ជំពូក ១

1 ទាំងនេះគឺជាឈ្មោះកូនចៅអ៊ីស្រាអែល ដែលបានចុះមកអេស៊ីបជាមួយលោកយ៉ាកុប ម្នាក់ៗតាមគ្រួសាររបស់គេ។ 2 មាន លោករូបេន លោកស៊ីម្មាន លោកលេវី លោកយូដា 3 លោកអ៊ីសា‌ខារ លោកសាប់យូ‌ឡូន លោកបេន‌យ៉ាមីន 4 លោកដាន់ លោកណែប‌ថាលី លោកកាដ និងលោក​អេ‌ស៊ើរ។ 5 មនុស្សទាំងអស់ដែលនៅក្នុងពូជពង្សរបស់លោកយ៉ាកុបមានចំនួនចិតសិបនាក់។ លោកយ៉ូសែបរស់នៅក្នុងទឹកដីអេស៊ីបរួចរាល់ហើយ។ 6 លោកយ៉ូសែប និងបងប្អូនរបស់គាត់ទាំងអស់ និងមនុស្សនៅជំនាន់នោះទាំងអស់បានស្លាប់អស់ទៅ។ 7 ជនជាតិអ៊ីស្រាអែលបានបង្កើតកូន មានចំនួនកើនឡើងជាច្រើនសន្ធឹកសន្ធាប់ ហើយមានកម្លាំងកាន់តែខ្លាំងឡីេង ពួកគេរស់នៅពេញទឹកដីនោះ។ 8 នៅគ្រានោះ មានស្តេចថ្មីមួយអង្គបានគ្រប់គ្រងនៅអេស៊ីប ស្តេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ 9 ស្តេចនោះមានបន្ទូលទៅកាន់រាស្រ្តរបស់ព្រះអង្គថា៖ «មើល៍ ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនណាស់ ហើយខ្លាំងជាងយើងទៀត។ 10 មក៍ ចូរយើងប្រព្រឹត្តនឹងពួកគេដោយប្រាជ្ញាចុះ បើមិនដូច្នោះទេ ពួកគេនឹងមានចំនួនកាន់តែច្រើនឡើងហើយ ហើយប្រសិនបើមានសង្រ្គាមកើតឡើង ពួកគេនឹងចូលរួមជាមួយខ្មាំងសត្រូវ ប្រយុទ្ធជាមួយយើង ហើយនឹងចាកចេញពីស្រុក»។ 11 ដូច្នេះ ជនជាតិអេស៊ីបបានដាក់មេត្រួតត្រាលើពួកគេ ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលបានសង់ក្រុង​​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់ធ្វើជាឃ្លាំងថ្វាយស្តេច​ផារ៉ោន។ 12 ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនពួកគេខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលមានចំនួនកាន់តែច្រើន ហើយរស់នៅពេញទឹកដីនោះ។ ដូច្នេះ ជនជាតិអេស៊ីបបានចាប់ផ្តើមភ័យខ្លាចជនជាតិអ៊ីស្រាអែល។ 13 ជនជាតិអេស៊ីបបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ។ 14 ជនជាតិអេស៊ីបបានធ្វើឲ្យពួកគេរស់នៅដោយភាពជូរល្វីង គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ។ ការដែលពួកគេតម្រូវនោះ​គឺធ្វើ​ការ‌ងារ​ដ៏​ធ្ងន់‌ធ្ងរ​គ្រប់​យ៉ាង។ 15 បន្ទាប់មក ស្តេចរបស់អេស៊ីបបានមានបន្ទូលទៅកាន់ឆ្មបជនជាតិហេព្រើរ​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ហើយម្នាក់​ទៀតឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេព្រើរ 16 ដោយបន្ទូលថា៖ «នៅពេលនាងជួយស្ត្រីជនជាតិហេព្រើរសម្រាលកូន ចូរសង្កេតមើល នៅពេលពួកគេសម្រាល។ ប្រសិនបើ កើតមកជាកូនប្រុស ដូច្នេះ អ្នកត្រូវសម្លាប់វាចោលទៅ ប៉ុន្តែ ប្រសិនបើជាកូនស្រីវិញ ទុកឲ្យវារស់នៅចុះ»។ 17 ប៉ុន្តែ ឆ្មបជាមនុស្សកោតខ្លាចព្រះជាម្ចាស់ ហើយមិនបានធ្វើដូចដែលស្តេចអេស៊ីបបានបង្គាប់ដល់ពួកគេទេ។ ផ្ទុយទៅវិញពួកគេទុកឲ្យកូនប្រុសមានជីវិត។ 18 ស្តេចអេស៊ីបបានកោះហៅឆ្មបទាំងពីរនាក់មក ហើយមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ហើយអនុញ្ញាតឲ្យកូនប្រុសនៅរស់ដូច្នេះ?» 19 ឆ្មបទាំងពីរទូលឆ្លើយទៅស្តេចផារ៉ោនថា៖ «ស្ត្រីជនជាតិហេព្រើរមិនដូចជាស្រី្តជនជាតិអេស៊ីបទេ។ ពួកគេរឹងប៉ឹងណាស់ ពួកគេសម្រាលកូនមុនពេលឆ្មបទៅដល់ផង»។ 20 ព្រះជាម្ចាស់បានការពារឆ្មបទាំងនេះ។ ពួកគេមានចំនួនកើនឡើង ហើយកាន់តែខ្លាំងឡើងថែ​មទៀតផង។ 21 ដោយសារឆ្មបបានកោតខ្លាចដល់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានប្រទានពរដល់គ្រួសាររបស់ពួកគេ។ 22 ស្តេចផារ៉ោនបានបង្គាប់ដល់មន្ត្រីរបស់ព្រះអង្គទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវបោះចោលកូនប្រុសទាំងអស់ដែលបានកើតមកទៅក្នុងទន្លេទាំងអស់ ប៉ុន្តែ កូនស្រីទាំងអស់ត្រូវទុកឲ្យរស់វិញ»។