ជំពូក ៦

1 គ្រានោះហឹបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីនអស់រយៈពេលប្រាំពីរខែ។ 2 ក្រោយមកពួកភីលីស្ទីនបានអញ្ជើញពួកបូជាចារ្យ និងពួកគ្រូទាយមក​​ហើយសួរថា៖ «តើយើងត្រូវប្រព្រឹត្តដូចម្តេចចំពោះហឹបរបស់ព្រះអម្ចាស់នេះ? សូមប្រាប់ពួកយើងនូវរបៀបបញ្ជូនហឹបនេះទៅកន្លែងដើមវិញយ៉ាងដូចម្តេច?» 3 ពួកបូជាចារ្យ និងគ្រូទាយបានឆ្លើយថា «បើអស់លោកបញ្ជូនហឹបរបស់ព្រះជាម្ចាស់របស់អុីស្រាអែលត្រឡប់ទៅវិញ កុំបញ្ជូនទៅដោយគ្មានតង្វាយឲ្យសោះ គឺត្រូវមានទាំងតង្វាយទទួលកំហុសដល់ព្រះអង្គទៅជាមួយដែរ។ នោះអស់លោកនឹងបានជាស្បើយពីគ្រោះកាច ហើយមុខជាដឹងថា មូលហេតុអ្វីបានជាព្រះហស្តរបស់ព្រះអង្គមិនដកចេញពីអស់លោករហូតមកដល់ពេលនេះ»។ 4 ពួកគេបានសួរតបវិញថា៖ «តើអ្វីទៅជាដង្វាយទទួលកំហុសដែលយើងត្រូវថ្វាយត្រឡប់ទៅព្រះអង្គវិញ?»។ ពួកគ្រូឆ្លើយថា៖ «ចូរធ្វើដុំសាច់មាសប្រាំដុំ កណ្តុរមាសប្រាំ លេខប្រាំនេះជាតំណាងឲ្យមេដឹកនាំនៃជនជាតិភីលីស្ទីនទាំងប្រាំរូប។ ដ្បិត ទាំងមេដឹកនាំ ទាំងពួកអស់លោកសុទ្ធបានរងគ្រោះកាចដូចគ្នា។ 5 អស់លោកត្រូវធ្វើគំរូដុំសាច់ និងកណ្តុរដែលរាតត្បាតក្នុងស្រុក ហើយថ្វាយសេរីល្អដល់ព្រះនៃជនជាតិអុីស្រាអែល។ ធ្វើដូច្នេះ ប្រហែលជាព្រះអង្គដកព្រះហស្តចេញពីព្រះ ពីស្រុក និងពីអស់លោក។ 6 ហេតុអ្វីបានជាអស់លោកធ្វើចិត្តរឹងរូសដូចជាជនជាតិអេសុីប និងស្តេចផារ៉ោនដែលបានធ្វើចិត្តរឹងរូសដូច្នេះ? ធ្វើដូច្នោះហើយ ដែលព្រះជាម្ចាស់នៃជនជាតិអុីស្រាអែលបានប្រព្រឹត្តចំពោះពួកគេយ៉ាងធ្ងន់ធ្ងរបែបនោះ។ តើមិនមែនជនជាតិអេសុី​បអនុញ្ញាតឲ្យពួកគេចាកចេញ ហើយពួកគេបានចាកចេញទៅទេឬអី? 7 ពេលនេះ ចូររៀបចំរទេះថ្មីមួយមកជាមួយ ហើយមេគោពីរក្បាលដែលនៅបំបៅកូន ជាគោមិនធ្លាប់ទឹមសោះ។ ចងគោនោះទឹមនឹងរទេះ ឯកូនរបស់វាត្រូវយកទៅក្រោលចេញពីមេដែលទឹមនោះ។ 8 រួចយកហឹបរបស់ព្រះអម្ចាស់មកដាក់លើរទេះនោះ។ ដាក់រូបដែលធ្វើពីមាសទាំងនោះ ដែលត្រូវបញ្ជូនទៅថ្វាយព្រះអង្គជាតង្វាយដឹងកំហុសនៅក្នុងប្រអប់មួយហើយដាក់ទៅម្ខាង។ បន្ទាប់មក ចូរបណ្តាយឲ្យវាចេញទៅដោយខ្លួនវាចុះ។ 9 ឯអស់លោក ចូរឃ្លាំមើល បើរទេះនោះតម្រង់ទៅឯបេតសេ‌ម៉េសដោយខ្លួនវា នោះមានន័យថា គឺព្រះអម្ចាស់ហើយដែលបានវាយប្រហារឲ្យមានមហន្តរាយដ៏សម្បើមនេះ។ ប៉ុន្តែ បើមិនដូច្នោះទេ គឺមិនមែនព្រះអង្គទេដែលវាយប្រហារពួកយើង តែគ្រោះកាចនោះបានកើតឡើងលើពួកយើងដោយឯកឯងវិញ»។ 10 ពួកគេបានធ្វើតាមអ្វីដែលបានបង្គាប់ ពួកគេបានយកមេគោដែលកំពុងបំបៅកូនដាក់ទឹមនឹងរទេះ ហើយយកូនវាទៅឯក្រោល។ 11 ពួកគេបានដាក់ហឹបរបស់ព្រះអម្ចាស់នៅលើរទេះ ជាមួយនឹងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាសក្នុងនោះដែរ។ 12 គោបានតម្រង់ទៅឯបេតសេម៉េស។ គោបានដើរលើផ្លូវ ដើរទៅយឺតៗដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ ពួកអ្នកដឹកនាំភីលីស្ទីនបានដើរតាមក្រោយរទេះទៅព្រំប្រទល់របស់បេតសេម៉េស។ 13 ខណៈនោះអ្នកនៅបេតសេម៉េសកំពុងប្រមូលផលស្រូវរបស់ពួកគេនៅជ្រលងភ្នំ។ ពេលពួកគេបានឃើញហឹបដូច្នេះ ពួកគេមានអំណរជាខ្លាំង។ 14 រទេះបានមកចម្ការរបស់លោកយ៉ូស្វេជាអ្នករស់នៅបេតសេម៉េស ហើយឈប់ទីនោះ។ នៅទីនោះមានផ្ទាំងថ្មធំមួយ ពួកគេបានដោះឈើរទេះនោះ ព្រមទាំងយកមេគោទាំងពីរនោះថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ផង។ 15 ពួកលេវីបានយកហឹបរបស់ព្រះអម្ចាស់ និងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាស ហើយដាក់នៅលើផ្ទាំងថ្មដ៏ធំនោះ។ ឯអ្នករស់នៅបេតសេម៉េសក៏បានថ្វាយតង្វាយដុត និងធ្វើយញ្ញបូជាក្នុងថ្ងៃតែមួយនោះផងដែរ។ 16 នៅពេលអ្នកដឹកនាំទាំងប្រាំរូបរបស់ពួកភីលីស្ទីនបានឃើញដូច្នេះ ពួកគេក៏បានវិលត្រឡប់ទៅឯក្រុងអេក្រូនវិញនៅថ្ងៃដដែរ។ 17 ទាំងនេះគឺជារូបដុំសាច់មាសដែលពួកភីលីស្ទីនដាក់មកជាមួយ ជាតង្វាយលុបលាងកំហុសដល់ព្រះអម្ចាស់៖ មួយសម្រាប់ក្រុងអាដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាដ និងមួយទៀតសម្រាប់ក្រុងអេក្រូនផងដែរ។ 18 ឯកណ្តុរមាសទាំងប្រាំ ក៏ដូចជាចំនួននៃទីក្រុងទាំងប្រាំរបស់ស្រុកភីលីស្ទីនដែលស្ថិតនៅក្រោមការដឹកនាំនៃអ្នកដឹកនាំទាំងប្រាំរូបនោះដែរ គឺទាំងក្រុងដែលរឹងមាំ និងទាំងភូមិតូចៗ។ គេបានយកហឹបរបស់ព្រះអម្ចាស់ ទៅដាក់នៅជិតផ្ទាំងថ្មដ៏ធំសម្បើមនោះ ហើយថ្មនោះគឺជាបន្ទាល់អំពីហឹបនៅក្នុងចម្ការរបស់លោកយ៉ូស្វេ អ្នកបេតសេម៉េសរហូតដល់សព្វថ្ងៃនេះ។ 19 ព្រះអម្ចាស់បានប្រហារមនុស្សដែលរស់នៅបេតសេម៉េស ដោយសារតែពួកគេបានសម្លឹងមើលហឹបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារពួកគេឲ្យស្លាប់ ៥០,០៧០នាក់។ ពួកគេបានយំសោក ដោយពួកគេត្រូវបានព្រះអម្ចាស់ដាក់ទោស។ 20 អ្នករស់នៅបេតសេម៉េសខ្លះបាននិយាយថា៖ «តើមាននរណាអាចឈរនៅចំពោះព្រះអម្ចាស់បាន ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ? តើអ្នកណានឹងយកហឹបទៅឆ្ងាយពីយើងបាន?» 21 ពួកគេបានបញ្ជូនអ្នកនាំសារទៅឯអ្នកស្រុកគារយ៉ាតយ៉ារីម ដោយនិយាយថា៖ «ពួកភីលីស្ទីបានបញ្ជូនហឹបនៃព្រះអម្ចាស់មកវិញហើយ សូមអស់លោកអញ្ជើញមកយកទៅជាមួយអស់លោកវិញចុះ»។