ជំពូក ១

1 ខ្ញុំ ប៉ូលជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ ដែលធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង និងព្រះយេស៊ូគ្រិស្តដែលជាទីសង្ឃឹមរបស់យើង 2 មកដល់ ធីម៉ូថេជាកូនដ៏ពិតប្រាកដក្នុងជំនឿ។ សូមព្រះជាម្ចាស់ដែលជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះជាម្ចាស់នៃយើង ប្រទានព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្តមកដល់យើង។ 3 ខ្ញុំសូមផ្តែផ្តាំអ្នក ពេលខ្ញុំចាកចេញទៅស្រុក​ម៉ាសេ‌ដូន សូមអ្នកស្នាក់នៅក្រុង​អេភេសូ​រនេះ ដូច្នេះ អ្នកអាចហាមប្រាមមនុស្សមួយចំនួនទៀត កុំឲ្យបង្រៀនគោលលទ្ធិខុសឆ្គងណាផ្សេងទៀតឡើយ។ 4 ហើយកុំឲ្យពួកគេជាប់ចិត្តនឹងរឿងព្រេង និងបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនោះបង្កឲ្យមានជម្លោះ ជាជាងការគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ ដោយជំនឿ។ 5 ឥឡូវនេះ គោលបំណងនៃការហាមប្រាមនោះ គឺជាសេចក្តីស្រឡាញ់ចេញពីដួងចិត្តដ៏បរិសុទ្ធ មនសិកាជ្រះថ្លា និងជំនឿដ៏ស្មោះត្រង់ដែ។ 6 មានអ្នកខ្លះបានធ្វើខុសពីគោលបំណង ហើយបានបែរចេញពីសេចក្តីអស់ទាំងនោះ ទៅរកការនិយាយសម្តីល្ងីល្ងើវិញ។ 7 ពួកគេធ្វើជាអ្នកបង្រៀនខាងក្រឹត្យវិន័យ ទាំងខ្លួនមិនទាន់យល់ពីអ្វី ដែលខ្លួនបាននិយាយ ឬអ្វីដែលខ្លួនអះអាងផង។ 8 ពួកយើងដឹងហើយថាក្រឹត្យវិន័យល្អប្រសើរ​ លុះត្រាតែយើងប្រើត្រឹមត្រូវតាមក្បួនច្បាប់។ 9 យើងដឹងហើយថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតនោះទេ ប៉ុន្តែ បង្កើតឡើងសម្រាប់មនុស្សទុច្ចរិត មនុស្សមានចិត្តឃោរឃៅ មនុស្សមានបាប និងអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកប្រមាថទីសក្ការៈ។ ក្រឹត្យវិន័យនេះក៏សម្រាប់អ្នកសម្លាប់ឪពុកម្តាយរបស់ខ្លួន អ្នកសម្លាប់គេ 10 អ្នកល្មោភកាម មនុស្សគ្មានសីលធម៌ មនុស្សរួមភេទជាមួយភេទដូចគ្នា អ្នកដែលចាប់មនុស្សធ្វើជាទាសករ មនុស្សកុហក និងពួកអ្នកធ្វើបន្ទាល់ក្លែងក្លាយ ព្រមទាំងពួកអ្នកដែលទាស់ប្រឆាំងជាមួយនឹងសេចក្តីប្រៀនប្រដៅត្រឹមត្រូវ។ 11 សេចក្តីប្រៀនប្រដៅនេះ ស្របទៅនឹងដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។ 12 ខ្ញុំអរព្រះគុណដល់ព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងដល់ខ្ញុំ រាប់ខ្ញុំជាមនុស្សស្មោះត្រង់ និងបានតែងតាំងឲ្យខ្ញុំបម្រើព្រះអង្គ។ 13 ខ្ញុំធ្លាប់ប្រមាថ ធ្លាប់បៀតបៀន និងជាមនុស្សឃោរឃៅ ប៉ុន្តែខ្ញុំបានទទួលសេចក្តីមេត្តាមកពីព្រះអង្គ ព្រោះខ្ញុំបានប្រព្រឹត្តដោយភាពល្ងង់ខ្លៅ កាលខ្ញុំមិនទាន់ជឿព្រះអង្គនៅឡើយ។ 14 ប៉ុន្តែ ព្រះគុណរបស់ព្រះជាម្ចាស់ ដែលហូរហៀមកលើខ្ញុំដោយជំនឿ ហើយនិងសេចក្តីស្រឡាញ់ក្នុងព្រះគ្រិស្តយេស៊ូ។ 15 ពាក្យទាំងនេះអាចជឿទុកចិត្តបាន ហើយស័ក្តិសមនឹងទទួលទាំងស្រុងថា ព្រះគ្រិស្តយេស៊ូបានយាងមកលើផែនដី ដើម្បីសង្គ្រោះមនុស្សមានបាប។ រូបខ្ញុំជាមនុស្សអាក្រក់ជាងគេ។ 16 ប៉ុន្តែហេតុផលនេះ ព្រះគ្រិស្តយេស៊ូ​បានសម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ជំពូក​ដល់​ខ្ញុំ​មុន​គេ ដើម្បីឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលជឿព្រះអង្គ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ 17 សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច មានព្រះជន្មមិនសាបសូន្យ មនុស្សមើលមិនឃើញ ព្រះជាម្ចាស់តែមួយ ប្រកបដោយកិត្តិនាម និងសិរីរុងរឿងគង់នៅអស់កល្បអង្វែងតទៅ! អាម៉ែន។ 18 ខ្ញុំសូមផ្តាំផ្ញើព្រះបន្ទូលដែលគេថ្លែងទុកមកនេះសម្រាប់ធីម៉ូថេ ជាកូនសម្លាញ់អើយ! ចូរ​ពឹង​ផ្អែក​លើ​ព្រះ‌បន្ទូល​នេះ ដើម្បី​ឲ្យកូនបានជាអ្នក​តយុទ្ធ​ឲ្យ​បាន​ល្អ​ 19 ចូរកាន់ខ្ជាប់ជំនឿ និងមានមនសិការល្អចុះ។ ដោយសារមានអ្នកខ្លះបដិសេធការទាំងនេះ បានធ្វើឲ្យជំនឿរបស់គេមានការលិចលង់ដែរ។ 20 មានដូចជា លោកហ៊ីមេ‌នាស និងលោកអលេក្សាន‌ត្រុសជាដើម ដែលខ្ញុំបានប្រគល់គេឲ្យទៅសាតាំង ដើម្បីឲ្យពួកគេរៀនឈប់ប្រមាថព្រះជាម្ចាស់តទៅទៀត។