ជំពូក ១

1 ខ្ញុំ​ ប៉ូលជាអ្នកដែលព្រះយេស៊ូបានត្រាស់ហៅឲ្យធ្វើជាសាវ័ក តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និង​លោក​សូស្ដែន ជាបងប្អួនរបស់យើង 2 ជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស និងអស់អ្នកដែលបានប្រោសជាវិសុទ្ធនៅក្នុងព្រះគ្រិស្តយេស៊ូ ជាអ្នកដែលបានទទួលការត្រាស់ហៅឲ្យក្លាយជាប្រជាជនដ៏វិសុទ្ធ។ ពួកយើងក៏សូមផ្ញើសំបុត្រនេះទៅកាន់អស់អ្នក ដែលទូលអង្វររកព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្តនៅគ្រប់ទីកន្លែង ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ 3 សូមឲ្យព្រះគុណ និងសេចក្តីសុខសាន្តបានដល់បងប្អូន ពីព្រះជាម្ចាស់បិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 4 ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំដើម្បីបងប្អូនជានិច្ច ដោយព្រោះតែព្រះគុណនៃព្រះជាម្ចាស់ ដែលព្រះគ្រិស្តយេស៊ូបានផ្តល់ឲ្យបងប្អូន។ 5 ព្រះអង្គបានធ្វើឲ្យបងប្អូនចម្រើនឡើងគ្រប់ទាំងផ្លូវ ទាំងពាក្យសម្តី និងការចេះដឹង 6 ដូចជាទីបន្ទាល់អំពីព្រះគ្រិស្តដែលបានបញ្ជាក់ពីសេចក្តីពិត នៅក្នុងចំណោមបងប្អូនដែរ។ 7 ដូច្នេះហើយ បងប្អូនមិនខ្វះអំណោយទានខាងឯវិញ្ញាណណាមួយឡើយ ដូចជាអ្វីដែលបងប្អូនចង់បាន និងរង់ចាំការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងឡើយ។ 8 ព្រះអង្គនឹងចម្រើនកម្លាំងដល់បងប្អូនដើម្បីឲ្យដល់ទីបំផុត ដូច្នេះ បងប្អូននឹងរកកន្លែងបន្ទោសគ្មាន នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូគ្រិស្ត។ 9 ព្រះជាម្ចាស់ស្មោះត្រង់ ដែលបានត្រាស់ហៅបងប្អូនចូលមកប្រកបរួមជាមួយព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ 10 ឥឡូវនេះ បងប្អូនអើយខ្ញុំសូមទូន្មានអ្នករាល់គ្នា តាមរយៈព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្ត ចូលឲ្យអ្នកព្រមព្រៀងគ្នា​ ហើយក៏កុំឲ្យមានការបាក់បែកនៅក្នុងចំណោមបងប្អូនដែរ។ ត្រូវរួបរួមគ្នានិងមានគំនិតតែមួយ ព្រមទាំងមានគោលដៅតែមួយផង។ 11 បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន។ 12 ខ្ញុំនិយាយដូច្នេះ ដោយព្រោះ បងប្អូនម្នាក់ៗបាននិយាយថា៖ «ខ្ញុំនៅខាងលោកប៉ូល» ឬ «ខ្ញុំនៅជាមួយលោកអប៉ូ‌ឡូស» ឬ «ខ្ញុំនៅជាមួយលោកកេផាស» ឬ «ខ្ញុំនៅជាមួយព្រះគ្រិស្ត»។ 13 តើ​ព្រះ‌គ្រិស្ដបាន​បែង​ចែកទេ? តើប៉ូលបានជាប់ឆ្កាងសម្រាប់អ្នកមែនទេ? តើអ្នករាល់គ្នាទទួលពិធីជ្រមុជទឹកនៅក្នុងឈ្មោះរបស់ប៉ូលមែនទេ? 14 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែលខ្ញុំ​មិនបាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នកម្នាក់នៅក្នុងចំណោមបងប្អូនឡើយ លើក‌លែង​តែ​លោកគ្រីស‌ប៉ុស និងលោក​​កៃយុស​ប៉ុណ្ណោះ។ 15 បើដូច្នេះ គឺគ្មានអ្នកណាអាចនិយាយថា អ្នកត្រូវបានជ្រមុជទឹកដោយឈ្មោះខ្ញុំឡើយ។ 16 (ខ្ញុំក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ។ ក្រៅពីនេះ ខ្ញុំមិនដឹងថា តើខ្ញុំបានជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។ 17 ដ្បិត ព្រះគ្រិស្តមិនបានចាត់ខ្ញុំមក ដើម្បីធ្វើពិធីជ្រមុជទឹកនោះទេ ប៉ុន្តែ ចាត់ខ្ញុំមកប្រកាសដំណឹងល្អវិញ។ ព្រះអង្គមិនបានចាត់ខ្ញុំឲ្យមកដើម្បីប្រកាសដោយប្រើពាក្យ និងប្រាជ្ញារបស់មនុស្សឡើយ បើដូច្នេះមែន ឈើឆ្កាងនៃព្រះគ្រិស្ត​នឹងទៅ​ជា​អស់​ន័យហើយ។ 18 ដ្បិត ព្រះបន្ទូលអំពីឈើឆ្កាងគឺលីលា​ សម្រាប់អ្នកដែលកំពុងតែស្លាប់។ ប៉ុន្តែ ក្នុងចំណោមអ្នកដែលបានសង្រ្គោះ គឺជាឬទ្ធានុភាពរបស់ព្រះជាម្ចាស់វិញ។ 19 ដ្បិតមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ។ ​ខ្ញុំក៏នឹងធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»។ 20 តើអ្នកប្រាជ្ញនៅឯណា? តើអ្នកមានវិជ្ជាជ្រៅជ្រះនៅឯណា? តើអ្នកតទល់សម្តីក្នុងលោកនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញានៃលោកីយ៍​នេះទៅ​ជា​លីលា​វិញទេឬអី? 21 តាមរយៈប្រាជ្ញារបស់លោកីយ៍ មិនអាចស្គាល់ព្រះជាម្ចាស់បានទេ ប៉ុន្តែ​ ព្រះអង្គសព្វព្រះហឫទ័យជាពាក្យលីលានៃការប្រកាសដំណឹងល្អនេះវិញ ដើម្បីសង្រ្គោះដល់អ្នកណាដែលជឿវិញ។ 22 ដ្បិត សាសន៍យូដា ចង់តែឃើញទីសម្គាល់ និងការអស្ចារ្យទេ ហើយសាសន៍ក្រិកចង់ស្វែងរកប្រាជ្ញា។ 23 ប៉ុន្តែ ពួកយើងវិញ ប្រកាសអំពីព្រះគ្រិស្តសុគតនៅលើឈើឆ្កាង ធ្វើឲ្យសាសន៍យូដារវាតចិត្ត ហើយសាសន៍ក្រិកថាជាភាពលីលាទៅវិញ។ 24 ប៉ុន្តែ សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទោះជាសាសន៍យូដា ឬក្រិកក្តី គឺយើងប្រកាសពីព្រះគ្រិស្តជាឫទ្ធា‌នុភាព និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ 25 ដ្បិត ភាពលីលារបស់ព្រះគឺជាប្រាជ្ញារបស់មនុស្ស ហើយភាពខ្សោយនៃព្រះជាម្ចាស់ ខ្លាំងជាងកម្លាំងមនុស្សទៅទៀត។ 26 បងប្អូនអើយ សូមមើលពីការត្រាស់ហៅរបស់អ្នក។ ក្នុងចំណោមបងប្អូន មិនសូវមានអ្នកមានប្រាជ្ញាកម្រិតខ្ពង់ខ្ពស់ក្នុងលោកនេះទេ។ ក៏មិនសូវមានបងប្អូនមានតួនាទីធំដែរ។ គ្មាន​អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមាន​ត្រកូល​ខ្ពស់​ផង។ 27 ប៉ុន្តែ ព្រះអង្គជ្រើសរើសការលីលានៅក្នុងលោក សម្រាប់ឲ្យអ្នកប្រាជ្ញខ្មាស។ ព្រះជាម្ចាស់ជ្រើសរើសអ្វីដែលខ្សោយក្នុងលោក ដើម្បីឲ្យអ្នកខ្លាំងពូកែត្រូវខ្មាសដែរ។ 28 ព្រះជាម្ចាស់បានជ្រើសរើសអ្វីដែលតូចតាច និងអ្វីដែលគេស្អប់ខ្ពើមនៅក្នុងលោកីយ៍នេះ។ ព្រះអង្គក៏ជ្រើសរើស សូម្បីរបស់ដែលគេគិតថាគ្មានតម្លៃ ដើម្បីនាំការនោះឲ្យរាប់ជាមានតម្លៃបំផុតវិញ។ 29 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីកុំឲ្យអ្នកណាមានអំនួតនៅចំពោះព្រះអង្គឡើយ។ 30 ដោយសារអ្វីៗដែលព្រះអង្គបានធ្វើ ពេលនេះអ្នករាល់គ្នាបាននៅក្នុងព្រះគ្រិស្តយេស៊ូ ជាអ្នកដែលនាំប្រាជ្ញាមកដល់យើងពីព្រះជាម្ចាស់។ ព្រះយេស៊ូបានត្រឡប់ទៅជាសេចក្តីសុចរិត និងបានវិសុទ្ធ ព្រមទាំងការលោះបាបរបស់យើងផងដែរ។ 31 ជាលទ្ធផល ដូចដែលបទគម្ពីរបានចែងថា៖ «សូមឲ្យអ្នកដែលមានអំនួត ចូរអួតតែពីព្រះអម្ចាស់បានហើយ»។