ជំពូក ១

1 ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានចាក់ប្រេងតាំង និងលោក​ធីម៉ូថេដែលជាបងប្អូនរបស់យើង 2 ទៅដល់អ្នកដែលមានជំនឿ ហើយបងប្អូនដ៏ស្មោះត្រង់នៅក្នុងព្រះគ្រិស្ត ដែលនៅក្រុងកូឡូស។ សូមព្រះគុណ និងសេចក្ដីសុខសាន្ត ដែលមកពីព្រះបិតានៃយើង កើតមានដល់អ្នករាល់គ្នា។ 3 សូមអរព្រះគុណដល់ព្រះជាម្ចាស់ និងព្រះបិតា​នៃព្រះយេស៊ូគ្រិស្ត ហើយយើងតែងតែអធិស្ឋានសម្រាប់បងប្អូនជានិច្ច។ 4 យើងបានឮពីជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្តយេស៊ូ និងសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 5 អ្នកមានសេចក្ដីស្រឡាញ់នេះ ដោយសារតែសេចក្ដីសង្ឃឹមជឿជាក់ ដែលបានបម្រុងទុកសម្រាប់អ្នកនៅស្ថានបរមសុខ។ អ្នកបានឮពីសេចក្ដីសង្ឃឹមនេះពីមុន តាមរយៈព្រះបន្ទូលនៃសេចក្តីពិត គឺដំណឹងល្អ 6 ដែលបានមកដល់អ្នក។ ដំណឹងល្អនេះកំពុងតែបង្កើតផលផ្លែ និងរីកចម្រើននៅក្នុងពិភពលោកទាំងមូល។ ដំណឹងល្អនេះស្ថិតនៅក្នុងអ្នកចាប់តាំងពីថ្ងៃអ្នកបានឮ​ ហើយបានស្វែងយល់អំពីព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដី​ពិត។ 7 នេះគឺជាដំណឹងល្អដែលអ្នកបានរៀនពីលោកអេប៉ាប្រាស ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង ដែលបានបម្រើព្រះគ្រិស្តយ៉ាងស្មោះត្រង់សម្រាប់បងប្អូន។ 8 លោកអេប៉ា‌ប្រាសបានធ្វើឲ្យយើងស្គាល់ពីសេចក្ដីស្រឡាញ់ ដែលមាននៅក្នុងព្រះវិញ្ញាណ។ 9 ព្រោះតែសេចក្ដីស្រឡាញ់នេះ ចាប់តាំងពីថ្ងៃដែលយើងបានដឹងពីដំណឹងនេះ យើងមិនដែលឈប់ក្នុងការអធិស្ឋានសម្រាប់បងប្អូនទេ។ យើងបានទូលសុំឲ្យអ្នកមានប្រាជ្ញា និងចំណេះដឹង ព្រមទាំងតម្រិះដែលមកពីព្រះវិញ្ញាណ។​ 10 យើងបានអធិស្ឋានឲ្យអ្នកដើរដោយបែបសមគួរ ដែលគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ គ្រប់វិស័យ។ យើងបានអធិស្ឋានឲ្យអ្នកបានបង្កើតផលផ្លែ គ្រប់ការល្អទាំងអស់ ដែលបងប្អូនធ្វើ ហើយរីកចម្រើនឡើងក្នុងការស្គាល់ព្រះជាម្ចាស់។ 11 យើងបានអធិស្ឋានឲ្យបងប្អូនមានកម្លាំង និងសមត្ថភាពគ្រប់យ៉ាង ស្របតាមប្ញទ្ធានុភាពនៃសិរីរុងរឿង ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំ និងអត់ធ្មត់បាន។ 12 យើងអធិស្ឋានឲ្យបងប្អូនមានអំណរក្នុងការអរព្រះគុណដល់ព្រះបិតា ដែលបានធ្វើឲ្យអ្នកអាចចូលរួមទទួលមរតកជាមួយអ្នករួមជំនឿនៅក្នុងពន្លឺ។ 13 ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្ដីងងឹត ហើយបាននាំយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 14 នៅក្នុងព្រះបុត្រា យើងបានទទួលការប្រោសលោះ និងបានរួចពីបាប។ 15 ព្រះបុត្រាជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលមិនឃើញ។ ព្រះអង្គជាកូនច្បង ដែលកើតមុនកំណើតផែនដី។ 16 ដោយសារព្រះអង្គ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងគ្រប់ទាំងអស់ ដែលមាននៅស្ថានសួគ៌ និងនៅលើផែនដី ទាំងអ្វីៗដែលមើលមិនឃើញ និងមើលឃើញ។ គ្រប់ទាំងអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា អ្វីៗទាំងអស់បង្កើតឡើងដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ 17 ព្រះជាម្ចាស់មានមុនអ្វីៗទាំងអស់ ហើយក្នុងព្រះអង្គអ្វីៗទាំងអស់ទ្រទ្រង់ជាមួយគ្នា។ 18 ព្រះអង្គជាព្រះសិរសានៃព្រះកាយ គឺក្រុមជំនុំ។ ព្រះអង្គជាទីចាប់ផ្ដើម និងជាកូនច្បងពីចំណោមមនុស្សស្លាប់ ដូចនេះហើយបានជាព្រះអង្គជាទីមួយ ក្នុងចំណោមរបស់ទាំងអស់។ 19 ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ ឲ្យគ្រប់លក្ខណៈសម្បត្តិព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ 20 ព្រះអង្គបានផ្សះផ្សាតាមរយៈព្រះបុត្រា ហើយ អ្វីៗទាំងអស់សម្រាប់ព្រះអង្គ។ ព្រះជាម្ចាស់បានបង្កើតសន្តិភាពតាមរយៈការសុគតនៅលើឈើឆ្កាង។ ព្រះជាម្ចាស់បានផ្សះផ្សាការទាំងអស់ ដើម្បីព្រះអង្គ មិនថាអ្វីៗដែលនៅលើផែនដី ឬក៏អ្វីដែលនៅលើស្ថានបរមសុខទេ។ 21 កាលពីដើម បងប្អូនរាល់គ្នាជាមនុស្សបរទេស នៅចំពោះព្រះជាម្ចាស់ ហើយក៏ជាសត្រូវរបស់ព្រះអង្គ ដោយសារតែគំនិត និងអំពើអាក្រក់ដែលយើងបានធ្វើ។ 22 តែឥឡូវនេះ ព្រះជាម្ចាស់បានផ្សះផ្សាបងប្អូន ដោយបូជាព្រះកាយព្រះអង្គ រហូតដល់សុគត។ ព្រះអង្គធ្វើការនេះ ដើម្បីឲ្យអ្នកបានបរិសុទ្ធ គ្មានកន្លែងបន្ទោស និងឥតសៅហ្មង ហើយអាចឈរនៅចំពោះព្រះភ័ក្រ្តព្រះអង្គបាន។ 23 បើសិនអ្នកនៅតែបន្តជំនឿដែលរឹងប៉ឹងហើយខ្ជាប់ខ្ជួន ដែលមិនឃ្លាតឆ្ងាយពីសេចក្ដីសង្ឃឹមនៃដំណឹងល្អ ដែលអ្នកធ្លាប់បានឮពីមុនមក។ នេះជាដំណឹងល្អដែលបានប្រកាសប្រាប់ មនុស្សទាំងអស់នៅក្រោមមេឃ។ នេះជាដំណឹងល្អដែលនាំឲ្យខ្ញុំ ប៉ូល ក្លាយជាអ្នកបម្រើ។ 24 ឥឡូវនេះ ខ្ញុំមានអំណរនៅក្នុងទុក្ខលំបាករបស់ខ្ញុំសម្រាប់បងប្អូន ហើយខ្ញុំបំពេញរូបកាយខ្ញុំ ដែលគ្មានសេចក្ដីទុក្ខលំបាកនៃព្រះគ្រិស្ត ទុកជាប្រយោជន៍ដល់រូបកាយព្រះអង្គ គឺក្រុមជំនុំ។ 25 នេះជាក្រុមជំនុំដែលខ្ញុំបានបម្រើ ស្របតាមទំនួលខុសត្រូវ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ សម្រាប់បងប្អូនជាប្រយោជន៍សម្រេចតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 26 នេះជាសេចក្ដីពិតដែលលាក់កំបាំងអស់រយៈពេលជាច្រើនជំនាន់មកហើយ ក៏ប៉ុន្តែនៅពេលនេះព្រះអង្គបានបើកសម្ដែងឲ្យឃើញអ្នកជឿព្រះអង្គ បានឃើញ។ 27 អ្នកទាំងនោះហើយ ដែលព្រះជាម្ចាស់សព្វព្រហឫទ័យឲ្យពួកគេបានទទួលសិរីរុងរឿងនៃសេចក្ដីពិត ដែលលាក់កំបាំងក្នុងចំណោមសាសន៍ដទៃ។ ព្រះគ្រិស្តគង់នៅក្នុងអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាមានសង្ឃឹមថា នឹងសិរីរុងរឿងនាពេលអនាគត។ 28 គឺព្រះអង្គនេះហើយដែលនាំឲ្យយើងប្រកាស។ យើងបានដាស់តឿនគ្រប់គ្នា ហើយយើងបានបង្រៀនពួកគេអស់ពីប្រាជ្ញា ដូច្នេះ យើងបានពេញលក្ខណៈសម្បត្តិនៅក្នុងព្រះគ្រិស្ត។ 29 ដោយហេតុនេះហើយបានខ្ញុំខិតខំតស៊ូធ្វើ ដោយពឹងអាងលើកម្លាំងរបស់ព្រះអង្គ ដែលមាននៅក្នុងខ្ញុំ និងពេញដោយប្ញទ្ធានុភាព។