ជំពូក ១

1 ខ្ញុំ យ៉ាកុប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបានបែកខ្ញែកគ្នា សូមជ្រាប។ 2 បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ​​វិញ។​ 3 បងប្អូនដឹងហើយថា ការល្បងលជំនឿរបស់បងប្អូននឹងធ្វើឲ្យបងប្អូនចេះស៊ូទ្រាំ។ 4 សូមឲ្យបងប្អូនស៊ូទ្រាំលុះដល់បានសម្រេច ដើម្បីបង្កើតផលផ្លែដ៏ល្អគ្រប់លក្ខណៈ ហើយបងប្អូននឹងមានគុណសម្បត្តិល្អសព្វគ្រប់ ដោយមិនខ្វះខាតអ្វីសោះឡើយ។ 5 ប៉ុន្តែ ប្រសិនបើបងប្អូនណាម្នាក់ត្រូវការប្រាជ្ញា ត្រូវតែទូលសូមពីព្រះជាម្ចាស់ ព្រះអង្គនឹងប្រទានឲ្យជាប្រាកដ ដ្បិតព្រះអង្គនឹងប្រទានដោយព្រះហឫទ័យទូលាយ ដោយគ្មានបន្ទោសសោះឡើយ។ 6 ប៉ុន្តែ ​ចូរឲ្យអ្នកនោះទូលសូមដោយជំ​នឿ ដោយគ្មានការ​សង្ស័យ​ ដ្បិតអ្នក​ដែល​មាន​ចិត្ត​សង្ស័យ គឺដូចជា​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ 7 ដ្បិតសូមកុំគិតថាមនុស្ស​នោះ​ នឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ។ 8 អ្នកនោះ​ជា​មនុស្ស​មាន​ចិត្ត​សង្ស័យ និងមានចិត្តមិននឹងន​ក្នុងកិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។ 9 សូម​ឲ្យ​បងប្អូន​ដែល​ក្រីក្រមានមោទនភាពឡើង ព្រោះព្រះជាម្ចាស់នឹងលើក​តម្កើងពួកគេឡើង 10 ប៉ុន្តែ ចំពោះ​អ្នក​មាន​ទ្រព្យវិញក៏ត្រូវមានមោទនភាពដែរព្រោះនឹងត្រូវបានបន្ទាបចុះ ដ្បិតទ្រព្យសម្បត្តិរបស់អ្នក​នោះនឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កាស្មៅ។ 11 លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើមវា​ក៏​ស្វិត​ក្រៀមផ្កា​ក៏​រុះ‌រោយ ហើយ​លម្អរបស់​វា​ក៏​រលាយ​បាត់​ទៅដែរ។ ដូចគ្នានេះដែរ អ្នក​មាន​ក៏​នឹងត្រូវ​រុះ‌រោយ​បាត់​ទៅ​តាមរបៀបនេះ នៅត្រឹមកណ្តាលផ្លូវ។ 12 មានពរហើយ អ្នកណាដែលស៊ូទ្រាំនឹងការល្បងលបាន។ ដ្បិតក្រោយពេលគាត់បានជាប់ពីការល្បងលហើយ គាត់នឹងទទួលបានមកុដជីវិត តាមព្រះបន្ទូលសន្យា ចំពោះអស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់។ 13 សូមកុំឲ្យ​នរណា​ម្នាក់ពេលជួប​ការ​ល្បួងនិយាយ​ថា៖ «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំឡើយ» ព្រោះការអាក្រក់មិនអាច​ល្បួង​ព្រះ‌ជាម្ចាស់​បានឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ម្នាក់ដែរ។ 14 ប៉ុន្តែ គ្រប់គ្នាទទួលការល្បួងដោយសារបំណងចិត្ត និងភាពលោភលន់របស់ខ្លួនវិញ ដែលបានអូសទាញ និងលួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។ 15 បន្ទាប់ពីបំណងចិត្តចាប់ទុំក្នុងផ្ទៃ វានឹងសម្រាលចេញមកជាអំពើបាប ហើយក្រោយពីបាបនោះបានលូតលាស់ធំហើយ វានឹងប្រសូតជាសេចក្តីស្លាប់។ 16 ​បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ចាញ់ការបោកបញ្ជោតឡើយ។ 17 អំណោយ​ដ៏​ល្អៗទាំងឡាយ និង​អំណោយដ៏​គ្រប់​លក្ខណៈ​ សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ គឺ​មក​ពី​ព្រះ‌បិតានៃ​ពន្លឺ ។ ព្រះអង្គ​មិន​ប្រែប្រួលឡើយ សូម្បី​តែ​ស្រមោល​នៃ​ការប្រែប្រួល​ក៏​គ្មាន​ផង។ 18 ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដូច្នេះ ​យើង​នឹងក្លាយ​ជា​ផល​ដំបូង​​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បានបង្កើត​មក។ 19 បងប្អូនជាទីស្រឡាញ់​អើយ បងប្អូន​សុទ្ធ​តែ​ដឹង​ហើយ សូមឲ្យគ្រប់គ្នារហ័សនឹង​ស្ដាប់ តែ​យឺតនឹង​និយាយ ហើយយឺតនឹង​ខឹងផងដែរ។ 20 ដ្បិត​ ​កំហឹង​របស់មនុស្សមិនអាច​ធ្វើ​​តាម​សេចក្ដី​សុចរិតនៃ​ព្រះ‌ជាម្ចាស់​ឡើយ។ 21 ដូច្នេះ ចូរ​លះ‌បង់​នូវអំពើបាប​គ្រប់​យ៉ាង និង​ចិត្តឃោរ‌ឃៅ​ទាំងនោះ​ចោលចេញ​ទៅ។ ចូរបន្ទាបខ្លួនដើម្បីទទួលការបំប៉នពី​ព្រះ‌បន្ទូល ​ដែលអាច​​សង្គ្រោះ​ព្រលឹង​របស់​បងប្អូនបាន។ 22 ចូរ​ធ្វើ​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្ដាប់ហើយបញ្ឆោត​ចិត្ត​ខ្លួនឯង​ឡើយ។ 23 ដ្បិតអ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​មិន​ប្រតិបត្តិតាម អ្នក​នោះ​ប្រៀប​ដូចជា​មនុស្ស​ ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន 24 ក្រោយ​ពិនិត្យ​មើល​រួច​ហើយ ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថាសូម្បី​តែមុខ​ខ្លួន​ឯង​បែបយ៉ាងណា​ផង។ 25 ប៉ុន្តែ អ្នកដែលមើលដោយយកចិត្តទុកដាក់ ចំពោះក្រឹត្យវិន័យនៃសេរីភាពដ៏គ្រប់លក្ខណៈ ហើយបន្ត​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ អ្នក​នោះ​នឹង​បានពរក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​។ 26 បើសិនជា​នរណា​ម្នាក់​គិត​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​គ្រប់គ្រងអណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោតចិត្ត​ខ្លួន​ឯង​ហើយ ការកាន់សាសនារបស់គាត់ក៏គ្មាន​ប្រយោជន៍​អ្វី​ដែរ។ 27 ឯសាសនាដែលវិសុទ្ធ និងគ្មានកន្លែងបន្ទោសបាន នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌បិតា ​គឺជាការជួយក្មេង​កំព្រា និង​ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ហើយ​​រក្សា​ខ្លួន​ឲ្យ​ល្អ ចៀសចេញពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។