1 បន្ទាប់មក លោកយូ៉ស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់អ៊ីស្រាអែលទៅស៊ីគែម និងបានហៅពួកចាស់ទុំ ពួកអ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមរបស់ពួកគេមក ហើយពួកគេបានឈរនៅចំពោះព្រះជាម្ចាស់។ 2 លោកយ៉ូស្វេបាននិយាយទៅប្រជាជនទាំងអស់ថា៖ «នេះជាអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អស់រយៈពេលយ៉ាងយូរកន្លងមកបុព្វបុរសរបស់អ្នកបានរស់នៅក្រោយទន្លេអឺប្រាតគឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រពួកគេគោរពបម្រើព្រះដទៃ។ 3 ប៉ុន្តែ យើងបាននាំឪពុករបស់អ្នករាល់គ្នាពីខាងនាយទន្លេអឺប្រាតមក និងនាំគាត់មកកាន់ទឹកដីកាណាន ហើយបានប្រទានកូនចៅជាច្រើនដល់គាត់តាមរយៈកូនរបស់គាត់គឺអ៊ីសាក។ 4 បន្ទាប់មក យើងប្រទានយ៉ាកុប និងអេសាវដល់អ៊ីសាក។ យើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវគ្រប់គ្រង ប៉ុន្តែ យ៉ាកុប និងកូនៗរបស់គាត់បានទៅអេស៊ីប។ 5 យើងបានបញ្ជូនម៉ូសេ និងអើរុ៉នហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច។ ក្រោយមកទៀតយើងបាននាំអ្នករាល់គ្នាចេញមក។ 6 យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេស៊ីប ហើយអ្នកមកដល់សមុទ្រ។ ពួកជនជាតិអេស៊ីបបានដេញតាមពួកគេដោយមានទាំងរទេះចម្បាំង និងទ័ពសេះវែងដូចសមុទ្រត្រែង។ 7 នៅពេលដែលបុព្វបុរសរបស់អ្នករាល់គ្នាបានស្រែករកព្រះអម្ចាស់ ព្រះអង្គបានដាក់ភាពងងឹតនៅចន្លោះអ្នក និងជនជាតិអេស៊ីប។ ព្រះអង្គបាននាំទឹកសមុទ្រមកគ្របលើពួកគេ។ អ្នកបានឃើញអ្វីដែលយើងបានធ្វើនៅស្រុកអេស៊ីបហើយ។ បន្ទាប់មក អ្នកបានរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលយ៉ាងយូរ។ 8 យើងបាននាំអ្នកទៅកាន់ទឹកដីអាម៉ូរី ដែលរស់នៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ពួកគេបានប្រយុទ្ធជាមួយអ្នករាល់គ្នា ហើយយើងបានប្រគល់ពួកគេទៅក្នុងកន្តាប់ដៃអ្នករាល់គ្នា។ អ្នកបានកាន់កាប់ទឹកដីរបស់ពួកគេ ហើយយើងបានបំផ្លាញពួកគេនៅមុខអ្នករាល់គ្នា។ 9 បាឡាក់ជាកូនរបស់ស៊ីបព័រ ជាស្តេចស្រុកម៉ូអាប់ បានលើកទ័ពមកវាយជនជាតិអ៊ីស្រាអែល។ លោកបានឲ្យគេទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។ 10 ប៉ុន្តែ យើងមិនព្រមស្ដាប់បាឡាមទេ ផ្ទុយទៅវិញគាត់បែរជាឲ្យពរអ្នករាល់គ្នាទៅវិញ។ ដូច្នេះ យើងបានរំដោះអ្នករាល់គ្នាចេញពីកណ្តាប់ដៃស្តេច។ 11 អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្រុងយេរីខូ។ អ្នកដឹកនាំក្រុងយេរីខូបានវាយប្រឆាំងនឹងអ្នករាល់គ្នា ដោយរួមជាមួយជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងបានឲ្យអ្នកមានជ័យជម្នះលើពួកគេ ហើយឲ្យពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នករាល់គ្នា។ 12 យើងបានបញ្ជូនសត្វឪម៉ាល់ទៅមុនអ្នករាល់គ្នា ដើម្បីដេញពួកគេ និងស្តេចទាំងពីររបស់សាសន៍អាម៉ូរីចេញពីមុខអ្នករាល់គ្នា។ វាមិនបានកើតឡើងដោយសារដាវ ឬដោយសារធ្នូរបស់អ្នករាល់គ្នាឡើយ។ 13 យើងបានប្រគល់ទឹកដីដែលអ្នកមិនបានកាប់គាស់ និងទីក្រុងដែលអ្នករាល់គ្នាមិនបានសង់ដល់អ្នករាល់គ្នា ហើយឥឡូវនេះអ្នករស់នៅក្នុងក្រុងទាំងនោះ។ អ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ ពីចម្ការដែលអ្នករាល់គ្នាមិនបានដាំ»។ 14 ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គដោយស្មោះត្រង់ និងដោយជំនឿ ចូរបោះបង់ចោលព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត និងនៅអេស៊ីបទៅ និងថ្វាយបង្គំព្រះអម្ចាស់វិញ។ 15 បើអ្នកគិតថាការថ្វាយបង្គំព្រះអម្ចាស់ខុស នោះចូរជ្រើសរើសព្រះដែលអ្នករាល់គ្នាចង់បម្រើនៅថ្ងៃនេះ ទោះបីពីព្រះរបស់បុព្វបុរសរបស់អ្នករាល់គ្នាដែលបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត ឬព្រះពីសាសន៍អាម៉ូរីនៅក្នុងទឹកដីដែលអ្នករស់នៅ។ ប៉ុន្តែ សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។ 16 ប្រជាជនទាំងអស់បានឆ្លើយថា៖ «យើងនឹងមិនបោះបង់ចោលព្រះអម្ចាស់ទៅបម្រើព្រះណាផ្សេងឡើយ 17 ព្រោះព្រះអម្ចាស់ជាព្រះរបស់យើង ដែលបាននាំយើង និងបុព្វបុរសរបស់យើងចេញពីទឹកដីអេស៊ីប ចេញពីផ្ទះនៃទាសករ ហើយព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យនៅចំពោះយើងរាល់គ្នា ហើយព្រះអង្គបានការពារយើងខ្ញុំតាមផ្លូវដែលយើងបានធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ 18 បន្ទាប់មក ព្រះអម្ចាស់បានបណ្តេញមនុស្សទាំងអស់ចេញពីមុខយើង រួមទាំងសាសន៍អាម៉ូរី ដែលរស់នៅក្នុងទឹកដីនោះ។ ដូច្នេះ យើងក៏ថ្វាយបង្គំព្រះអម្ចាស់ ព្រោះព្រះអង្គជាព្រះរបស់យើង»។ 19 ប៉ុន្តែ លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចបម្រើព្រះអម្ចាស់បានទេ ព្រោះព្រះអង្គជាព្រះដ៏បរិសុទ្ធ ព្រះអង្គជាព្រះដែលប្រចណ្ឌ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាបានទេ។ 20 បើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ និងទៅបម្រើព្រះបរទេស នោះព្រះអង្គនឹងងាកមកបំផ្លាញអ្នករាល់គ្នាវិញ។ ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា ទោះបីព្រះអង្គធ្លាប់ធ្វើល្អជាមួយអ្នករាល់គ្នាក៏ដោយ»។ 21 ប៉ុន្តែ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេថា៖ ទេ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។ 22 បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាបន្ទាល់សម្រាប់ខ្លួនអ្នករាល់គ្នាស្រាប់ហើយ គឺអ្នកបានជ្រើសរើសព្រះអម្ចាស់ដើម្បីថ្វាយបង្គំព្រះអង្គ»។ ពួកគេនិយាយថា៖ «យើងជាបន្ទាល់ហើយ»។ 23 ឥឡូវនេះ ចូរបោះចោលព្រះដទៃដែលនៅជាប់ជាមួយអ្នករាល់គ្នា ហើយចូរបែរចិត្តរបស់អ្នករាល់គ្នាមកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល»។ 24 ប្រជាជននិយាយទៅលោកយ៉ូស្វេថា៖ «យើងនឹងថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង។ យើងនឹងស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ»។ 25 លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅថ្វៃនោះ។ លោកបានដាក់ច្បាប់ចេញ និងវិន័យនៅត្រង់ស៊ីគែម។ 26 លោកយ៉ូស្វេបានសរសេរព្រះបន្ទូលទាំងអស់នេះនៅក្នុងសេៀវភៅនៃច្បាប់របស់ព្រះអម្ចាស់។ លោកបានយកថ្មមួយយ៉ាងធំ ហើយដាក់បញ្ឈរនៅទីនោះក្រោមដើមជ្រៃ ដែលស្ថិតក្បែរទីសក្ការរបស់ព្រះអម្ចាស់។ 27 លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖ «មើល! ថ្មនេះជាទីបន្ទាល់ប្រឆាំងនឹងយើងរាល់គ្នា។ ថ្មនេះបានឮគ្រប់ទាំងព្រះបន្ទូលដែលព្រះអម្ចាស់ ដែលបានមានបន្ទូលមកកាន់យើងរាល់គ្នា។ ដូច្នេះ វានឹងជាបន្ទាល់ប្រឆាំងនឹងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាបដិសេធព្រះរបស់អ្នករាល់គ្នា»។ 28 ដូច្នេះ លោកយូ៉ស្វេបានឲ្យពួកគេចេញទៅ គឺទៅតាមទឹកដីមរតករបស់ពួកគេវិញ។ 29 ក្រោយពីនោះមក លោកយ៉ូស្វេ កូនរបស់លោកនូន ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ទៅ ដែលមានអាយុមួយរយដប់ឆ្នាំ។ 30 ពួកគេបានកប់លោកនៅព្រំប្រទល់ទឹកដីជាមរតករបស់លោក នៅធីម៉្នាត សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។ 31 ជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំព្រះអម្ចាស់គ្រប់ពេលក្នុងថ្ងៃអាយុរបស់លោកយ៉ូស្វេ និងនៅក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ អ្នកដែលមានអាយុវែងជាងលោកយូ៉ស្វេ គឺអ្នកដែលមានបទពិសោធន៍ជាមួយអ្វីៗដែលព្រះអម្ចាស់បានធ្វើសម្រាប់អ៊ីស្រាអែល។ 32 ឆ្អឹងរបស់លោកយ៉ូសែបដែលប្រជាជនអ៊ីស្រាអែលបានយកពីស្រុកអេស៊ីបមក ពួកគេបានកប់នៅស៊ីគែមក្នុងដីមួយចំណែកដែលលោកយ៉ាកុបបានទិញពីកូនរបស់លោកហាម៉ោរជាឪពុករបស់ស៊ីគែម។ លោកទិញវាក្នុងតំលៃមួយរយដួងជាប្រាក់ ហើយទីនោះក្លាយជាទឹកដីមរតករបស់កូនចៅលោកយ៉ូសែប។ 33 លោកអេឡាសារ ជាកូនលោកអើរ៉ុន ក៏បានទទួលមរណភាពដែរ។ ពួកគេបានបញ្ចុះសពលោកនៅលើភ្នំ ជាក្រុងរបស់លោកភីនេហាសជាកូនរបស់លោក ដែលលោកបានឲ្យដល់កូនប្រុសលោក។ ទីនោះគឺតំបន់ភ្នំនៃកុលសម្ព័ន្ធអេប្រាអ៊ីម។