ្ញុំចូលក្នុងសមុទ្រចុះ។ នោះសមុទ្រនឹងស្ងប់ទៅវិញហើយ ដ្បិតខ្ញុំដឹងថា ដោយព្រោះខ្លួនខ្ញុំ ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងដល់ពួកអ្នក»។ 13 ទោះជាពួកគេព្យាយាមចែវត្រឡប់ ដើម្បីឲ្យពួកគេទៅច្រាំងវិញ ប៉ុន្តែទៅមិនបានសោះ ដ្បិតសមុទ្រចេះតែបក់បោកមកកាន់តែខ្លាំងឡើងៗ។ 14 ពេលនោះ ពួកគេក៏ទូលអង្វរដល់ព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំត្រូវវិនាសឡើយ ដោយព្រោះជីវិតបុរសនេះឡើយ ហើយកុំទម្លាក់ទោសរបស់គាត់ មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតព្រះអម្ចាស់អើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។ 15 ហើយពួកគេក៏ចាប់លោកយ៉ូណាស បោះចូលទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ។ 16 ពួកគេទាំងនោះកោតខ្លាចព្រះអម្ចាស់យ៉ាងខ្លាំង។ ហើយពួកគេក៏ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ផង។ 17 ព្រះអម្ចាស់ក៏បានធ្វើឲ្យមានត្រីមួយយ៉ាងធំដើម្បីលេបលោកយ៉ូណាស ហើយលោកយ៉ូណាសបាននៅក្នុងពោះត្រីនោះអស់បីថ្ងៃបីយប់។