ជំពូក​ ១១

1 នៅរដូវស្លឹកឈើលាស់​ ជារដូវកាលដែលស្តេចទាំងឡាយទម្លាប់ធ្វើសង្គ្រាម នោះព្រះបាទដាវីឌបានចាត់លោកយ៉ូអាប់ ជាមេទ័ពរបស់ទ្រង់ និងពួកកងទ័ពរបស់អ៊ីស្រាអែលឲ្យចេញទៅ។ ពួកគេបានកម្ទេចកងទ័ពអាំម៉ូន និងបានឡោមព័ទ្ធក្រុងរ៉ាបាត។ ចំណែកឯព្រះបាទដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡិម។ 2 មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌបានតើនពីក្រឡាបន្ទំ ហើយស្តេចបានយាងកំសាន្តតាមថែវដែលនៅជាន់ខាងលើព្រះដំណាក់។ ទ្រង់បានទតឃើញនារីម្នាក់ដែលកំពង់ងូតទឹក ស្ត្រីម្នាក់នោះមានរូបឆោមស្អាតណាស់ស្រស់ 3 ស្តេចបានចាត់គេឲ្យទៅស៊ើបសួរអំពីស្រ្តីនោះ។ មានគេនិយាយថា៖ «តើនេះមិនមែនជានាងបេតសេបា ជាកូនស្រីរបស់លោក អេលាំ​ ជាភរិយារបស់លោកអ៊ូរី ជាជនជាតិហេតនោះទេឬ?» 4 ព្រះបាទដាវីឌបានចាត់គេឲ្យនាំនាងមក នាងបានចូលគាល់ស្តេច ហើយស្តេចបានរួមដំណេកជាមួយនាង (គឺនាងទើបតែបានសម្អាតខ្លួនពីការមានរដូវរបស់នាង)។ បន្ទាប់មក នាងបានត្រឡប់ទៅផ្ទះរបស់នាងវិញ។ 5 នាងបេតសេបាក៏ចាប់មានទម្ងន់ ហើយនាងក៏ចាត់មនុស្សឲ្យទៅទូលព្រះបាទដាវីឌ ថា៖ «ខ្ញុំម្ចាស់មានទម្ងន់ហើយ»។ 6 នោះ ព្រះបាទដាវីឌមានរាជឱង្ការបញ្ជាទៅលោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី​ ជាជនជាតិហេតមកជួបយើង»។ ដូច្នេះលោកយ៉ូអាប់បានចាត់លោកអ៊ូរីមកឯព្រះបាទដាវីឌ។ 7 នៅពេលដែលលោកអ៊ូរី មកដល់ ព្រះបាទដាវីឌបានសួរសុខទុក្ខរបស់លោកយ៉ូអាប់ អំពីពួកពលទាហាន ហើយនិងសភាពការណ៍សង្រ្គាម តើយ៉ាងណាទៅហើយ។ 8 ព្រះបាទដាវីឌ ក៏មានរាជឱង្ការទៅកាន់លោកអ៊ូរីថា៖ « ចូរត្រឡប់ទៅផ្ទះរបស់លោក ហើយសម្អាតជើងរបស់លោកចុះ»។ ដូច្នេះ លោកអ៊ូរីក៏ចាកចេញពីព្រះរាជវាំងទៅ ហើយបន្ទាប់ពីលោកចាកចេញទៅ ស្តេចបានផ្ញើអំណោយទៅឲ្យលោក។ 9 ប៉ុន្តែ លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ​ គឺលោកបានសម្រាន្ដនៅមាត់ទ្វារចូលព្រះរាជវាំងរបស់ស្តេចជាមួយនឹងអ្នកបម្រើទាំងអស់របស់ចៅហ្វាយរបស់លោក។ 10 ពេលនោះមានគេទូលរឿងនេះដល់ព្រះបាទដាវីឌថា៖ «លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ»។ ព្រះបាទដាវីឌសួរលោកអ៊ូរីថា៖ «តើអ្នកបានធ្វើអ្វី? តើហេតុអ្វីបានជាលោកមិនត្រឡប់ទៅផ្ទះរបស់លោក?» 11 នោះលោកអ៊ូរីទូលស្តេចថា៖ «ហឹបរបស់ព្រះអម្ចាស់ទាំងពលទាហានអ៊ីស្រាអែល ព្រមទាំងយូដា ពួកគេស្នាក់នៅក្នុងត្រសាលនៅឡើយ ហើយចៅហ្វាយរបស់ទូលបង្គំលោកយ៉ូអាប់ និងអ្នកបម្រើរបស់លោកទាំងអស់ក៏សម្រាកនៅទីវាល។ តើនឹងឲ្យទូលបង្គំចូលទៅក្នុងផ្ទះ ស៊ីផឹក ហើយដេកជាមួយភរិយារបស់ទូលបង្គំយ៉ាងដូចម្តេចបាន? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណានៅមានព្រះជន្មគង់នៅ ទូលបង្គំនឹងមិនធ្វើដូច្នេះជាដាច់ខាត។ 12 ព្រះបាទដាវីឌមានរាជឱង្ការមកលោកអ៊ូរីថា៖ «ថ្ងៃនេះសូមលោកស្នាក់នៅទីនេះចុះ ហើយថ្ងៃស្អែកសឹមចេញដំណើរទៅ»។ ដូច្នេះ លោកក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះនឹងថ្ងៃបន្ទាប់។ 13 នៅពេលដែលព្រះបាទដាវីឌ ត្រាស់ហៅលោកនោះ លោកបាន​បរិភោគ នឹងផឹកមុនស្តេច។ នៅរសៀលបន្ទាប់លោកអ៊ូរីបានសម្រាន្តលើគ្រែរបស់លោកជាមួយពួកអ្នកបម្រើចៅហ្វាយរបស់លោក គឺលោកមិនបានត្រឡប់ទៅផ្ទះរបស់លោកទេ។ 14 នៅពេលព្រឹកព្រះបាទដាវីឌបានសរសេរ​​សំបុត្រ​ផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។ 15 ស្តេចបានសរសេរនៅក្នុងសំបុត្រនោះថា៖ «ចូរបញ្ជូនលោកអ៊ូរីទៅកាន់សមរភូមិមុខ គឺទៅកាន់ខ្សែប្រយុទ្ធ ហើយដកអ្នកដទៃទៀតចេញពីគេមក នោះគាត់នឹងត្រូវគេវាយប្រហារហើយសម្លាប់នៅទីនោះ។ 16 លោកយ៉ូអាប់ សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ លោកក៏បានដាក់លោកអ៊ូរីនៅកន្លែងដែលលោកបានដឹងថាមានសត្រូវដែលខ្លាំងពូកែ។ 17 នៅពេលដែលកងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់ ពួកគេបានសម្លាប់កងទ័ពមួយចំនួន នៅក្នុងជួរទ័ពរបស់ស្តេចដាវីឌ ហើយលោកអ៊ូរី ជាជនជាតិហេត ក៏ត្រូវបានគេសម្លាប់នៅទីនោះដែរ។ 18 លោកយ៉ូអាប់ បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ សព្វគ្រប់អំពីសភាពការណ៍ចម្បាំង 19 គឺលោកបញ្ជាអ្នកនាំសារថា៖ «នៅពេលដែលអ្នកបានទូលថ្វាយស្តេចចប់សព្វគ្រប់អំពីសភាពការណ៍ចម្បាំងហើយ 20 ប្រសិនបើ ស្តេចខ្ញាល់ ហើយទ្រង់មានរាជឱង្ការថា «ហេតុអ្វីបានជាអ្នកចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ តើអ្នកមិនដឹងទេឬថា ខ្មាំងនឹងបាញ់ព្រួញពីលើកំពែងក្រុងមក? 21 តើអ្នកណាជាអ្នកសម្លាប់លោក​អប៊ី‌មាឡេក​ ជាកូនប្រុសរបស់លោកយេរូបាលដែលនៅថេប៊េស? តើមិនមែនជាមនុស្សស្រីទេឬដែលបានទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក? ហេតុអ្វីបានជាអ្នកចូលទៅជិតកំពែងក្រុងនោះ? នោះ អ្នកត្រូវទូលស្តេចថា៖ «អ្នកបម្រើរបស់ព្រះករុណា លោកអ៊ូរី ជាជនជាតិហេតុ ក៏បានស្លាប់នៅទីនោះដែរ។ 22 ដូច្នេះ អ្នកនាំសារបានចាកចេញទៅគាល់ព្រះរាជា និងបានទូលថ្វាយទ្រង់គ្រប់សព្វ តាមដែលលោកយ៉ូអាប់បានបង្គាប់លោកឲ្យនិយាយ។ 23 អ្នកនាំសារទូលស្តេចថា៖ «ពួកខ្មាំងសត្រូវមានប្រៀបជាងយើង គេចេញមកវាយយើងខ្ញុំនៅតាមវាល ប៉ុន្តែ យើងបានវាយបកទៅវិញ រហូតពួកគេទៅដល់ក្លោងទ្វារក្រុង។ 24 ពេលនោះ ពួកខ្មាំងសត្រូវបានបាញ់ព្រួញពីលើកំពែងក្រុង មកលើកងទ័ពរបស់ព្រះករុណា ធ្វើអោយពលទាហានមួយចំនួនបានស្លាប់ ហើយអ្នកបម្រើរបស់ព្រះករុណា លោកអ៊ូរី ជាជនជាតិហេត ក៏បានស្លាប់នៅទីនោះដែរ។ 25 « នោះព្រះបាទដាវីឌ មានរាជឱង្ការទៅអ្នកនាំសារថា «ចូរប្រាប់យ៉ូអាប់ថា សូមកុំពិបាកចិត្តព្រោះតែរឿងនេះឡើយ ដ្បិត ការធ្វើសង្គ្រាមគឺតែងតែមានការស្លាប់ទាំងសងខាងដូច្នេះហើយ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំង ហើយបំផ្លាញក្រុងនេះឲ្យបាន»។ 26 នៅពេលដែលភរិយារបស់លោកអ៊ូរី បានដឹងដំណឹងថាប្តីរបស់ស្លាប់ នាងបានធ្វើពិធីកាន់ទុក្ខសពប្តីរបស់នាង។ 27 លុះពេលវេលានៃការកាន់ទុកបានចប់សព្វគ្រប់ហើយ ព្រះបាទដាវីឌបានចាត់គេឲ្យទៅនាំនាងពីផ្ទះមក ចូលទៅក្នុងព្រះរាជវាំង ហើយនាងបានក្លាយជាមហេសីរបស់ស្តេច ហើយសម្រាលបានបុត្រមួយថ្វាយស្តេច។ ប៉ុន្តែ អំពើដែលដាវីឌបានធ្វើ មិនគាប់ព្រះទ័យព្រះអម្ចាស់ឡើុយ។