ជំពូក ១

1 ខ្ញុំ ប៉ូល និងលោកស៊ីវ៉ាន ហើយនិងលោកធីម៉ូថេ ជូនចំពោះក្រុមជំនុំថេស្សាឡូនិក នៅក្នុងព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 3 បងប្អូនអើយ យើងត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ជានិច្ចសម្រាប់អ្នករាល់គ្នា។ ដ្បិត ការកោតសរសើរនេះ ដោយសារជំនឿរបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយការស្រឡាញ់គ្នាទៅវិញទៅមករបស់អ្នករាល់គ្នាបានចម្រើនជាបរិបូរដែរ។ 4 ដូច្នេះ យើងខ្លួនឯងក៏និយាយដោយមោទនភាពអំពីការអត់ធ្មត់ និងជំនឿនៅក្នុងគ្រប់ទាំងការរបៀតបៀនរបស់អ្នករាល់គ្នា។ 5 យើងបាននិយាយអំពីទុក្ខលំបាកដែលអ្នកបានទ្រាំទ្រ។ នេះគឺជាសញ្ញានៃការវិនិច្ឋ័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ជាលទ្ធផលដែលរាប់ថាអ្នកស័ក្តសមនឹងព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយព្រះការឈឺចាប់របស់អ្នករាល់គ្នា។ 6 វាគឺជាសេចក្តីសុចរិតសម្រាប់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គបង្វែរទុក្ខវេទនាដល់អស់អ្នកដែលធ្វើទុក្ខដល់យើងវិញ 7 ហើយអ្នកបានសម្រាកជាមួយអស់អ្នកដែលរងទុក្ខជាមួយយើងដែរ។ ព្រះអង្គនឹងធ្វើការនេះ នៅពេលដែលព្រះអម្ចាស់យេស៊ូយាងត្រឡប់ពីស្ថានសួគ៌មកវិញ ជាមួយពួកទេវតាដែលមានអំណាចរបស់ព្រះអង្គ។ 8 នៅក្នុងអណ្តាតភ្លើង ព្រះអង្គសងសឹកលើអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ហើយលើអស់អ្នកដែលមិនឆ្លើយតបចំពោះដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូនៃយើង។ 9 ពួកគេនឹងរងទុក្ខទោសនៃការបំផ្លាញដ៏នៅអស់កល្បជានិច្ច នៅឆ្ងាយពីព្រះវត្តមានរបស់ព្រះជាម្ចាស់ និងពីសិរីល្អដ៏មានចេស្តារបស់ព្រះអង្គ។ 10 ព្រះអង្គនឹងធ្វើការនេះ នៅពេលដែលព្រះអង្គយាងមកនៅថ្ងៃនោះ បានទទួលសិរីល្អដោយសារប្រជារាស្រ្តរបស់ព្រះអង្គ និងទទួលការស្ងើចសរសើរយ៉ាងខ្លាំងពីអ្នកដែលជឿព្រះអង្គទាំងអស់។ ដ្បិត អ្នករាល់គ្នាបានជឿពីបន្ទាល់របស់យើងរួចមកហើយ។ 11 ដោយហេតុនេះហើយ យើងក៏បន្តអធិស្ឋានឲ្យអ្នករាល់គ្នាផងដែរ។ យើងអធិស្ឋានថា ព្រះជាម្ចាស់របស់យើង រាប់អ្នកថា ស័ក្តសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ យើងអធិស្ឋានថា ព្រះអង្គនឹងបំពេញគ្រប់ទាំងចិត្តប៉ងប្រាថ្នានៃការធ្វើការល្អ និងគ្រប់ទាំងការល្អនៃជំនឿជាមួយនឹងអំណាចដែរ។ 12 យើងអធិស្ឋានការទាំងនេះ ដើម្បីឲ្យព្រះនាមរបស់ព្រះអម្ចាស់យេស៊ូនៃយើងបានទទួលសិរីល្អដោយសារអ្នករាល់គ្នា។ យើងអធិស្ឋានថា អ្នកនឹងថ្វាយសិរីល្អដល់ព្រះអង្គ ដោយព្រោះព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។