1 ខ្ញុំប៉ូល និងស៊ីលវ៉ាន ហើយនិងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៃថេស្សាឡូនិកនៅក្នុងព្រះដ៏ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ សូមព្រះគុណ និងសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា។ 2 ពួកយើងអរគុណដល់ព្រះអង្គជានិច្ចសម្រាប់បងប្អូនទាំងអស់គ្នា យើងតែងតែនឹកគិតពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់យើងជានិច្ច។ 3 យើងនឹកចាំបងប្អូននៅចំពោះព្រះជាម្ចាស់ ចំពោះកិច្ចការនៃជំនឿ និងកិច្ចការនៃសេចក្តីស្រឡាញ់ ព្រមទាំងមានការអត់ធ្មត់ជឿជាក់សម្រាប់អនាគតនៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ 4 ព្រះជាម្ចាស់ស្រឡាញ់បងប្អូន យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា 5 ដោយសារដំណឹងល្អរបស់យើងដែលមកដល់បងប្អូនមិនមែនគ្រាន់តែសំដីប៉ុណ្ណោះទេ តែជាមួយនឹងអំណាច នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដែលមានចិត្តជឿជាក់យ៉ាងខ្លាំងថែមទៀតផង។ ដូចគ្នានេះដែរ អ្នកក៏បានដឹងថា យើងជាមនុស្សបែបណា ដែលនៅក្នុងចំណោមបងប្អូន គឺសម្រាប់បងប្អូន។ 6 អ្នករាល់គ្នាបានយកតម្រាបតាមយើង និងតាមព្រះអម្ចាស់ ក្នុងការដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលនៅក្នុងគ្រាទុក្ខលំបាកយ៉ាងខ្លាំងដោយអំណរចេញពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 7 ជាលទ្ធផល អ្នកបានក្លាយជាគំរូដល់បងប្អូនអ្នកជឿដែលនៅស្រុកម៉ាសេដូន និងស្រុកអាខៃផងដែរ។ 8 ដ្បិត ព្រះបន្ទូលរបស់ព្រះអម្ចាស់បានចេញពីអ្នករាល់គ្នា ហើយមិនគ្រាន់តែនៅក្នុងនៅស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ ប៉ុន្តែ ជំនឿរបស់អ្នករាល់គ្នានៅក្នុងព្រះជាម្ចាស់បានចេញទៅគ្រប់ទីកន្លែង។ ហេតុដូច្នេះហើយ យើងមិនចាំបាច់និយាយអ្វីទាំងអស់។ 9 ដ្បិត ពួកគេខ្លួនឯងបានរាយការណ៍ពីហេតុដែលយើងមកក្នុងចំណោមអ្នករាល់គ្នា។ ពួកគេបានប្រាប់ពីការដែលអ្នករាល់គ្នាបែរពីរូបព្រះ ទៅបម្រើព្រះដ៏មានព្រះជនរស់ និងសេចក្តីពិតវិញ។ 10 ពួកគេបានរាយការណ៍ថា អ្នករាល់គ្នាបានរងចាំព្រះបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌ ជាព្រះដែលព្រះអង្គបានប្រោសពីសេចក្តីស្លាប់ឡើងវិញ។ នេះគឺព្រះយេស៊ូ ដែលបានរំដោះយើងពីសេចក្តីក្រោធដែលមកដល់។