1 កាលនោះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់បានមករកព្រះបាទដាវីឌ នៅទីក្រុងហេប្រុន ហើយទូលទ្រង់ថា៖ «សូមទតចុះ! យើងរាល់គ្នាជាសាច់ឈាមរបស់ទ្រង់ដែរ។ 2 កាលពីដើម នៅពេលដែលព្រះបាទសូល គ្រងរាជ្យលើយើង គឺទ្រង់ធ្លាប់ដឹកនាំទ័ពអ៊ីស្រាអែលទៅធ្វើសឹក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទ្រង់ថា៖ អ្នកនឹងឃ្វាលប្រជារាស្ត្ររបស់យើង ហើយអ្នកនឹងក្លាយទៅជាអ្នកដឹកនាំលើអ៊ីស្រាអែល»។ 3 ចាស់ទុំរបស់អ៊ីស្រាអែលទាំងអស់បានមករកព្រះរាជានៅក្រុងហេប្រុន ហើយព្រះរាជាបានចងសម្ព័ន្ធមេត្រីជាមួយពួកចាស់ទុំទាំងអស់នៅចំពោះព្រះអម្ចាស់។ រួចពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចសោយរាជ្យលើពួកគេ។ 4 ពេលដែលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបព្រះវស្សា ហើយទ្រង់សោយរាជ្យបានសែសិបព្រះវស្សា។ 5 ទ្រង់សោយរាជ្យលើកុលសម្ព័ន្ធយូដា នៅក្រុងហេប្រុនអស់រយៈពេលប្រាំពីរឆ្នាំ និងប្រាំមួយខែ ហើយសោយរាជ្យលើអ៊ីស្រាអែលទាំងមូល ព្រមទាំងកុលសម្ព័ន្ធយូដា នៅក្រុងយេរូសាឡិម អស់រយៈពេលសាមសិបបីឆ្នាំ។ 6 ព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គបានចេញទៅវាយយកយេរូសាឡិម ប្រឆាំងនឹងពួកយេប៊ូស ដែលរស់នៅក្នុងតំបន់នោះ។ ពួកគេទូលព្រះបាទដាវីឌថា៖ «អ្នកឯងមិនអាចចូលមកទីនេះបានទេ គ្រាន់តែមនុស្សខ្វាក់ ហើយនិងជនពិការក៏អាចរុញច្រានអ្នកឲ្យត្រឡប់ទៅវិញបានដែរ។ ព្រះបាទដាវីឌមិនអាចចូលក្នុងក្រុងបានទេ»។ 7 ប៉ុន្តែ ព្រះបាទដាវីឌ វាយយកបានបន្ទាយនៅស៊ីយ៉ូន ដែលសព្វថ្ងៃនេះហៅថា បុរីព្រះបាទដាវីឌ។ 8 ពេលនោះ ព្រះបាទដាវីឌមានរាជឳង្ការថា៖ «អ្នកណាដែលឡើងទៅវាយពួកយេប៊ូស ត្រូវឡើងទៅតាមប្រឡាយទឹក ដែលនឹងទៅដល់ពួកខ្វាក់ និងពួកពិការដែលជាសត្រូវរបស់ដាវីឌជាមិនខាន»។ ដូច្នោះហើយបានជាពួកគេនិយាយថា៖ «មនុស្សខ្វាក់ និងជនពិការមិនអាចចូលទៅក្នុងព្រះដំណាក់បានទេ»។ 9 នោះព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលហៅថា បុុរីព្រះបាទដាវីឌ។ បន្ទាប់មក ទ្រង់បានពង្រីកទីក្រុងជុំវិញនោះ គឺចាប់ពីផ្ទៃរាបស្មើទៅខាងក្នុង។ 10 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយព្រះអង្គ។ 11 ព្រះបាទហ៊ីរ៉ាម ស្តេចនៃក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យចូលគាល់ព្រះបាទដាវីឌ ទាំងនាំឈើតាត្រៅ ជាងសំណង់ និងជាងដាប់ថ្មមកជាមួយផង។ ពួកគេបានសាងសង់ដំណាក់ថ្វាយព្រះបាទដាវីឌ។ 12 ទ្រង់ជ្រាបថា ព្រះអម្ចាស់បានតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចគ្រងរាជ្យលើអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យអាណាចក្ររបស់ស្តេចបានចម្រុងចម្រើនឡើង ដោយព្រោះអ៊ីស្រាអែល ជារាស្រ្តរបស់ព្រះអង្គ។ 13 បន្ទាប់ពី ព្រះបាទដាវីឌបានចាកចេញពីក្រុងហេប្រុន មកគង់នៅក្រុងយេរូសាឡិម ទ្រង់បានយកស្រីស្នំ និងមហេសីជាច្រើន ហើយក៏មានបុត្រាបុត្រីជាច្រើន ដែលបានប្រសូតនៅទីនោះសម្រាប់ព្រះអង្គ។ 14 នេះជាព្រះនាមរបស់បុត្រាបុត្រី របស់ព្រះអង្គដែលបានប្រសូត្រនៅយេរូសាឡិមដូចជា៖ សាំមួរ សូបាប់ ណាថាន សាឡូមូន 15 យីបហារ អេលីសួ នេផេក យ៉ាភា 16 អេលីសាម៉ា អេលាដា និង អេលីផេលេត។ 17 នៅពេលដែលពួកភីលីស្ទីនបានឮថាព្រះបាទដាវីឌត្រូវបានចាក់ប្រេងតាំងអភិសេកជាស្តេចគ្រងរាជ្យលើអ៊ីស្រាអែល ពួកគេក៏បានធ្វើដំណើរទៅតាមរកព្រះអង្គ។ ខណៈដែលព្រះរាជាឮអំពីដំណឹងនេះ ទ្រង់បានចុះទៅឯបន្ទាយ។ 18 ពួកភីលីស្ទីន បានមកដល់ ហើយពួកគេបានបោះជំរំទ័ពរបស់ខ្លួននៅក្នុងជ្រលងភ្នំរេផែម។ 19 ព្រះបាទដាវីឌបានទូលសូមឲ្យព្រះអម្ចាស់ជួយដោយទូលថា៖ «តើគួរឲ្យទូលបង្គំច្បាំងជាមួយនឹងពួកភីលីស្ទីនឬ? តើព្រះអង្គនឹងប្រទានជ័យជម្នះមកទូលបង្គំឬទេ? ព្រះអម្ចាស់ក៏មានព្រះបន្ទូលតបថា៖ «ចូរចេញទៅច្បាំងចុះ! យើងនឹងឲ្យអ្នកមានជ័យជម្នះលើជនជាតិភីលីស្ទីនមិនខាន»។ 20 ព្រះបាទដាវីឌ ក៏ចេញទៅរហូតដល់ បាល-ពេរ៉ាស៊ីម ហើយទ្រង់បានវាយពួកគេឲ្យបាក់ទ័ពនៅទីនោះ។ នោះស្តេចមានរាជឳង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខយើង ដូចជាទឹកបាក់ទំនប់»។ ដូច្នេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។ 21 នៅពេលដែលបាក់ទ័ព ពួកភីលីស្ទីនបានទុកព្រះរបស់ពួកគេចោលនៅទីនោះ ហើយស្តេចដាវីឌ និងកងទ័ពរបស់ទ្រង់បានប្រមូលយកព្រះទាំងនោះយកទៅបោះចោល។ 22 បន្ទាប់មក ពួកភីលីស្ទីនបាននាំគ្នាមកបោះជំរំទ័ពនៅក្នុងជ្រលងភ្នំ រេផាអ៊ីម។ 23 ព្រះបាទដាវីឌបានទូលសូមជំនួយពីព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមិនត្រូវវាយប្រហារពួកគេចំពីមុខឡើយ! ប៉ុន្តែ ត្រូវដើរវាងពីក្រោយ ហើយវាយពួកគេនៅម្តុំដើមស្រល់នោះវិញ។ 24 នៅពេលដែលអ្នកបានឮសន្ធឹកជើងនៃការដើរក្បួនដែលមកតាមខ្យល់នៅលើចុងស្រល់មក ត្រូវប្រញាប់ចេញទៅវាយប្រហារដោយពេញកម្លាំងចុះ។ ចូរធ្វើដូច្នេះចុះ ព្រោះព្រះអម្ចាស់នឹងយាងទៅខាងមុខអ្នកដើម្បីវាយប្រហារពួកទាហានភីលីស្ទីន»។ 25 ព្រះបាទដាវីឌបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់បានបង្គាប់ដល់ព្រះអង្គ។ ទ្រង់បានសម្លាប់ពួកភីលីស្ទីនចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។