ជំពូក ២៤

1 ពេលព្រះបាទសូលយាងត្រឡប់ពី​ចម្បាំងជាមួយពួកភីលីស្ទីនវិញ មានគេទូលស្តេចថា៖ «ដាវីឌនៅឯទីរហោស្ថានអេនគេឌី»។ 2 នោះព្រះបាទសូលបានជ្រើសរើសទាហានពីអ៊ីស្រាអែលទាំងមូលចំនួនបីពាន់នាក់ឲ្យចេញទៅតាមរករកលោកដាវីឌ និងមនុស្សរបស់លោកនៅតំបន់ថ្មពពែព្រៃ។ 3 យាងមកតាមផ្លូវ ស្តេចបានឆ្លងកាត់ក្រោលចៀម ដែលមានល្អាងភ្នំមួយ។ ស្តេចបានចូលទៅក្នុងល្អាងនោះដើម្បីដោះទុក្ខសត្វ។ លោកដាវីឌ និងគ្នីគ្នារបស់លោកស្ថិតនៅក្នុងល្អាងនោះតែនៅជ្រៅទៅទៀតដែរ។ 4 មនុស្សរបស់លោកដាវីឌបានជម្រាបលោកថា៖ «នេះគឺជាថ្ងៃដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកហើយថា យើងនឹងប្រគល់ខ្មាំងសត្រូវរបស់ឯងមកក្នុងដៃរបស់ឯង ដើម្បីឲ្យឯងប្រព្រឹត្តចំពោះសត្រូវនោះតាមប្រាថ្នាចុះ»។ នោះលោកដាវីឌបានក្រោកឡើង ហើយលូនចូលទៅយ៉ាងស្ងាត់ ហើយបានកាត់ជាយព្រះភូសារបស់ព្រះបាទសូលមក។ 5 បន្ទាប់មក ចិត្តរបស់លោកដាវីឌបានធ្វើឲ្យលោកដាវីឌក្តៅក្រហាយ ពីព្រោះលោកបានកាត់ជាយព្រះភូសារបស់ស្តេច។ 6 លោកបាននិយាយទៅមនុស្សរបស់លោកថា៖ «សូមព្រះអម្ចាស់ឃាត់ខ្ញុំកុំឲ្យប្រព្រឹត្តដូច្នេះចំពោះម្ចាស់ ដែលព្រះអម្ចាស់បានចាក់ប្រេងតាំង គឺឃាត់ដៃរបស់ខ្ញុំមិនឲ្យប្រឆាំងនឹងស្តេចឡើយ តែឲ្យមើលទៅស្តេចថា ជាអ្នកដែលព្រះបានចាក់ប្រេងអភិសេកវិញ»។ 7 ដូច្នេះ លោកដាវីឌបានស្តីបន្ទោសមនុស្សរបស់លោកនឹងពាក្យសំដីទាំងនោះ ហើយមិនអនុញ្ញាតឲ្យពួកគេប៉ះពាល់ព្រះបាទសូលទេ។ ព្រះបាទសូលបានក្រោកឡើង ហើយចាកចេញបន្តដំណើរទៅមុខទៀត។ 8 បន្ទាប់មក លោកដាវីឌក៏បានក្រោកឈរឡើង ហើយចាកចេញពីល្អាងនោះ រួចស្រែកទៅព្រះបាទសូលថា៖ «ឱព្រះករុណាជាម្ចាស់របស់ទូលបង្គំអើយ»។ ពេលព្រះបាទសូលក្រលែកទៅក្រោយឃើញលោកដាវីឌបានឱនមុខក្រាបដល់ដី និងបានបង្ហាញការគោរពរបស់លោកដល់ស្តេច។ 9 លោកដាវីឌបានទូលស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាស្តាប់គេថា ដាវីឌចង់ធ្វើបាបព្រះករុណដូច្នេះ?»។ 10 ថ្ងៃនេះ ព្រះអង្គបានទតឃើញនឹងព្រះនេត្រហើយថា ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងដៃរបស់ទូលបង្គំនៅក្នុងល្អាងនេះ។ ក៏មានអ្នកប្រាប់ឲ្យទូលបង្គំធ្វើឃាតព្រះអង្គដែរ តែទូលបង្គំបានទុកជីវិតឲ្យព្រះអង្គវិញ។ ដោយទូលបង្គំនិយាយថា ទូលបង្គំនឹងមិនលើកដៃប្រហារម្ចាស់របស់ទូលបង្គំឡើយ ដ្បិត ព្រះករុណាគឺជាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក។ 11 ព្រះករុណាឃើញទេ សូមទតមើលជាយព្រះភូសារបស់ព្រះករុណាចុះ គឺស្ថិតក្នុងដៃរបស់ទូលបង្គំឯណេះ។ ហេតុផលពិតដែលទូលបង្គំបានកាត់ជាយព្រះភូសារបស់ព្រះករុណា ហើយមិនធ្វើឃាតព្រះករុណាដូច្នេះ ព្រះករុណាអាចនឹងដឹងថា ទូលបង្គំគ្មានបំណងអាក្រក់ ឬគ្មានអំពើក្បត់នៅក្នុងដៃទូលបង្គំឡើយ ហើយទូលបង្គំក៏ពុំបានធ្វើបាបប្រឆាំងនឹងព្រះករុណាដែរ សូម្បីតែ ព្រះអង្គកំពុងតាមប្រមាញ់យកជីវិតរបស់ទូលបង្គំក្តី។ 12 សូមព្រះអម្ចាស់រកយុត្តិធម៌រវាងទូលបង្គំ និងព្រះករុណាចុះ។ សូមព្រះអម្ចាស់ដាក់ទោសទូលបង្គំចុះ បើមានការនោះមែន ប៉ុន្តែ ទូលបង្គំមិនលើដៃប្រហារព្រះករុណាឡើយ។ 13 ដូចមានសុភាសិតបុរាណពោលថា៖ មនុស្សអាក្រក់មុខជាប្រព្រឹត្តអាក្រក់។ ប៉ុន្តែ ឯដៃរបស់ទូលបង្គំវិញ គឺមិនប្រឆាំងនឹងព្រះករុណាឡើយ។ 14 តើស្តេចរបស់អ៊ីស្រាអែលចេញមកប្រយុទ្ធនឹងអ្នកណា? តើព្រះករុណាតាមប្រមាញ់អ្នកណា? តាមឆ្កែងាប់ ឬតាមរកចៃឆ្កែប៉ុណ្ណោះ! 15 សូមព្រះអម្ចាស់ធ្វើជាចៅក្រម និងសម្រេចក្តីរវាងយើងទាំងពីរ ហើយសូមព្រះអង្គទតមើល ហើយការពារក្តីនេះដល់ទូលបង្គំ នោះព្រះអម្ចាស់នឹងអនុញ្ញាតឲ្យទូលបង្គំរួចខ្លួនពីព្រះហស្តរបស់ព្រះករុណ»។ 16 ពេលលោកដាវីឌបានបញ្ចប់នូវពាក្យទាំងនោះចំពោះព្រះបាទសូលហើយ​ នោះព្រះបាទសូលបានមានបន្ទូលថា៖ «នេះជាសម្លេងរបស់កូន ឬ​​​ ដាវីឌកូនប្រុសបិតា?» រួចព្រះបាទសូលព្រះកន្សែង។ 17 ស្តេចបានមានរាជឱង្ការទៅលោកដាវីឌទៀតថា៖ «បុត្រសុចរិតជាងបិតា ដោយបុត្របានប្រព្រឹត្តអំពើល្អចំពោះបិតា តបនឹងអំពើអាក្រក់ដែលបិតាបានប្រព្រឹត្តដាក់បុត្រ។ 18 បុត្របានប្រកាសថ្ងៃនេះនូវអំពើដ៏សប្បុរសដែលបុត្របានធ្វើចំពោះបិតា ដោយបុត្រមិនបានសម្លាប់បិតានៅពេលព្រះអម្ចាស់បានប្រគល់បិតាទៅក្នុងកណ្តាប់ដៃរបស់បុត្រក្តី។ 19 កាលណាគេឃើញសត្រូវរបស់ខ្លួនហើយ គេនឹងមិនទុកឲ្យសត្រូវនោះរួចខ្លួនឡើយ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ល្អដល់បុត្រដោយព្រោះទង្វើដែលបុត្របានប្រព្រឹត្តចំពោះបិតាថ្ងៃនេះ។ 20 ឥឡូវ បិតាជ្រាបច្បាស់ថា បុត្រនឹងទៅជាស្តេច ហើយរាជ្យអាណាចក្ររបស់អ៊ីស្រាអែលនឹងគង់វង្សក្រោមការគ្រប់គ្រងរបស់បុត្រមិនខាន។ 21 សូមបុត្រស្បថនឹងបិតាដោយនូវព្រះនាមព្រះអម្ចាស់ថា បុត្រនឹងមិនកាត់ផ្តាច់ពូជពង្សវង្សត្រកូលរបស់បិតាទេ ហើយបុត្រនឹងមិនបំផ្លាញព្រះនាមបិតាចេញពីក្រុមគ្រួសាររបស់បិតាដែរ»។ 22 ក្រោយមក ព្រះបាទសូលបានត្រឡប់ទៅព្រះដំណាក់វិញ ប៉ុន្តែ លោកដាវីឌ និងទាហានដែលនៅជាមួយបានឡើងទៅទីមាំមួនវិញ។