1 នៅពេលដែលព្រះបាទដាវីឌ ឡើងផុតកំពូលភ្នំ ស៊ីបាជាអ្នកបម្រើរបស់លោកមេភីបូសែត បានមកជួបនឹងទ្រង់ គាត់បាននាំយកសត្វលាពីក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែរឧទុម្ពរស្រស់ចំនួនមួយរយផ្លែ និងស្រាទំពាំងបាយជូរមួយថង់ស្បែក។ 2 ព្រះរាជាសួរស៊ីបាថា៖ «ហេតុអ្វីបានជាអ្នកនាំយករបស់ទាំងនេះមកឲ្យយើង?» ស៊ីបាទូលទ្រង់ថា៖ «សត្វលាទាំងពីរនេះគឺសម្រាប់ជាយានជំនិះរបស់ទ្រង់និងញាតិវង្ស នំប៉័ង ផ្លែឈើជាអាហារសម្រាប់ពួកពលទាហាន ហើយស្រានេះគឺសម្រាប់អស់អ្នកដែលអស់កម្លាំងនៅវាលហោស្ថាន»។ 3 ស្តេចមានរាជឱង្ការថា៖ «តើចៅប្រុសចៅហ្វាយរបស់ឯងនៅឯណា?» ស៊ីបាទូលថា៖ «គឺគាត់នៅឯក្រុងយេរូសាឡិម ដោយគាត់បាននិយាយថា៖ «ថ្ងៃនេះជនជាតិអ៊ីស្រាអែល នឹងប្រគល់រាជ្យរបស់ជីតាគាត់ មកឲ្យគាត់វិញ»។ 4 នោះព្រះរាជាមានរាជឱង្ការទៅលោកស៊ីបាថា៖ «ឥឡូវនេះ អ្វីៗគ្រប់យ៉ាងដែលជារបស់មេភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាទូលទ្រង់ថា៖ «បពិត្រព្រះករុណាអម្ចាស់ សូមទ្រង់ប្រណីសណ្តោសទូលបង្គំរហូតតទៅ!» 5 នៅពេលដែលព្រះបាទដាវីឌទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ចេញមក ក្នុងអំបូររបស់សូល គាត់មានឈ្មោះថាស៊ីម៉ៃ ជាកូនរបស់កេរ៉ា។ គាត់បានដើរចេញពីភូមិមក ជេរប្រទេចផ្តាសារព្រះបាទដាវីឌ។ 6 គាត់បានចោលដុំថ្មទៅលើព្រះបាទដាវីឌ និងពួកមន្ត្រីរបស់ទ្រង់ ទោះបីមានបណ្តាជន និងពួកទាហានអមសងខាងស្តេចក៏ដោយ។ 7 គាត់ជេរប្រទេចផ្តាសារថា៖ «ចេញទៅ!ចេញពីទីនេះទៅ! អាមនុស្សអាក្រក់! អាឃាតករ! 8 ព្រះអម្ចាស់នឹងសងដល់ឯងវិញ សម្រាប់ឈាមនៃរាជ្យវង្សព្រះបាទសូល ដែលឯងបានដណ្តើមរាជ្យ។ ព្រះអម្ចាស់នឹងផ្ទេររាជ្យឲ្យទៅអាប់សូឡុមជាកូនប្រុសឯង។ ឥឡូវនេះឯងត្រូវរត់ភៀសខ្លួនដោយសារឯងជាឃាតករ។» 9 លោកអប៊ីសាយ កូនប្រុសលោកសេរូយ៉ា ទូលស្តេចថា៖ «តើហេតុអ្វីបានជាបណ្តោយឲ្យឆ្កែងាប់មួយនេះជេរប្រទេចផ្តាសារព្រះករុណាជាអម្ចាស់របស់ទូលបង្គំដូច្នេះ? សូមឲ្យទូលបង្គំទៅកាត់កវាទៅ»។ 10 ប៉ុន្តែស្តេចមានរាជឱង្ការថា៖ «តើគួរឲ្យយើងធ្វើដូចម្តេចជាមួយអ្នក កូនរបស់លោកស្រីសេរ៉ូយ៉ាអើយ ប្រហែលជាគេប្រទេចផ្តាសារយើងដោយសារព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់គេថា៖ ចូរដាក់បណ្តាសាដាវីឌទៅ! តើអ្នកណាអាចនឹងសួរគេថា៖ ហេតអ្វីបានជាអ្នកប្រទេចផ្តាសាដាវីឌដូច្នេះ?» 11 ដូច្នេះ ព្រះបាទដាវីឌ មានរាជឱង្ការទៅអប៊ីសាយហើយនិងរាជបម្រើរបស់ទ្រង់ថា៖ «មើល៍! សូម្បីតែកូនប្រុសរបស់យើង ដែលយើងបានបង្កើតមក វាចង់យកជីវិតរបស់យើង។ តើមានអ្វីទៅដែលអ្នកស្រុកប៊េនយ៉ាមីននេះបានធ្វើចំពោះការភៀសខ្លួនរប់យើង? ដូច្នេះ ចូរទុក្ខឲ្យគេជេរប្រទេចផ្តាសាយើងទៅចុះ ប្រសិនបើព្រះអម្ចាស់បានបង្គាប់ឲ្យគេធ្វើ។ 12 ប្រហែលជាព្រះអម្ចាស់ទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យបណ្តាសាថ្ងៃនេះឲ្យទៅជាព្រះពរវិញ»។ 13 ដូច្នេះ ព្រះបាទដាវីឌនិងពលទាហានបន្តដំណើរទៅមុខទៀត ចំណែកឯលោកសាំម៉ាយក៏ដើរតាមចង្កេះភ្នំ នៅមិនឆ្ងាយប៉ុន្មាន គាត់ដើរបណ្តើរនិងជេរប្រទេចផ្តាសាបណ្តើរ ទាំងបាចដីលើស្តេច និងយកដំថ្មគប់ផង។ 14 ស្តេច និងពួកបណ្តាជនដែលរួមដំណើរជាមួយទ្រង់អស់កម្លាំងហើយពួកគេបានឈប់សម្រាក់នៅពេលយប់។ 15 សម្តេចអាប់សូឡុម និងពួកបណ្តាលជនដែលនៅជាមួយទ្រង់បានមកដល់ក្រុងយេរូសាឡឹម ហើយលោកអហ៊ីដុផែលក៏បានមកជាមួយសម្តេចដែរ។ 16 កាលនៅលោកហ៊ូសាយ ជនជាតិអើគី ជាសម្លាញ់របស់ព្រះបាទដាវីឌ បាននិយាយទៅកាន់សម្តេចថា ៖ «សូមព្រះរាជាមានព្រះជន្មយ៉ឺនយូរ! សូមព្រះរាជាមានព្រះជន្មយ៉ឺនយូរ!» 17 អាប់សាឡុមតបទៅលោកហ៊ូសាយថា៖ «តើនេះជាភាពស្មោះត្រង់របស់លោកចំពោះមិត្តសម្លាញ់របស់លោកឬ? ហេតុអ្វីបានជាលោកមិនទៅជាមួយទ្រង់» 18 លោកហ៊ូសាយទូលទៅសម្តេចអាប់សូឡុមថា៖ «ទេ! បើព្រះអម្ចាស់ និង មនុស្សទាំងនេះ ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រើសរើសអ្នកណាហើយនោះ ទូលបង្គំក៏បម្រើស្តេចនោះ ហើយនៅជាមួយស្តេចនោះ។ 19 ម៉្យាងទៀត តើឲ្យទូលបង្គំបម្រើអ្នកណា? តើមិនគួរឲ្យទូលបង្គំបុត្ររបស់មិត្តសម្លាញ់ទូលបង្គំទេឬអី? ដូច្នេះ ទូលបង្គំនឹងបម្រើទ្រង់ ដូចជាធ្លាប់បម្រើបិតាទ្រង់ដូច្នេះដែរ។ 20 នោះសម្តេចអាប់សូឡុមមានរាជឱង្ការទៅលោកអហ៊ីថូផែលថា៖ «ចូរផ្តល់យោបល់របស់លោកមកមើល៍ ថាយើងគួរធ្វើអ្វី?» 21 លោកអហ៊ីថូផែល ទូលសម្តេចអាប់សូឡុមថា៖ «សូមយាងទៅរួមដំណេកជាមួយពួកស្រីស្នំរបស់ព្រះបិតាទ្រង់ ដែលស្តេចបានទុកឲ្យនៅយាមដំណាក់ទៅ នោះប្រជាជនអ៊ីស្រាអែលទាំងអស់នឹងបានដឹងថា ព្រះករុណាបានតាំងខ្លួនជាសត្រូវរបស់បិតាទ្រង់។ នោះបក្សពួករបស់ព្រះករុណានឹងមានកម្លាំងចិត្តឡើង»។ 22 ដូច្នេះ គេបានតម្លើងត្រសាលសម្រាប់សម្តេចអាប់សូឡុមនៅលើដំបូលព្រះដំណាក់ ហើយសម្តេចអាប់សូឡុមបានរួមដំណេកជាមួយស្រីស្នំរបស់បិតា ឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញ។ 23 នៅគ្រានោះយោបល់របស់អហ៊ីថូផែលដែលទូលទៅស្តេច គឺដូចជាពាក្យដែលគេបានឮចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ គឺទាំងព្រះបាទដាវីឌ ទាំងសម្តេចអាប់សូឡុម តែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់លោក។