1 បន្ទាប់ពី លោកយ៉ូស្វេទទួលមរណភាព ជនជាតិអ៊ីស្រាអែលបានទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើង តើកុលសម្ព័ន្ធណាមួយ ដែលត្រូវទៅច្បាំងនឹងជនជាតិកាណានមុនគេ?» 2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវទៅមុន។ មើលយើងបានប្រគល់ឲ្យពួកគេគ្រប់គ្រងលើទឹកដីនេះ»។ 3 កុលសម្ព័ន្ធយូដាបាននិយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនរបស់ពួកគេថា «ចូរឡើងមកជាមួយយើង ឆ្ពោះទៅកាន់ទឹកដីជាចំណែកមរតករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ យើងខ្ញុំនឹងចេញទៅច្បាំងយកចំណែកទឹកដីជាមរតករបស់បងប្អូនជាមួយបងប្អូនដែរ។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏ឡើងទៅជាមួយពួកគេ។ 4 ជនជាតិយូដាបានវាយប្រហារ ហើយព្រះអម្ចាស់បានប្រទានឲ្យពួកគេមានជ័យជម្នះលើជនជាតិកាណាន និងជនជាតិពេរីស៊ិត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់ មួយម៉ឺននាក់នៅបេសេក។ 5 ហើយនៅបេសេក ពួកគេបានរកឃើញស្តេចអាដូនី បេសេក ពួកគេបានច្បាំងតតាំងនឹងទ្រង់ ហើយពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរីស៊ិត។ 6 ប៉ុន្តែ ស្តេចអាដូនី - បេសេកបានរត់ភៀសខ្លួន ហើយពួកគេបានដេញតាមទ្រង់និងចាប់ទ្រង់បាន ហើយពួកគេបានកាត់មេដៃ និងមេជើងរបស់ទ្រង់។ 7 ស្តេចអាដូនី - បេសេកបានមានបន្ទូលថា៖ «ខ្ញុំបានកាត់មេដៃនិងមេជើងស្តេចចិតសិបអង្គ ហើយពួកគេបានរើសសំណល់ពីក្រោមតុរបស់ខ្ញុំធ្វើជាអាហារ។ ឥឡូវនេះ ព្រះអម្ចាស់បានសងមកខ្ញុំវិញតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ ពួកគេបាននាំស្តេចទៅក្រុង យេរូសាឡឹម ហើយស្តេចបានចូលទិវង្គតនៅទីនោះ។ 8 កុលសម្ព័ន្ធយូដាបានច្បាំងនឹងក្រុងយេរូសាឡឹមហើយបានវាយយកបានវា។ ពួកគេបានបំផ្លាញក្រុងនេះ ដោយមុខដាវនិងដុតកម្ទេចដោយភ្លើង។ 9 បន្ទាប់មកកុលសម្ព័ន្ធយូដា បានចុះទៅប្រយុទ្ធនឹងជនជាតិកាណានដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបទៀតផង។ 10 ពួកគេបានវាយប្រហារជនជាតិកាណានដែលរស់នៅក្នុងទីក្រុងហេប្រុន (ពីដើមក្រុងហេប្រុនមានឈ្មោះថា គារយ៉ាត អើបា) ហើយពួកគេបានប្រហារអំបូរ សេសាយ អំបូរអហីម៉ាន និងអំបូរតាល់ម៉ាយផងដែរ។ 11 ចាប់ពីនោះ ពួកគេវាយប្រហារប្រជាជនដែលរស់នៅក្នុងក្រុង ដេបៀរ (ពីដើមក្រុងដេបៀរមានឈ្មោះថា គារយ៉ាត សេភើរ)។ 12 កាលនោះ លោកកាលែប បានមានប្រសាសន៍ថា៖ «ប្រសិនបើ នរណាម្នាក់ វាយយកបានក្រុងគារយ៉ាត ក្រុងសេភើរ ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំនាង អាក់សា ឲ្យធ្វើជាប្រពន្ធរបស់គេ»។ 13 ពេលនោះ លោកអូធ្នាល ជាកូនប្រុសរបស់លោកកេណាស ដែលជាប្អូនប្រុសរបស់លោកកាលែប វាយយកបានក្រុងដេបៀរ ដូច្នេះ លោកកាលែបបានលើកនាង អាក់សា ជាកូនស្រីរបស់លោក ឲ្យធ្វើជាភរិយារបស់គាត់។ 14 ពេលដែលនាងអាក់សា បានទៅរស់នៅជាមួយលោកអាធ្នាល នាងបានបបួលលោកឲ្យសុំចំណែកដីស្រែពីឪពុករបស់នាង។ នៅពេលដែលនាងចុះពីលើខ្នងលា លោកកាលែបបានសួរនាងថា៖ «តើកូនមានការអ្វី?» 15 នាងបានតបវិញថា៖ «សូមលោកពុកមេត្តាឲ្យពរមួយដល់ខ្ញុំ។ ព្រោះ លោកឪពុកបានប្រគល់ដីនៅតំបន់ណេកិបដល់ខ្ញុំ ដូច្នេះ សូមមេត្តាឲ្យអណ្តូងទឹកមកខ្ញុំផង»។ ដូច្នេះ លោកកាលែប បានឲ្យអណ្តូងទឹកដែលនៅខាងលើ និងអណ្តូងទឹកនៅខាងក្រោមដល់នាង។ 16 ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេករបស់លោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅកាន់វាលរហោស្ថាននៃទឹកដីកុលសម្ព័ន្ធយូដា ដែលនៅក្នុងតំបន់ណេកិប ជិត អ៊ើរ៉ាត ដើម្បីតាំងលំនៅក្នុងចំណោមប្រជាជននៅទីនោះ។ 17 បន្ទាប់មកកុលសម្ព័ន្ធយូដា រួមគ្នាជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនរបស់ពួកគេ ចេញទៅវាយប្រហារជនជាតិកាណានដែលរស់នៅតំបន់ សេផាត ហើយពួកគេបានបំផ្លាញទីក្រុងនោះទាំងស្រុង ថ្វាយដល់ព្រះអម្ចាស់។ រួចបានដាក់ឈ្មោះក្រុងនោះដា ហោម៉ា។ 18 កុលសម្ព័ន្ធយូដា ក៏វាយដណ្តើមបានតំបន់កាសា ទីក្រុងអាសកេឡូន និងអេក្រុនរួមទាំងតំបន់ជុំវិញទីក្រុងទាំងនោះផងដែរ។ 19 ព្រះអម្ចាស់បានគង់ជាមួយកុលសម្ព័ន្ធយូដា ហើយពួកគេបានត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ កុលសម្ព័ន្ធយូដាមិនអាចបណ្តេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះពួកគេមានរទេះចម្បាំងដែលធ្វើពីដែក។ 20 ទីក្រុងហេប្រុនត្រូវបានប្រគល់ឲ្យលោកកាលែប ដូចដែលលោកម៉ូសេ បានបង្គាប់ទុក ហើយលោកបានបណ្តេញអំបូរអណាក់ទាំងបី។ 21 ប៉ុន្តែកុលសម្ព័ន្ធបេនយ៉ាមីន មិនបានបណ្តេញជនជាតិយេប៊ូសដែលរស់នៅទីក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់នៅជាមួយកុលសម្ព័ន្ធបេនយ៉ាមីនរហូតដល់សព្វថ្ងៃ។ 22 ចំណែកឯ ពូជពង្សរបស់លោកយូ៉សែប ក៏បានចេញទៅច្បាំងនឹងក្រុងបេតអែលដែរ ហើយព្រះជាម្ចាស់គង់នៅជាមួយពួកគេ។ 23 ដំបូង ពួកគេបានបញ្ជូនមនុស្សទៅស៊ើបមើលទីក្រុងបេតអ៊ែល ដែលពីដើមឡើយក្រុងនោះមានឈ្មោះថា លូស។ 24 ពេលដែលអ្នកស៊ើបការណ៍បានឃើញមនុស្សចេញពីទីក្រុងនោះមក ពួកគេនិយាយទៅកាន់បុរសនោះថា៖ «ចូរបង្ហាញយើង តើគេអាចចូលទៅក្នុងទីក្រុងតាមផ្លូវណា យើងនឹងប្រណីដល់អ្នក»។ 25 បុរសនោះក៏បានបង្ហាញផ្លូវចូលទីក្រុងដល់ពួកគេ ដូច្នេះ ពួកគេបានប្រហារប្រជាជននៅក្រុងនោះដោយមុខដាវ តែទុកឲ្យបុរសនោះ និងគ្រួសាររបស់គាត់ទាំងមូលចាក់ចេញទៅ។ 26 បន្ទាប់មក បុរសនោះក៏ចាកចេញទៅស្រុកហេត ហើយសង់ក្រុងមួយដែលគាត់បានដាក់ឈ្មោះថា លូស ដែលគេហៅរហូតមកដល់សព្វថ្ងៃ។ 27 រីឯកុលសម្ព័ន្ធម៉ាណាសេ ក៏មិនបានបណ្តេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម ក្រុងមេគីដោរ ព្រមទាំងតំបន់នានាដែលនៅជុំវិញក្រុងទាំងនោះ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងតំបន់ទាំងនោះតទៅទៀត។ 28 នៅពេលដែលជនជាតិអ៊ីស្រាអែលមានកម្លាំង គេបានបង្ខំឲ្យជនជាតិកាណានធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេមិនបានបណ្តេញជនជាតិនេះចេញនោះទេ។ 29 សូម្បីតែ កុលសម្ព័ន្ធអេប្រាអ៊ីម ក៏មិនបានបណ្តេញជនជាតិកាណានដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះ ជនជាតិកាណានបន្តរស់នៅក្នុងក្រុងកេស៊ើរក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីមតទៅទៀត។ 30 កុលសម្ព័ន្ធសាប់យ៉ូឡូមក៏មិនបានបណ្តេញប្រជាជនដែលរស់នៅក្រុងគីត្រុន ឬមនុស្សដែលរស់នៅក្នុងក្រុង ណាហាឡូល ចេញពីស្រុកនោះដែរ ដូច្នេះហើយជនជាតិកាណានបន្តរស់នៅក្នុងចំណោមពួកគេ ប៉ុន្តែ កុលសម្ព័ន្ធសាប់យ៉ូឡូមបានបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ 31 ហើយកុលសម្ព័ន្ធអាស៊ើរ ពួកគេក៏មិនបានបណ្តេញជនជាតិអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញដែរ។ 32 ដូច្នេះ កុលសម្ព័ន្ធអាស៊ើរក៏រស់នៅជាមួយជនជាតិទាំងនោះលើទឹកដីកាណាន ព្រោះពួកគេមិនបានបណ្តេញជនជាតិទាំងនោះចេញទេ។ 33 កុលសម្ព័ន្ធណែបថាលី ក៏មិនបានបណ្តេញជនជាតិកាណានដែលរស់នៅក្នុងក្រុងបេតសេម៉េស និងក្រុងបេតអាណាតចេញដែរ ដូច្នេះ កុលសម្ព័ន្ធណែបថាលីរស់នៅក្នុងចំណោមជនជាតិកាណានដែលរស់នៅក្នុងស្រុកវិញ។ ប៉ុន្តែ ពួកគេបានបង្ខំអ្នកដែលរស់នៅក្នុងក្រុងបេតសេម៉េស និងក្រុងបេតអាណាតធ្វើការជាទម្ងន់។ 34 ជនជាតិអាម៉ូរីបានរុញច្រាន កុលសម្ព័ន្ធដាន់ ឲ្យរស់នៅតំបន់ភ្នំ ដោយមិនអនុញ្ញាតឲ្យពួកគេចុះមករស់នៅតាមជ្រលងភ្នំឡើយ។ 35 ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងក្នុងក្រុងសាលប៊ីម ប៉ុន្តែ ក្រោយមកពេលដែលពូជពង្សលោកយូ៉សែបមានកម្លាំងគ្រប់គ្រងលើពួកគេ និងបង្ខំឲ្យពួកគេធ្វើការជាទម្ងន់។ 36 ដែនដីរបស់ជនជាតិអាម៉ារីគឺលាតសន្ធឹងចាប់ពីច្រកភ្នំអាក្រាប៊ីម គឺចាប់ពីសេឡាឡើងទៅ។