ជំពូក ១

1 នៅគ្រានោះ (ព្រះចៅអហាស៊ូរុសបានសោយរាជ្យលើខេត្តមួយរយម្ភៃប្រាំពីរ គឺចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី) 2 នៅជំនាន់នោះស្តេចអហាស៊ូរុស គង់លើបល្ល័ងរាជ្យនៅក្រុងស៊ូសាន។ 3 នៅឆ្នាំទីបីនៃរជ្ជកាល ស្តេចបានរៀបចំពិធីជប់លៀងដល់ពួកមន្ត្រី និងពួកមេដឹកនាំរបស់ស្តេចទាំងអស់។ ព្រមទាំងមេទ័ពពើស៊ី និងមេឌី អភិជន និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ 4 ស្តេចទ្រង់ចង់បង្ហាញអស់ទាំងរាជសម្បត្តិដ៏ស្តុកស្តម្ភ និងកិត្តិយសនៃសិរីរុងរឿងដ៏វិសេសរបស់ទ្រង់ អស់រយះពេលជាច្រើនថ្ងៃ គឺអស់រយៈពេល180ថ្ងៃ។ 5 នៅពេលផុតថ្ងៃទាំងនោះហើយ ស្តេចរៀបចំពិធីជប់លៀង អស់រយៈពេលប្រាំពីរថ្ងៃ។ ការនេះសម្រាប់ប្រជាជនទាំងអស់ ដែលនៅក្រុងស៊ូសាន នៅក្នុងទីធ្លាឧទ្យាននៃដំណាក់របស់ស្តេច។ 6 នៅពីចំហៀងនៃសួនច្បារត្រូវបាន តុបតែងជាមួយសំពត់ពណ៍ស និងពណ៍ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៍ស ភ្ជាប់ទៅនឹងខ្សែខ្លូតទេសពណ៍ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់។ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ ដាក់លើកម្រាលថ្មកែវពណ៍ក្រហម ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។ 7 គេបម្រើដោយដាក់ស្រាក្នុងពែងមាស។ ជាពែងដែលមានក្បាច់រចនាប្លែកៗពីគ្នា ហើយស្តេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៍។ 8 តាមព្រះរាជបញ្ជារបស់ស្តេច ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិនចាំបាច់នឹងខ្លាចខ្វះខាតអ្វីឡើយ​ «គ្មានការការបង្ខិតបង្ខំទេ»។ ដ្បិតស្តេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមដែលភ្ញៀវចង់បាន។ 9 ព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏រៀបចំពិធីជប់លៀងសម្រាប់ពួកស្ត្រីនៅក្នុងវំាងរបស់ព្រះចៅអហាស៊ូរុសដែរ។ 10 នៅថ្ងៃទីប្រាំពីរ កាលស្តេចមានព្រះហប្ញទ័យសប្បាយ ដោយសារស្រា ស្តេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថាលោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ​ និងលោកកើកាស (មហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្តេច) 11 ឲ្យទៅយាងព្រះនាងវ៉ាសធី​ ជាអគ្គមហេសីមកគាល់ស្តេច ទាំងពាក់មកុដរាជ្យ។ ដើម្បីបង្ហាញដល់ប្រជាជន និងមេដឹកនំាឲ្យឃើញរូបឆោមដ៏ស្រស់ស្អាតរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរឲ្យគយគន់។ 12 ប៉ុន្តែព្រះនាងវ៉ាសធី មិនព្រមយាងមកតាមព្រះរាជបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ស្តេចទ្រង់ពិរោធយ៉ាងខ្លាំង ហើយកំហឹងនោះក៏ឆេះឆួលក្នុងព្រះហប្ញទ័យជាខ្លាំង។ 13 ដូច្នេះ ស្តេចក៏សួរយោបល់ទៅកាន់ពួកអ្នកប្រាជ្ញ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្តេច (ដ្បិតនេះជាទម្លាប់របស់ស្ដេចតែងតែពិគ្រោះនឹងអ្នកចេះស្ទាត់ខាងច្បាប់ដើម្បីវិនិច្ឆ័យ)។ 14 ហើយអ្នកដែលនៅជិតដិតនឹងស្តេចមានលោក កើសេនា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូនកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្តេច ហើយមានមុខតំណែងខ្ពស់នៅក្នុងរាជាណាចក្រ។ 15 «នៅក្នុងច្បាប់​វិញ តើត្រូវធ្វើដូចម្តេចចំពោះព្រះនាងវ៉ាសធី ជាអគ្គមហេសី ដោយព្រោះមិនធ្វើតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ? 16 លោកមមូនកានមានប្រសាសន៍នៅចំពោះស្តេច និងពួកមេដឹកនាំថា «ព្រះនាងវ៉ាសធី ជាអគ្គមហេសីបានធ្វើខុស មិនមែនត្រឹមតែចំពោះព្រះរាជាប៉ុណ្ណោះ គឺបានធ្វើឲ្យប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មានរបស់ព្រះចៅអហាស៊ូរុសទៀតផង។ 17 ដ្បិតការប្រព្រឹត្តរបស់អគ្គមហេសីបានលេចឮដល់ស្ត្រីទាំងអស់។ ហើយបណ្តាលឲ្យគេមើលងាយប្តីរបស់ខ្លួន។​ ពួកគេនឹងនិយាយថា ព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យគេនាំព្រះនាងវ៉េសធី ជាអគ្គមហេសី មកគាល់ទ្រង់ តែព្រះនាងមិនព្រមធ្វើតាម។ 18 នៅថ្ងៃនោះ ពួកជំទាវនៃជនជាតិពែរ្ស និងជនជាតិមេឌីទាំងប៉ុន្មាន ដែលបានឮពីទង្វើរបស់អគ្គមហេសី ដែលមិនស្តាប់បង្គាប់ព្រះករុណា នោះពួកគេមុខជាធ្វើបែបនេះចំពោះប្តីរបស់ខ្លួន ដែលជាមេដឹកនាំរបស់ព្រះករុណាដូច្នោះដែរ។ ជាហេតុធ្វើឲ្យប្តីមានកំហឹង ព្រោះតែភរិយាមើលងាយ។ 19 ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ សូមទ្រង់ចេញរាជបញ្ជា​ ហើយឲ្យគេចែងទុកក្នុងច្បាប់នៃជនជាតិពើពែរ្ស និងជនជាតិមេឌី ដែលមិនអាចប្រែប្រួលបានឡើយ គឺថាកុំឲ្យព្រះនាងវ៉ាសធីចូលមកជួបព្រះភក្រ័្ត ព្រះករុណារហូតតទៅ។ ហើយសូមព្រះករុណាផ្ទេរតំណែងជាមហេសីរបស់ព្រះនាងឲ្យទៅព្រះមហេសីមួយអង្គទៀត ដែលល្អប្រសើជាងព្រះនាង។ 20 កាលណាសេចក្តីសម្រេចរបស់ព្រះរាជាបានប្រកាសពាសពេញនគររបស់ទ្រង់ នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិប្តីរបស់ខ្លួន តាំងពីអ្នកធំ រហូតដល់អ្នកតូច»។ 21 ព្រះរាជាសព្វព្រះហប្ញទ័យនឹងយោបល់នេះណាស់ ហើយអស់ពួកមេដឹកនាំក៏ពេញចិត្តដែរ ហើយព្រះរាជាក៏ធ្វើតាមសំណើររបស់លោកមមូនកាន។ 22 ស្តេចផ្ញើរាជសារទៅគ្រប់អាណាខេត្តទាំងអស់ តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអណាខេត្តនីមួយៗ។ ដោយប្រកាសឲ្យបុរសទាំងអស់ធ្វើជាមេលើគ្រួសារបស់ខ្លួន។ ហើយរាជ្យសារនេះបានធ្វើទៅមនុស្សនិងគ្រប់ភាសារបស់គេរាងៗខ្លួន។