1 ព្រះអម្ចាស់បានមានបន្ទូលមកលោកយ៉ូស្វេថា៖ «កុំឲ្យភ័យខ្លាចឡើយ កុំឲ្យបាក់ទឹកចិត្តឲ្យសោះ។ ចូរនាំអ្នកចំបាំងទាំងអស់ទៅជាមួយអ្នក។ ឡើងទៅក្រុងអៃទៅ។ មើល យើងនឹងប្រគល់ស្តេចក្រុងអៃដល់អ្នក ទាំងប្រជាជន ទាំងក្រុង និងទឹកដីរបស់ស្តេចផង។ 2 អ្នកនឹងប្រព្រឹត្តជាមួយក្រុងអៃដូចដែលអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់ក្រុងនោះដែរ តែអ្នកអាចយកជ័យភណ្ឌ និងហ្វូងសត្វរបស់ពួកគេទុកជារបស់អ្នកបាន។ ចូររៀបទ័ពវាយឆ្មក់ពីក្រោយក្រុង»។ 3 ដូច្នេះ លោកយ៉ូស្វេភ្ញាក់ពីដំណេក ហើយនាំអ្នកចម្បាំងទាំងអស់ទៅក្រុងអៃ។ បន្ទាប់មក លោកយ៉ូស្វេបានជ្រើសរើសមនុស្សប្រុសបីមុឺននាក់ ជាអ្នកខ្លាំងពូកែ និងអង់អាចក្លាហាន រួចពួកគេចេញទៅនៅពេលយប់។ 4 លោកបានបង្គាប់ពួកគេថា៖ «មើល អ្នកត្រូវបង្កប់ខ្លួននៅខាងក្រោយក្រុង។ កុំឲ្យទៅឆ្ងាយពីទីក្រុងពេក តែចូរឲ្យគ្រប់គ្នារួចរាល់។ 5 ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំនឹងសំដៅទៅទីក្រុង ហើយនៅពេលដែលពួកគេចេញមកវាយពួកយើង យើងនឹងរត់ដូចកាលមុន។ 6 ពួកគេនឹងដេញតាមយើងរហូតដល់យើងនាំគេចេញឆ្ងាយពីទីក្រុង។ ពួកគេនឹងនិយាយថា៖ អ្នកទាំងនេះបានរត់នៅមុខយើងដូចកាលពីមុន។ ដូច្នេះ យើងនឹងរត់នៅមុខពួកគេ។ 7 បន្ទាប់មក អ្នកត្រូវតែចេញពីកន្លែងលាក់ខ្លួនរបស់អ្នកមក ហើយអ្នកត្រូវដណ្តើមយកទីក្រុង។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនេះមកក្នុងដៃរបស់អ្នក។ 8 នៅពេលដែលអ្នកកាន់កាប់ទីក្រុងបានហើយ អ្នកត្រូវតែដុតក្រុងនោះចោល។ អ្នកអាចសម្រេចការនេះបានលុះត្រាតែអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ មើល យើងបានបង្គាប់អ្នក។ 9 «លោកយ៉ូស្វេបានបញ្ជូនពួកគេទៅ ហើយពួកគេទៅកន្លែងលាក់ខ្លួន ហើយពួកគេបានលាក់ខ្លួននៅចន្លោះបេតអែល និងអៃ។ ប៉ុន្តែ យប់នោះលោកយ៉ូស្វេបានស្នាក់នៅក្នុងចំណោមប្រជាជន។ 10 លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយរៀបចំពួកទាហានរួចរាល់ លោកយ៉ូស្វេ និងពួកចាស់ទុំអ៊ីស្រាអែលបានវាយលុកមនុស្សក្រុងអៃ។ 11 ទាហានទាំងអស់ដែលនៅជាមួយលោកបានឡើងទៅ ហើយសំដៅទៅទីក្រុង។ ពួកគេបានមកជិតទីក្រុង ហើយពួកគេក៏បោះជំរំនៅខាងជើងក្រុងអៃ។ ពួកគេនៅចន្លោះរវាងជ្រោះ និងក្រុងអៃ។ 12 លោកបាននាំមនុស្សប្រុសប្រាំពាន់នាក់ ហើយឲ្យគេលាក់ខ្លួននៅខាងលិចទីក្រុងរវាងបេតអែល និងអៃ។ 13 ពួកគេបានរៀបកងទ័ព ទាហានជួរមុខនៅខាងជើងក្រុង ហើយទាហានផ្សេងទៀតនៅខាងលិចក្រុង។ លោកយ៉ូស្វេបានស្នាក់នៅក្នុងជ្រលងភ្នំនៅយប់នោះ។ 14 នៅពេលដែលស្តេចក្រុងអៃបានឃើញកងទ័ព ស្តេច និងពួកគេទាហានរបស់ស្តេចក្រោកពីព្រលឹម ហើយរួសរាន់ចេញទៅវាយប្រហារជនជាតិអ៊ីស្រាអែល។ ស្តេចមិនបានដឹងថាទ័ពដែលលាក់ខ្លួនបានរង់ចាំវាយប្រហារពួកគេពីខាងក្រោយក្រុងនោះទេ។ 15 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានអនុញ្ញាត្តឲ្យគេមានប្រៀបលើខ្លួន ហើយរត់តម្រង់ទៅទីរហោស្ថាន។ 16 មនុស្សទាំងអស់នៅក្នុងក្រុងបានប្រមូលគ្នាដេញតាមពួកគេ រួចពួកគេដេញពីក្រោយលោកយ៉ូស្វេ ហើយពួកគេចេញឆ្ងាយពីក្រុង។ 17 គ្មានមនុស្សប្រុសនៅសល់ក្នុងក្រុងអៃ និងបេតអែលឡើយ ពួកគេបានដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេបានទុកទីក្រុងចោល ហើយចំហទ្វារក្រុងចោល ដោយសារពួកគេដេញតាមអ៊ីស្រាអែល។ 18 ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «ចូរតម្រង់លំពែងនៅក្នុងដៃអ្នកឆ្ពោះទៅក្រុងអៃទៅ យើងនឹងប្រគល់ក្រុងអៃមកក្នុងដៃអ្នក»។ លោកយ៉ូស្វេបានតម្រង់លំពែងដែលនៅក្នុងដៃលោកទៅកាន់ក្រុង។ 19 ពួកទាហានដែលលាក់ខ្លួនក៏ចេញមកយ៉ាងប្រញាប់ពីកន្លែងរបស់ពួកគេចំពេលដែលលោកបានលើដៃឡើង។ ពួកគេរត់ចូលក្នុងក្រុងយ៉ាងប្រញាប់ ហើយក៏ចាប់យកក្រុង។ ពួកគេប្រញាប់ដុតកម្ទេចក្រុងចោល។ 20 ពួកប្រុសៗក្រុងអៃមើលត្រឡប់ក្រោយ។ ពួកគេឃើញផ្សែងហុយឡើងពីទីក្រុងដល់មេឃ ហើយពួកគេមិនអាចរត់ទៅណាបានឡើយ។ ទាហានអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថានបានត្រឡប់ក្រោយរកអ្នកដែលបានដេញពួូកគេ។ 21 នៅពេលដែលលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានឃើញថាទាហានដែលលាក់់ខ្លួនបានកាន់កាប់ទីក្រុងដោយមានផ្សែងហុយឡើងផង ពួកគេក៏ត្រឡប់ក្រោយ ហើយសម្លាប់ពួកក្រុងអៃ។ 22 ទាហានអ៊ីស្រាអែលផ្សេងទៀត គឺអស់អ្នកដែលបានចូលទៅក្នុងក្រុង ក៏ចេញមកប្រយុទ្ធដែរ។ ដូច្នេះ ប្រុសៗក្រុងអៃក៏ជាប់នៅកណ្តាលរវាងទាហានអ៊ីស្រាអែល ខ្លះនៅខាងនេះ ខ្លះនៅខាងនោះ។ អ៊ីស្រាអែលបានវាយប្រហារប្រុសៗក្រុងអៃ គ្មាននរណាម្នាក់នៅរស់ ឬរត់រួចឡើយ។ 23 ពួកគេបានទុកស្តេចក្រុងអៃ គឺពួកគេចាប់បានទាំងរស់ ហើយបាននាំស្តេចទៅជួបលោកយ៉ូស្វេ។ 24 នៅពេលដែលអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃនៅវាលស្រែនៅជិតវាលទីរហោស្ថាននៅកន្លែងដែលពួកគេបានដេញតាមអ្នកទាំងនោះរួចហើយ គឺនៅពេលដែលពួកគេទាំងអស់បានស្លាប់ដោយមុខដាវ នោះជនជាតិអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅក្រុងអៃវិញ។ ពួកគេបានវាយប្រហារក្រុងអៃដោយមុខដាវ។ 25 មនុស្សទាំងអស់បានស្លាប់នៅថ្ងៃនោះ ទាំងប្រុស ទាំងស្រី គឺមានចំនួនដប់ពីរម៉ឺននាក់ សុទ្ធតែជាអ្នកក្រុងអៃ។ 26 លោកយ៉ូស្វេមិនបានដកដៃរបស់លោកដែលលើកលំពែងនោះឡើយ រហូតដល់គាត់បានបំផ្លាញអ្នកក្រុងអៃបានទាំងស្រុង។ 27 ជនជាតិអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងគ្រឿងជ័យភណ្ឌប៉ុណ្ណោះសម្រាប់ខ្លួនពួកគេ ដូចអ្វីដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។ 28 លោកយ៉ូស្វេបានដុតកម្ទេចក្រុងអៃ ហើយក្រុងនោះក្លាយជាគំនរបាក់បែករហូតមក។ វាក្លាយជាកន្លែងដែលគេបោះបង់ចោលរហូតដល់សព្វថ្ងៃ។ 29 លោកបានចងស្តេចក្រុងអៃនៅលើដើមឈើរហូតដល់ពេលល្ងាច។ នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់សាកសពរបស់ស្តេចចុះពីដើមឈើ ហើយបោះចោលនៅច្រកទ្វារក្រុង។ នៅទៅនោះពួកគេបានដាក់គំនរថ្មលើសាកសពស្តេច។ គំនរនោះបន្សល់មកដល់សព្វថ្ងៃ។ 30 បន្ទាប់មក លោកយ៉ូស្វេបានសង់អាសនាមួយថ្វាយព្រះអម្ចាស់ ដល់ព្រះរបស់អ៊ីស្រាអែលនៅលើភ្នំអេបាល។ 31 ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែល ហើយវាមានសរសេរទុកនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា៖ «អាសនាពីថ្មទាំងមូល ដែលគ្មាននរណាដាប់ដោយដែកឡើយ»។ លោកបានថ្វាយតង្វាយដុតនៅលើអាសនានោះដល់ព្រះអម្ចាស់ ហើយបន្ទាប់មកគេក៏ថ្វាយដង្វាយមេត្រីដែរ។ 32 នៅក្នុងវត្តមានរបស់ប្រជាជនអ៊ីស្រាអែល លោកបានចំលងក្រឹត្យវិន័យរបស់លោកម៉ូសេដាក់លើថ្ម។ 33 គ្រប់ទាំងជនជាតិអ៊ីស្រាអែល ពួកចាស់ទុំរបស់ពួកគេ នាយក្រុម និងពួកចៅហ្វាយរបស់ពួកគេបានឈរនៅទាំងសងខាងនៅហិប នៅមុខពួកបូជាចារ្យ និងពួកលេវី ដែលបានសែងហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ជនបរទេស ក៏ដូចជាអ្នកដែលកើតក្នុងស្រុក និងកើតក្រៅស្រុក ពួកគេពាក់កណ្តាលបានឈរនៅមុខភ្នំកេរីស៊ីម ហើយពាក់កណ្តាលទៀតឈរនៅមុខភ្នំអេបាល។ ពួកគេបានឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចអ្វីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ពួកគេតាំងពីដំបូង។ 34 ក្រោយមក លោកយូស្វេបានអានក្រឹត្យវិន័យ គឺព្រះពរ និងបណ្តាសារ ដូចមានចែងទុកនៅក្នុងគម្ពីរក្រឹត្យវិន័យ។ 35 គ្មានពាក្យមួយមាត់ណាដែលចេញពីលោកម៉ូសេដែលលោកយ៉ូស្វេមិនបានអាននៅខាងមុខប្រជាជនអ៊ីស្រាអែល ទាំងស្រីៗ ក្មេងតូចៗ ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេឡើយ។