1 កាលដើមដំបូងឡើយមានព្រះបន្ទូល ហើយព្រះបន្ទូលនៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលគឺជាព្រះជាម្ចាស់។ 2 ព្រះអង្គនេះហើយនៅជាមួយព្រះជាម្ចាស់តាំងពីដំបូង។ 3 អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងដោយសារព្រះអង្គ ហើយគ្មានអ្វីដែលបានកើតមកដោយព្រះអង្គមិនបានបង្កើតឡើយ។ 4 នៅក្នុងព្រះអង្គមានជីវិត ហើយជីវិតនោះគឺជាពន្លឺនៃមនុស្សលោកគ្រប់គ្នា។ 5 ពន្លឺបំភ្លឺនៅក្នុងទីងងឹត ហើយទីងងឹតមិនអាចយកឈ្នះពន្លឺបានទេ។ 6 មានបុរសម្នាក់ដែលព្រះជាម្ចាស់បានចាត់មក គាត់ឈ្មោះថាលោកយ៉ូហាន។ 7 គាត់បានមកក្នុងនាមជាសាក្សី ដើម្បីធ្វើបន្ទាល់អំពីពន្លឺ ដើម្បីឲ្យមនុស្សគ្រប់គ្នាបានជឿតាមរយៈគាត់។ 8 លោកយ៉ូហានមិនមែនជាពន្លឺទេ ប៉ុន្តែ គាត់បានមក ដើម្បីធ្វើបន្ទាល់អំពីពន្លឺវិញ។ 9 ព្រះអង្គជាពន្លឺដ៏ពិត ដែលបានយាងមកលើផែនដី ដើម្បីផ្តល់ពន្លឺដល់មនុស្សគ្រប់គ្នា។ 10 ព្រះអង្គបានយាងមកនៅលោកីយ៍នេះ ហើយលោកីយ៍ត្រូវបានបង្កើតឡើងដោយសារព្រះអង្គ ហើយលោកីយ៍មិនស្គាល់ព្រះអង្គទេ។ 11 ព្រះអង្គបានយាងមកលោកីយ៍នេះ ប៉ុន្តែ លោកីយ៍នេះ មិនទទួលព្រះអង្គទេ។ 12 ប៉ុន្តែ មានមនុស្សជាច្រើនបានទទួលព្រះអង្គ គឺជាអ្នកដែលជឿលើព្រះនាមព្រះអង្គ ទ្រង់បានប្រទានសិទ្ធិឲ្យត្រឡប់ទៅជាបុត្ររបស់ព្រះជាម្ចាស់។ 13 ទាំងនេះ មិនមែនកើតឡើងពីឈាម ឬពីបំណងខាងសាច់ឈាម ឬពីបំណងរបស់មនុស្សទេ ប៉ុន្តែ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់វិញ។ 14 ព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាម ហើយរស់នៅក្នុងចំណោមយើង។ យើងបានឃើញសិរីល្អរបស់ព្រះអង្គ ជាសិរីល្អរបស់ព្រះតែមួយអង្គគត់ដែលមកពីព្រះបិតា ពេញដោយព្រះគុណ និងសេចក្តីពិត។ 15 លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ហើយបានស្រែកឡើង ហើយនិយាយថា៖ «នេះគឺជាព្រះអង្គដែលខ្ញុំបានប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ព្រះអង្គធំជាងខ្ញុំ ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ»។ 16 ដ្បិត ចេញពីភាពបរិបូរណ៌របស់ព្រះអង្គ យើងបានទទួលគ្រប់ទាំងព្រះគុណថែមហើយថែមទៀត។ 17 ដ្បិត ក្រឹត្យវិន័យដែលបានប្រទានមកតាមរយៈលោកម៉ូសេ។ តែព្រះគុណ និងសេចក្តីពិតបានមកតាមរយៈព្រះយេស៊ូគ្រិស្ត។ 18 គ្មាននរណាបានឃើញព្រះជាម្ចាស់នៅពេលណាមួយឡើយ។ មានតែព្រះអង្គជាព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលនៅជិតព្រះវរបិតា គឺព្រះអង្គបានសំដែងឲ្យស្គាល់ព្រះជាម្ចាស់។ 19 នេះគឺជាទីបន្ទាល់របស់លោកយ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីទៅឯព្រះអង្គពីក្រុងយេរ៉ូសាឡិម ដើម្បីទូលសួរគាត់ថា៖ «តើគាត់ជានរណា?» 20 គាត់ថ្លែងយ៉ាងងាយ និងមិនបានបដិសេធទេ ប៉ុន្តែ ឆ្លើយថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្តទេ»។ 21 ដូច្នេះ គេបានសួរគាត់ទៀតថា «អ៊ីចឹង តើអ្នកជានរណា?» តើអ្នកជាលោកអេលីយ៉ា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ»។ ពួកគេសួរថា៖ «តើអ្នកជាព្យាការី?» គាត់ឆ្លើយថា៖ «មិនមែនទេ»។ 22 បន្ទាប់មក ពួកគេបានសួរគាត់ទៀតថា៖ «តើអ្នកជានរណា អ៊ីចឹង ដើម្បីឲ្យយើងអាចឆ្លើយទៅអស់អ្នកដែលចាត់យើងឲ្យមក? តើអ្នកនិយាយពីខ្លួនអ្នកយ៉ាងដូចម្តេច»? 23 គាត់ឆ្លើយថា៖ «ខ្ញុំជាសម្លេងមួយ ដែលស្រែកនៅក្នុងទីរហោស្ថានថា៖ «ចូររៀបចំផ្លូវត្រង់ថ្វាយព្រះអម្ចាស់ ដូចព្យាការីអេលីយាបានថ្លែង»។ 24 មានអ្នកខ្លះត្រូវបានពួកគណៈផារីស៊ីចាត់មក 25 ពួកគេសួរគាត់ ហើយនិយាយទៅកាន់គាត់ថា៖ «ម្តេចក៏អ្នកធ្វើពិធីជ្រមុជអ៊ីចឹង ប្រសិនបើ អ្នកមិនមែនជាព្រះគ្រិស្ត ឬលោកអេលីយា ឬជាព្យាការី?» 26 លោកយ៉ូហានបានឆ្លើយទៅកាន់ពួកគេថា៖ «ខ្ញុំជ្រមុជជាមួយនឹងទឹក។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នាដែលឈរនេះ នឹងមានម្នាក់ដែលអ្នកមិនស្គាល់់។ 27 លោកជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមសូម្បីតែស្រាយខ្សែស្បែកជើងព្រះអង្គផង»។ 28 ការទាំងនេះបានកើតឡើងនៅក្នុងភូមិបេតថានី នៅផ្នែកម្ខាងទៀតនៃទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានធ្វើពិធីជ្រមុជ។ 29 នៅថ្ងៃបន្ទាប់ លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមករកគាត់ ហើយគាត់មានប្រសាសន៍ថា «មើល! លោកជាកូនចៀមនៃព្រះដែលដកយកបាបរបស់មនុស្សលោក។ 30 លោកជាម្នាក់ដែលខ្ញុំបាននិយាយ «គឺជាម្នាក់ដែលមកក្រោយខ្ញុំ ធំជាងខ្ញុំ ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ»។ 31 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែគឺដូច្នេះហើយដែលព្រះអង្គបានបង្ហាញដល់អ៊ីស្រាអែលថាខ្ញុំបានមកធ្វើពិធីជ្រមុជដោយទឹកប៉ុណ្ណោះ»។ 32 លោកយ៉ូហានបានធ្វើបន្ទាល់ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុុះពីស្ថានសួគ៌មក ដូចជាសត្វព្រាប ហើយសត្វព្រាបនោះបានសណ្ឋិតលើព្រះអង្គ។ 33 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះអង្គគឺជាព្រះដែលបានចាត់ខ្ញុំមកជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកកាន់ខ្ញុំថា៖ «នៅពេលអ្នកឃើញព្រះវិញ្ញាណសណ្ឋិតលើនរណា ហើយស្ថិតនៅជាមួយអ្នកនោះ អ្នកនោះហើយជាអ្នកដែលធ្វើពិធីជ្រមុជនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ 34 ខ្ញុំបានឃើញទាំងពីរ ហើយបានធ្វើបន្ទាល់ថា នេះគឺជាបុត្រារបស់ព្រះជាម្ចាស់»។ 35 នៅថ្ងៃបន្ទាប់ ជាថ្មីម្តងទៀត ក្នុងការដែលលោកយ៉ូហានឈរជាមួយសិស្សពីរនាក់របស់គាត់ 36 ពួកគេបានឃើញព្រះយេស៊ូយាងមកជិត ហើយលោកយ៉ូហានមានប្រសាសន៍ថា៖ «មើល! កូនចៀមនៃព្រះ»។ 37 សិស្សពីរនាក់របស់គាត់បានឮគាត់ដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។ 38 បន្ទាប់មកបានបែរមក ហើយឃើញពួកគេដើរតាមព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «តើអ្នកចង់បានអ្វី?» ពួកគេឆ្លើយថា៖ «រ៉ាប៊ី (ដែលប្រែមានន័យថា លោកគ្រូ) តើលោកគ្រូស្នាក់នៅឯណា?» 39 ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «សូមមកតាមខ្ញុំ នោះអ្នកនឹងឃើញ»។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ ពួកគេបាននៅជាមួយព្រះអង្គនៅថ្ងៃនោះ ដ្បិតនៅពេលនោះប្រហែលជាម៉ោងដប់។ 40 សិស្សម្នាក់ក្នុងចំណោមសិស្សទាំងពីរបានឮលោកយ៉ូហាននិយាយ ហើយបន្ទាប់មកបានដើរតាមព្រះយេស៊ូ គាត់ឈ្មោះអនទ្រេ ជាបងប្រុសរបស់លោកស៊ីម៉ូនពេត្រុស។ 41 គាត់ជាមនុស្សដំបូងដែលរកបងប្រុសគាត់ផ្ទាល់គឺលោកស៊ីម៉ូន ហើយនិយាយទៅគាត់ថា «យើងបានរកព្រះមេស្ស៊ីឃើញហើយ» (ដែលប្រែថាៈ ព្រះគ្រិស្ត)។ 42 អនទ្រេបាននាំគាត់ទៅជួបព្រះយេស៊ូ ហើយព្រះយេស៊ូបានសម្លឹងមកឯគាត់ ហើយមានបន្ទូលថា «អ្នកជាស៊ីម៉ូនកូនរបស់លោកយ៉ូហាន គេនឹងហៅអ្នកថា៖ កៃផាស់» (ដែលប្រែថាពេត្រុស)។ 43 នៅថ្ងៃបន្ទាប់ នៅពេលព្រះយេស៊ូចង់ចាកចេញ ដើម្បីទៅឯកាលីឡេវិញ ព្រះអង្គបានជួបលោកភីលីព ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ 44 លោកភីលីពមកពីបេតសៃដា ជាក្រុងរបស់លោកអនទ្រេ និងលោកពេត្រុស។ 45 លោកភីលីពបានជួបលោកណាថាណែល ហើយនិយាយទៅគាត់ថា៖ «ព្រះដែលលោកម៉ូសេសរសេរនៅក្នុងគម្ពីរក្រឹត្យវិន័យ និងពួកព្យាការីបានសរសេរ យើងបានជួបព្រះអង្គហើយ គឺព្រះយេស៊ូជាកូនរបស់លោកយ៉ូសែបមកពីស្រុកណាសារ៉ែត»។ 46 លោកណាថាណែលមានប្រសាសន៍ទៅកាន់គាត់ថា៖ «តើមានការល្អណាចេញពីណាសារ៉ែត?» លោកភីលីពឆ្លើយថា៖ «សូមមកតាមខ្ញុំនោះអ្នកនឹងឃើញ»។ 47 ព្រះយេស៊ូបានឃើញលោកណាថាណែលដើរចូលមករកព្រះអង្គ ហើយព្រះអង្គមានបន្ទូលពីគាត់ថា៖ «មើល ឱជនជាតិអ៊ីស្រាអែលដ៏ពិតអើយ អ្នកគ្មានសេចក្តីកុហកក្នុងខ្លួនឡើយ»។ 48 លោកណាថាណែលមានប្រសាសន៍ទៅព្រះអង្គវិញថា៖ «តើលោកអាចស្គាល់ខ្ញុំបានយ៉ាងដូចម្តេច?» ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នក នៅពេលដែលអ្នកនៅក្រោមដើមឧទុម្ពររួចហើយ។ 49 លោកណាថាណែលឆ្លើយថា៖ «រ៉ាប៊ី ព្រះអង្គគឺជាព្រះបុត្រានៃព្រះជាម្ចាស់ ព្រះអង្គគឺជាព្រះមហាក្សត្ររបស់អ៊ីស្រាអែល»។ 50 ព្រះយេស៊ូឆ្លើយទៅគាត់វិញថា៖ «ដោយសារខ្ញុំបាននិយាយទៅកាន់អ្នកថា៖ «ខ្ញុំបានឃើញអ្នកនៅខាងក្រោមដើមឧទុម្ពរ ទើបអ្នកជឿខ្ញុំមែនទេ? អ្នកនឹងឃើញការដ៏អស្ចារ្យជាងនេះ»។ 51 បន្ទាប់មក ព្រះអង្គមានបន្ទូលថា ប្រាកដណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងឃើញស្ថានសួគ៌បើកចំហ ហើយឃើញពួកទេវតារបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។