ជំពូក ១

1 ខ្ញុំ ប៉ូល ជាសាវក ដែលពុំមែនតែងតាំងដោយមនុស្សលោក ឬជនណាមួយឡើយ ប៉ុន្តែ តែងតាំងដោយព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះបិតា ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ 2 និងបងប្អូនទាំងអស់គ្នាដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ 3 សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តបានប្រទានព្រះគុណ និងសេចក្តីសុខសាន្តដល់បងប្អូនទាំងអស់គ្នា។ 4 ព្រះអម្ចាស់បានលះបង់​ព្រះជន្មជំនួសបាបយើង ដើម្បីរំដោះយើងចេញពីសម័យអាក្រក់ នាពេលបច្ចុប្បន្ននេះ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ និងព្រះបិតានៃយើង។ 5 សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅអស់កល្បតរៀងទៅ។ អាម៉ែន។ 6 ខ្ញុំឆ្ងល់ណាស់ ដោយបានឃើញបងប្អូនឆាប់បែរចេញពីព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនដោយសារព្រះគុណព្រះគ្រិស្ត។ ខ្ញុំឆ្ងល់ណាស់ ដោយបានឃើញបងប្អូនបែរទៅរកដំណឹងល្អផ្សេងមួយទៀត។ 7 មិនគួរយើងនិយាយថា មានដំណឹងល្អមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះនាំបងប្អូនឲ្យវឹកវរ និងចង់ផ្លាស់ប្តូរដំណឹងល្អរបស់ព្រះគ្រិស្តប៉ុណ្ណោះ។ 8 ប៉ុន្តែ ទោះបីជាយើង ឬទេវតាណាមួយមកពីស្ថានបរមសុខប្រកាសដំណឹងល្អផ្សេង ក្រៅពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន​ សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ 9 ដូចខ្ញុំបានជម្រាបប្រាប់បងប្អូនរួចមកហើយ ឥឡូវនេះខ្ញុំសុំប្រាប់បងប្អូនម្តងទៀតថា ៖ «ប្រសិនបើ មាននរណាម្នាក់ប្រកាសដំណឹងល្អផ្សេង ក្រៅពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន​ សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ»។ 10 តើឥឡូវនេះខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហប្ញទ័យព្រះជាម្ចាស់? តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស? បើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស នោះខ្ញុំលែងជាអ្នកបម្រើព្រះគ្រិស្តហើយ។ 11 បងប្អូនអើយ ខ្ញុំចង់ជម្រាបបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នោះ ពុំមែនចេញមកពីមនុស្សទេ។ 12 ដ្បិត ខ្ញុំពុំបានទទួលមកពីមនុស្ស ឬនរណាម្នាក់បង្រៀនខ្ញុំឡើយ។ ផ្ទុយទៅវិញ គឺព្រះយេស៊ូគ្រិស្តបើកសម្តែងប្រាប់ខ្ញុំដោយផ្ទាល់។ 13 អ្នករាល់គ្នាបានឮគេនិយាយគ្នាអំពីជីវិតខ្ញុំពីដើម ដែលជាអ្នកកាន់សាសនាយូដា និងរបៀបខ្ញុំបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងសាហាវ និងរបៀបខ្ញុំព្យាយាមបំផ្លាញក្រុមជំនុំទៀតផង។ 14 ខ្ញុំទទួលការអប់រំជ្រៅជ្រះខាងសាសនាយូដា លើសជាងអ្នកឯទៀតៗនៅអាយុស្រករខ្ញុំ និងជាជនរួមជាតិខ្ញុំដែរ។ ខ្ញុំមានចិត្តឧស្សាហ៍ខ្នះខ្នែងកាន់តាមប្រពៃណីរបស់បុព្វបុរសខ្ញុំ។ 15 ប៉ុន្តែ ពេលព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ តាំងពីផ្ទៃម្តាយមកម៉េ្លះ និងបានត្រាស់ហៅខ្ញុំដោយសារព្រះគុណព្រះអង្គ 16 នោះទ្រង់គាប់ព្រះហប្ញទ័យបើកសម្តែងព្រះបុត្រាឲ្យខ្ញុំស្គាល់ ដូច្នេះ ខ្ញុំបានប្រកាសដំណឹងល្អពីព្រះបុត្រានោះ ក្នុងចំណោមសាសន៍ដទៃ ដោយខ្ញុំពុំបានទៅប្រឹក្សាយោបល់ពីនរណាម្នាក់ 17 ហើយខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡិម ទៅជួបពួកសាវកមុនៗខ្ញុំនោះដែរ។ ផ្ទុយទៅវិញ ខ្ញុំបានឡើងទៅស្រុកអារ៉ាប់ រួចត្រឡប់មកក្រុងដាម៉ាសវិញ។ 18 បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមទៅជួបលោកកេផាស រួចស្នាក់នៅជាមួយលោកអស់ដប់ប្រាំថ្ងៃ។ 19 ប៉ុន្តែ ខ្ញុំពុំបានជួបសាវកណាម្នាក់ក្រៅពីលោកយ៉ាកុប ដែលជាប្អូនប្រុសរបស់ព្រះអម្ចាស់ឡើយ។ 20 សេចក្តីដែលខ្ញុំបានសរសេរប្រាប់បងប្អូន ឥតកុហកឡើយ ព្រោះមានព្រះជាម្ចាស់ជាសាក្សីស្រាប់។ 21 បន្ទាប់មក ខ្ញុំបានឡើងទៅស្រុកស៊ីរី និងគីលីគា។ 22 ក្រុមជំនុំនានាជឿព្រះគ្រិស្តនៅស្រុកយូដា នៅតែពុំបានស្គាល់ខ្ញុំនៅឡើយ។ 23 ពួកគេគ្រាន់តែបានឮថា៖ «មានបុរសម្នាក់ដែលធ្លាប់បៀតបៀនពួកយើង ឥឡូវនេះកំពុងប្រកាសជំនឿ ដែលគាត់ព្យាយាមបំផ្លាញកាលពីមុនទៅវិញ»។ 24 ដូច្នេះ ពួកគេលើកតម្កើងសិរីរុងរឿងដល់ព្រះជាម្ចាស់ ដោយសារតែខ្ញុំ។