1 ខ្ញុំប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលោកធីម៉ូថេជាបងប្អូនរបស់យើង សូមជម្រាបសួរដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលនៅក្រុងកូរិនថូស និងបងប្អូនដែលរួមជំនឿទាំងអស់គ្នា ដែលនៅក្នុងស្រុកអាខៃទាំងមូល។ 2 សូមឲ្យបងប្អូនប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តមកពីព្រះដ៏ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 3 សូមលើកតម្កើងព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ ព្រះជាម្ចាស់កម្សាន្តចិត្តយើង គ្រប់ទាំងសេចក្ដីលំបាករបស់យើង។ 4 យើងកម្សាន្តចិត្តអ្នកដទៃដោយសេចក្ដីកម្សាន្តចិត្តដដែល ដែលព្រះជាម្ចាស់បានកម្សាន្តចិត្តយើង។ 5 ដ្បិត ព្រះគ្រិស្តបានរងទុក្ខលំបាកដោយព្រោះយើងច្រើនយ៉ាងណា ដូច្នេះសេចក្ដីកម្សាន្តចិត្តរបស់យើងក៏បានច្រើនឡើងតាមរយៈព្រះគ្រិស្តដែរ។ 6 ប៉ុន្តែប្រសិនបើ យើងមានទុក្ខលំបាក វាជាសេចក្ដីកម្សាន្តចិត្ត និងជាសេចក្តីសង្គ្រោះដល់បងប្អូន។ សេចក្ដីកម្សាន្តចិត្តរបស់បងប្អូនបានធ្វើការយ៉ាងមានប្រសិទ្ធភាពនៅពេលដែលបងប្អូនអត់ធ្មត់ក្នុងការរួមចំណែកក្នុងទុក្ខលំបាក ដូចយើងមានទុក្ខលំបាកដែរ។ 7 យើងមានការជឿជាក់លើបងប្អូនច្បាស់ណាស់ ដ្បិត យើងដឹងថា នៅពេលបងប្អូនរួមចំណែកក្នុងទុក្ខលំបាកយ៉ាងណា បងប្អូនក៏មានចំណែកនៅក្នុងការកម្សាន្តចិត្តដូចគ្នាដែរ។ 8 ដ្បិត យើងមិនចង់ឲ្យបងប្អូនដឹងពីបញ្ហាដែលយើងមាននៅស្រុកអាស៊ីនោះទេ។ ពួកយើងមានបន្ទុកយ៉ាងខ្លាំងដែលយើងមិនអាចទ្រាំទ្របាន ហើយយើងក៏អស់សង្ឃឹមក្នុងនៅរស់ផងដែរ។ 9 ពិតណាស់ ពួកយើងមានទោសស្លាប់នៅជាប់ជាមួយយើង។ ប៉ុន្តែ ការនេះធ្វើឲ្យយើងមិនដាក់សេចក្ដីជំនឿលើខ្លួនរបស់យើងឡើយ ផ្ទុយទៅវិញ យើងបានសេចក្តីជំនឿលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ 10 ព្រះអង្គបានសង្គ្រោះយើងឲ្យចេញពីសេចក្ដីស្លាប់ដ៏គ្រោះថ្នាក់ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។ យើងបានដាក់សេចក្ដីទុកចិត្តរបស់យើងលើព្រះអង្គ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។ 11 ព្រះអង្គនឹងធ្វើការនេះដូចដែលបងប្អូនបានជួយពួកយើងតាមរយៈការអធិស្ឋានរបស់បងប្អូនដែរ។ ហេតុនេះហើយ មនុស្សជាច្រើននឹងអរព្រះគុណព្រះអង្គ ដែលសណ្ដោសប្រណីអត់ទោសដល់យើងតាមរយៈសេចក្ដីទូលអង្វររបស់បងប្អូនជាច្រើន។ 12 យើងមានអំនួតដោយព្រោះ សេចក្ដីបន្ទាល់នៃមនសិការរបស់យើង។ ដ្បិត នេះជាសេចក្តីបរិសុទ្ធ និងស្មោះត្រង់មកពីព្រះជាម្ចាស់ ដែលយើងបានប្រព្រឹត្តដោយខ្លួនយើងនៅក្នុងលោកីយ៍នេះ។ យើងបានធ្វើការទាំងអស់នេះជាច្រើនជាមួយបងប្អូន មិនមែនដោយពឹងអាងលើប្រាជ្ញារបស់យើង ប៉ុន្តែ ដោយពឹងអាងលើព្រះគុណរបស់ព្រះជាម្ចាស់វិញ។ 13 យើងមិនបានសរសេរអ្វីផ្សេងផ្ញើមកបងប្អូន ដែលបងប្អូនអានមិនបាន ឬមិនយល់នោះទេ។ ខ្ញុំសង្ឃឹមថា 14 បងប្អូនបានយល់ពីពួកយើងខ្លះហើយថា បងប្អូនជាហេតុដែលយើងនឹងមានអំនួតនៅក្នុងថ្ងៃរបស់ព្រះអម្ចាស់យេស៊ូ ហើយយើងក៏ជាហេតុដែលធ្វើឲ្យបងប្អូនមានអំនួតដូចគ្នាដែរ។ 15 ដោយសារខ្ញុំមានទំនុកចិត្តអំពីការនេះ បានជាខ្ញុំចង់មករកបងប្អូនមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលអត្ថប្រយោជន៍ពីរដងនៃការមកសួរសុខទុក្ខរបស់ខ្ញុំ។ 16 ខ្ញុំមានគម្រោងមកសួរសុខទុក្ខបងប្អូននៅក្នុងដំណើរដែលខ្ញុំទៅស្រុកម៉ាសេដូន។ បន្ទាប់មកគឺខ្ញុំចង់សួរសុខទុក្ខបងប្អូនម្ដងទៀតក្នុងដំណើរដែលខ្ញុំចេញពីស្រុកម៉ាសេដូន និងដើម្បីឲ្យបងប្អូនជូនដំណើរខ្ញុំទៅស្រុកយូដាផងដែរ។ 17 នៅពេលដែលខ្ញុំគិតពីការនេះ តើខ្ញុំស្ទាក់ស្ទើរមែនទេ? ឬមួយអ្វីដែលខ្ញុំសម្រេចចិត្ដ ខ្ញុំសម្រេចចិត្ដតាមខ្នាតតម្រារបស់មនុស្ស ដូច្នេះហើយបានជាខ្ញុំនិយាយថា «បាទ» ផង «ទេ» ផង ដូច្នេះ? 18 ក៏ប៉ុន្តែ ដោយព្រះជាម្ចាស់ស្មោះត្រង់ ទើបយើងមិនអាចនិយាយ «បាទ» ផង «ទេ» ផងបានទេ។ 19 ដ្បិត ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់ ដែលលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ព្រមទាំងខ្ញុំបានប្រកាសនៅក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនបានមានបន្ទូល «បាទ» ផង «ទេ» ផងនោះទេ។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ។ 20 គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអង្គគឺមានតែ «បាទ» នៅក្នុងព្រះអង្គ។ ដូច្នេះ ដោយព្រោះព្រះអង្គយើងនិយាយថា «អាម៉ែន» ដើម្បីថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ 21 ឥឡូវនេះ ព្រះជាម្ចាស់ហើយដែលបានទទួលយកយើងជាមួយនឹងបងប្អូននៅក្នុងព្រះគ្រិស្ត ហើយព្រះអង្គបានចាក់ប្រេងតាំងយើង។ 22 ទ្រង់បានប្រថាប់ត្រារបស់ព្រះអង្គនៅលើយើង ហើយប្រទានព្រះវិញ្ញាណឲ្យគង់នៅក្នុងដួងចិត្តរបស់យើង ដើម្បីជាការធានានូវអ្វីដែលព្រះអង្គនឹងប្រទានពរដល់យើងនៅពេលក្រោយ។ 23 ផ្ទូយទៅវិញ ខ្ញុំសូមព្រះជាម្ចាស់ឲ្យធ្វើជាសាក្សីសម្រាប់ខ្ញុំ ហេតុដែលខ្ញុំមិនបានមកក្រុងកូរិនថូសនោះ មកពីខ្ញុំយោកយល់ដល់បងប្អូន។ 24 នេះមិនមែនដោយសារពួកយើងចង់ព្យាយាមគ្រប់គ្រងលើជំនឿរបស់បងប្អូនទេ។ ផ្ទុយទៅវិញ ពួកយើងរួមគ្នាធ្វើជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរដោយសារបងប្អូនឈរនៅក្នុងជំនឿរបស់បងប្អូន។