1 មានបុរសម្នាក់ដែលរស់នៅភូមិរ៉ាម៉ាថែម-សូភីម នៃតំបន់ភ្នំអេប្រាអ៊ីម គាត់ឈ្មោះលោកអែលកាណា ជាកូនប្រុសរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ និងជាចៅលួតរបស់លោកស៊ូភ ជាអ្នកកុលសម្ព័ន្ធអេប្រាអ៊ីម។ 2 លោកមានប្រពន្ធពីរនាក់ ប្រពន្ធទីមួយឈ្មោះនាងហាណា ហើយប្រពន្ធទីពីរឈ្មោះនាងពេនីណា។ នាងពេនីណាមានកូន តែនាងហាណាគ្មានកូនទេ។ 3 បុរសនេះបានចាកចេញពីក្រុងរបស់គាត់នៅឆ្នាំបន្ទាប់ ដើម្បីទៅថ្វាយបង្គំ និងថ្វាយតង្វាយដល់ព្រះអម្ចាស់នៃពួកពលបរិវានៅឯស៊ីឡូផង។ កាលនោះ លោកអេលីមានកូនប្រុសពីរនាក់ ម្នាក់ឈ្មោះហូបនី និងម្នាក់ទៀតឈ្មោះភីនេហាស ជាបូជាចារ្យរបស់ព្រះអម្ចាស់នៅទីនោះ។ 4 កាលថ្ងៃដែលលោកអែលកាណា ត្រូវថ្វាយដង្វាយរៀងរាល់ឆ្នាំបានមកដល់ ហើយលោកតែងឲ្យចំណែកនៃសាច់ខ្លះទៅនាងពីនេណា ភរិយារបស់គាត់ និងកូនប្រុសៗ និងកូនស្រីៗរបស់នាងផងដែរ។ 5 ចំណែកឯនាងហាណាវិញ លោកតែងឲ្យនាងទ្វេដង ពីព្រោះលោកស្រឡាញ់នាងហាណាជាង ថ្វីបើព្រះអម្ចាស់បានខ្ទប់ផ្ទៃនាងមិនឲ្យមានកូនក្តី។ 6 គូប្រជែងរបស់នាងបានបង្ករឿងនឹងនាងយ៉ាងខ្លាំងដើម្បីឲ្យនាងខឹង ដ្បិត ព្រះអម្ចាស់បានខ្ទប់ផ្ទៃនាងមិនឲ្យមានកូនបាន។ 7 រៀងរាល់ឆ្នាំនៅពេលនាងធ្វើដំណើរទៅព្រះដំណាក់នៃព្រះអម្ចាស់ជាមួយគ្រួសាររបស់នាង គូប្រជែងរបស់នាងតែងតែបង្ករឿងដាក់នាងជានិច្ច។ ហេតុដូច្នេះហើយ ទើបនាងយំ ហើយមិនទទួលទានអ្វីទាំងអស់។ 8 ឯលោកអែលកាណាជាប្តី តែងនិយាយទៅនាងថា ៖ «ហាណា ហេតុអ្វីអូនយំដូច្នេះ? ហេតុអ្វីអូនមិនទទួលទាន? ហេតុអ្វីបានជាចិត្តរបស់អូនមិនរីករាយ? តើបងមិនប្រសើរជាងអូនមានកូនប្រុសដប់នាក់ទេឬអី?» 9 ក្នុងឱកាសនោះ បន្ទាប់ពីទទួលទានអាហារ និងពិសាទឹកនៅឯសុីឡូរួច នាងហាណាក៏បានក្រោកឡើង។ លោកអេលីជា បូជាចារ្យកំពុងអង្គុយនៅកន្លែងរបស់គាត់ជិតមាត់ទ្វារចូលព្រះវិហារ របស់ព្រះអម្ចាស់នៅពេលនោះ។ 10 នាងតូចចិត្តយ៉ាងខ្លាំង ហើយនាងបានទូលអង្វរដល់ព្រះអម្ចាស់ទាំងទឹកភ្នែកហូរយ៉ាងជូរចត់។ 11 នាងបានស្បថដោយនិយាយថា៖ «ឱព្រះអម្ចាស់នៃពួកពលបរិវាអើយ បើព្រះអង្គទតមកខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ព្រះអង្គដែលកំពុងមានទុក្ខនេះ សូមព្រះអង្គនឹកដល់ខ្ញុំម្ចាស់ សូមកុំភ្លេចខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ប៉ុន្តែ សូមប្រទានកូនប្រុសមួយដល់ ខ្ញុំម្ចាស់វិញ នោះខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអម្ចាស់ដើម្បីបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់កូននោះនឹងមិនត្រូវកាត់ ឬកោរឡើយ»។ 12 ខណៈនាងនៅតែទូលនៅចំពោះព្រះអម្ចាស់នៅឡើយ លោកអេលីបានសម្លឹងមើលមាត់របស់នាង។ 13 នាងហាណាបាននិយាយនៅក្នុងចិត្តរបស់នាង បបូរមាត់របស់នាងហើបតិចៗ ប៉ុន្តែ មិនឮសម្លេងឡើយ។ ហេតុដូច្នេះហើយ ទើបលោកអេលីបានគិតថា នាងស្រវឹង។ 14 លោកអេលីបានមានប្រសាសន៍ទៅនាងថា៖ «តើនាងនៅស្រវឹងដល់កាលណាទៀត? ចូរឈប់ផឹកស្រាទៅ»។ 15 នាងហាណាបានតបថា៖ «ទេ លោកម្ចាស់ នាងខ្ញុំជាស្ត្រីរងទុក្ខ។ នាងខ្ញុំមិនស្រវឹង ក៏ពុំបានសេពសុរាដែរ ប៉ុន្តែ ខ្ញុំគ្រាន់តែទូលថ្វាយព្រះអម្ចាស់នូវភាពតានតឹងនៃព្រលឹងនាងខ្ញុំប៉ុណ្ណោះ។ 16 សូមកុំគិតអ្វីអាក្រក់ចំពោះនាងខ្ញុំឡើយ នាងខ្ញុំបាននិយាយចេញពីកង្វល់ដ៏លើសលប់របស់នាងខ្ញុំចេញមកទេតើ»។ 17 ក្រោយមក លោកអេលីក៏បានឆ្លើយដោយនិយាយថា៖ «ចូរត្រឡប់ទៅវិញដោយសុខសាន្តចុះ សូមព្រះជាម្ចាស់នៃអុីស្រាអែលប្រទានតាមសំណូមពរដែលនាងបានទូលសុំពីព្រះអង្គចុះ»។ 18 រួចនាងតបថា៖ «សូមឲ្យនាងខ្ញុំទទួលក្តីមេត្តានៅចំពោះមុខលោកផងចុះ»។ បន្ទាប់មកនាងក៏ចេញទៅ ហើយទទួលទាន ទឹកមុខរបស់នាងស្រស់បស់ គ្មានទុក្ខព្រួយទៀតទេ។ 19 ពួកគេបានក្រោកពីព្រឹកព្រលឹម ហើយបានថ្វាយបង្គំព្រះអម្ចាស់ រួចបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅឯរ៉ាម៉ា។ លោកអែលកាណា បានរួមរស់ជាមួយនាងហាណា ជាប្រពន្ធ ហើយព្រះអម្ចាស់ក៏បាននឹកចាំពីនាង។ 20 គ្រានោះក៏មកដល់ នាងហាណាបានមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ នាងបានហៅឈ្មោះកូននោះថា សាំយូអែល ដោយពោលថា៖ «ដោយព្រោះខ្ញុំបានទូលសុំកូននេះពីព្រះអម្ចាស់»។ 21 ជាថ្មីម្តងទៀត លោកអែលកាណាព្រមទាំងអ្នកផ្ទះរបស់លោកបាន ធ្វើដំណើរទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាតង្វាយប្រចាំឆ្នាំ ហើយដើម្បីលាបំណន់របស់លោក។ 22 ប៉ុន្តែ នាងហាណាពុំបានទៅទេ ដោយនាងបានប្រាប់ទៅប្តីរបស់នាងថា៖ «ខ្ញុំនឹងមិនទៅទេ រហូតដល់កូននេះផ្តាច់ដោះសិន ទើបខ្ញុំយកកូនឡើងទៅដែរ ដូច្នេះ កូននេះនឹងបាននៅទីនោះជាមួយព្រះអម្ចាស់ជារៀងរហូត»។ 23 លោកអែលកាណាជាប្តីបានតបទៅនាងវិញថា៖ «ចូរធ្វើអ្វីដែលអូនគិតថាល្អចុះ។ ចូររង់ចាំរហូតដល់ផ្តាច់ដោះកូនចុះ ហើយសូមឲ្យព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏បាននៅ រួចមើលថែកូនប្រុសរបស់នាងរហូតដល់ផ្តាច់ដោះ។ 24 ពេលនាងបានផ្តាច់ដោះកូន នាងក៏បានយកកូននោះតាម រួមទាំងកូនគោឈ្មោល៣ខួបទៅជាមួយ និងអាហារមួយថាំង ស្រាទំពាំងបាយជូរមួួយដបផង។ រួចបានធ្វើដំណើរទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅឯស៊ីឡូ។ ពេលនោះកូននៅតូចនៅឡើយ។ 25 គេក៏បានយកកូនគោទៅសម្លាប់ ហើយយកកូននោះទៅជូនលោកអេលី។ 26 នាងបាននិយាយថា៖ «លោកម្ចាស់ ដូចលោកម្ចាស់នៅមានជីវិតនៅឡើយ គឺនាងខ្ញុំនេះហើយជាស្ត្រីដែលបានឈរជិតលោកហើយទូលអង្វរទៅព្រះអម្ចាស់។ 27 គឺទូលសុំកូននេះ ហើយព្រះអម្ចាស់បានប្រទានមកតាមពាក្យរបស់នាងខ្ញុំ 28 ខ្ញុំក៏យកកូននេះមកឲ្យនៅជាមួយព្រះអម្ចាស់អស់មួយជីវិតដែរ»។ បន្ទាប់មក លោកក៏បានថ្វាយបង្គំព្រះអម្ចាស់នៅទីនោះ។