1 សូមជម្រាបមកលោកថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយដែលខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះយេស៊ូបានធ្វើ ហើយបានបង្រៀនកន្លងមក 2 រហូតដល់ថ្ងៃដែលព្រះអង្គឡើងទៅស្ថានបរមសុខ បន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំដល់ក្រុមសាវ័ក ដែលព្រះអង្គបានជ្រើសរើសតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ 3 ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មរស់ពិតមែន។ ព្រះអង្គឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ 4 ព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺពួកគេត្រូវរង់ចាំតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ហើយព្រះអង្គក៏មានបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយ 5 ថាលោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យពួកគេក្នុងទឹក ប៉ុន្តែនៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។ 6 ពួកគេទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់ តើព្រះអង្គនឹងស្តាររាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ 7 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ត្រង់ឯពេលវេលា ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ 8 ប៉ុន្តែអ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។ 9 ពេលព្រះអម្ចាស់ព្រះយេស៊ូមានព្រះបន្ទូលរួចហើយ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ ក្នុងពេលពួកសាវ័កកំពុងតែសម្លឹងមើលព្រះអង្គ។ 10 កាលពួកគេកំពុងតែសម្លឹងមើលទៅស្ថានបរមសុខ ពេលដែលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សចូលមកជិតគេ 11 ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅស្ថានបរមសុខដូច្នេះ? ព្រះយេស៊ូនោះហើយដែលព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញតាមរបៀប ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅស្ថានបរមសុខដូច្នេះដែរ»។ 12 បន្ទាប់មកពួកសាវ័កនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ជាដំណើរថ្ងៃសប្ប័ទ។ 13 លុះបានមកដល់ផ្ទះ ពួកគេឡើងទៅបន្ទប់ខាងលើជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ ក្នុងចំណោមពួកគេ មានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។ 14 ពួកគេរួមចិត្តគំនិតគ្នាព្យាយាមអធិស្ឋាន ក្នុងនោះក៏មានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គផងដែរ។ 16 លោកពេត្រុសក្រោកឈរឡើង នៅកណ្ដាលចំណោមបងប្អូនប្រមាណមួយរយម្ភៃនាក់ហើយនិយាយថា៖ 15 «បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលអត្ថបទគម្ពីរនឹងពេញលេញ ដូចព្រះវិញ្ញាណបានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌអំពីយូដាសជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ 17 យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ 18 (ឥឡូវបុរសម្នាក់នេះបានទិញដីចំការមួយកន្លែងដោយប្រើប្រាក់ដែលគាត់បានមកពីអំពើទុច្ចរិតរបស់គាត់ ក្រោយមក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។ 19 អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ដូច្នេះបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា «ចម្ការរឈាម»)។ 20 ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖ «ចូរឲ្យចម្ការរបស់អ្នកនោះក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ។ និង«ត្រូវឲ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់»។ 21 ហេតុនេះ ជាការសំខាន់ណាស់ ព្រះអង្គនោះហើយដែលបានគង់នៅជាមួួយយើងគ្រប់ពេល គឺជាព្រះអម្ចាស់យេស៊ូដែលបានយាងមក និងយាងឡើងទៅក្នុងចំណោមពួកយើង 22 ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ នេះជាបន្ទាល់អំពីការរស់ឡើងវិញរបស់ព្រះអង្គ»។ 23 គេបាននាំសិស្សពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាស យូស្ទូស និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ 24 ពួកគេក៏នាំគ្នាអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា 25 ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។ 26 សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវកដប់មួយរូបទៀត។