1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅខែទីប្រាំមួយ នៃថ្ងៃទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយះ ព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនលោកសាលធាល ជាមន្ត្រីនៃជនជាតិយូដា និងដល់សម្តេចសង្ឃយេសួរ ជាកូនរបស់លោកយ៉ូសាដាកថា ពោលថា 2 «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ប្រជាជនទាំងនេះពោលថា វាមិនទាន់ដល់ពេលដែលត្រូវសង់ព្រះដំណាក់នៃព្រះអម្ចាស់ឡើងវិញទេ។ 3 ក្រោយមក ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកពួកគេតាមរយះព្យាការីហាកាយថា 4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើជាវេលាដែលឲ្យអ្នករាល់គ្នាគួរ រស់នៅក្នុងផ្ទះដែលរៀបចំដោយឈើដ៏មានតម្លៃដូច្នេះឬ?» 5 ឥឡូវនេះព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរអ្នករាល់គ្នារិះគិតផ្លូវប្រពឹត្រ្តរបស់ខ្លួនចុះ។ 6 អ្នករាល់គ្នាសាបព្រោះ ច្រើន ប៉ុន្តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ស្កល់់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្តៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកក្នុងថង់ធ្លុះ! 7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរអ្នករាល់គ្នារិះគិតផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ» 8 ចូរនាំគ្នាឡើងទៅលើភ្នំ ហើយយកឈើមកសង់ជាដំណាក់របស់យើង ដូច្នេះយើងពេញចិត្តដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 អ្នករាល់គ្នាប្រថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច អ្នករាល់គ្នាយកផលទាំនោះដាក់ចូលទៅក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ! តើហេតុអ្វី? ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ខណៈពេលដែលអ្នករាល់គ្នាខ្នះខ្នែងពីរឿងផ្ទះសំបែងរបស់ខ្លួន។ 10 ហេតុដូច្នេះបានជាមេឃទប់មិនឲ្យមានភ្លៀងធ្លាក់ ហើយដីក៏មិនបង្កើតផលផ្លែឲ្យអ្នករាល់គ្នាដែរ 11 យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់មកលើផែនដី ហើយលើភ្នំ តាមវាលស្រែ លើចំការទំពាំងបាយជូ ចំការអូលីវ លើផលដំណាំនៅផែនដីនេះ លើមនុស្ស លើសត្វ និងកិច្ចការដែលអ្នករាល់គ្នាធ្វើ នោះនឹងមិនបង្កើតផលផ្លែឡើយ!» 12 ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាល់មានបន្ទូលមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោក យ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសល់ ចូរឲ្យពួកគេស្តាប់បង្គាប់សេចក្តីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ តាមរយះព្យាការីហាកាយ ដោយកោតខ្លាចដល់ព្រះអម្ចាស់ 13 ពេលនោះលោកហាកាយ បាននាំយកព្រះបន្ទូលព្រះអម្ចាស់ដែលមានប្រសាសន៍ ទៅកាន់ប្រជាជន តាមរយៈព្រះបន្ទូលរបស់ព្រះអម្ចាស់ «យើងសិ្ថតនៅជាមួយអ្នករាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអមា្ចាស់!» 14 ខណៈនោះព្រះអម្ចាស់បានដាស់តឿនស្មារតី លោកស៉ូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមន្ត្រីរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអម្ចាស់ក៏បានដាស់តឿនស្មារតីប្រជាជនដែលនៅសេសសល់ ពួកគេនាំគ្នាមក ហើយចាប់ផ្តើមសង់ព្រះដំណាក់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ 15 នៅថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។