1 លោកសាំយូអែលបានទូលទៅព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកចាក់ប្រេងតាំងឲ្យព្រះអង្គធ្វើជាស្តេចលើប្រជារាស្ត្រអុីស្រាអែលរបស់ព្រះអង្គ។ ឥឡូវនេះ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ 2 នេះជាអ្វីដែលព្រះអម្ចាស់នៃពួកពលបរិវាមានព្រះបន្ទូល យើងបានកត់ត្រាទុកនូវអ្វីដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអុីស្រាអែល ដែលប្រឆាំងនឹងពួកគេនៅតាមផ្លូវ ខណៈពួកគេកំពុងចាកចេញពីស្រុកអេសុីប។ 3 ដូច្នេះ ចូរចេញទៅឥឡូវនេះ ដើម្បីវាយប្រហារជនជាតិអាម៉ាឡេក ហើយត្រូវបំផ្លាញអ្វីៗទាំងអស់របស់ពួកគេ។ មិនត្រូវទុកចិត្តទុកជីវិតឲ្យពួកគេឡើយ ប៉ុន្តែ ត្រូវផ្តាច់ជីវិតទាំងប្រុសទាំងស្រី ទាំងក្មេង ទាំងទារក ទាំងគោ ចៀម អូដ្ឋ និងលា»។ 4 ព្រះបាទសូលបានកេនប្រជាជន ហើយរាប់ពួកគេនៅឯថេលែម ឃើញមានម្ភៃមឺុននាក់ ជាទ័ពថ្មើជើង ហើយមួយមឺុននាក់ទៀតជាទាហានដែលមកពីកុលសម្ព័ន្ធយូដា។ 5 ក្រោយមក ព្រះបាទសូលបានយាងមកឯក្រុងរបស់ពួកអាម៉ាឡេក ហើយរង់ចាំនៅឯជ្រលងភ្នំ។ 6 រួចព្រះបាទសូលបានមានបន្ទូលទៅជនជាតិកែនថា «ចូរថយចេញឲ្យឆ្ងាយពីចំណោមជនជាតិអាម៉ាឡេក ដើម្បីកុំឲ្យវិនាសជាមួយពួកនោះ។ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តដោយសប្បុរសដល់ប្រជាជនអុីស្រាអែល ខណៈពួកគេបានចាកចេញពីស្រុកអេសុីប»។ ដូច្នេះ ពួកកែនក៏បានជន្លាសចេញពីពួកអាម៉ាឡែក។ 7 បន្ទាប់មក ព្រះបាទសូលបានចេញទៅវាយប្រហារជនជាតិអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់សើុរ ខាងកើតនៃស្រុកអេសុីប។ 8 ព្រះអង្គបានចាប់អកាក់ជាស្តេចរបស់ជនជាតិអាម៉ាឡេកទាំងរស់។ ស្តេចបានប្រហារជីវិតពួកគេទាំងអស់ដោយមុខដាវ។ 9 ប៉ុន្តែ ព្រះបាទសូល និងទាហានបានទុកជីវិតឲ្យស្តេចអកាក់ ហើយទុកចៀម គោ កូនគោបំប៉ន និងកូនចៀមដែលល្អបំផុត។ អ្វីៗដែលល្អ ពួកគេមិនបានបំផ្លាញចោលទេ។ ប៉ុន្តែ ពួកគេបានបំផ្លាញអ្វីៗទាំងអស់ដែលគ្មានប្រយោជន៍វិញ។ 10 ក្រោយមក ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ 11 «យើងស្តាយណាស់ដែលបានតាំងឲ្យលោកសូលធ្វើជាស្តេច ពីព្រោះលោកសូលមិនបានស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមបញ្ជារបស់យើងទេ»។ លោកសាំយូអែលខឹងយ៉ាងខ្លាំង លោកបានទូលអង្វរព្រះអម្ចាស់ពេញមួយយប់នោះ។ 12 លោកសាំយូអែលបានក្រោកពីព្រលឹម ដើម្បីទៅជួបព្រះបាទសូលនៅព្រឹកនោះ។ គេបានប្រាប់លោកសាំយូអែលថា៖ «ព្រះបាទសូលបានយាងមកកើមែល ហើយបានធ្វើស្តូបមួយសម្រាប់ខ្លួននៅទីនោះ រួចបន្តដំណើរត្រឡប់ទៅគីលកាល់វិញ»។ 13 ដឹងដូច្នោះ លោកសាំយូអែលបានមកជួបព្រះបាទសូលហើយទូលស្តេចថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់ព្រះអង្គ! ខ្ញុំបានសម្រេចតាមព្រះរាជ្យបញ្ជារបស់ព្រះអម្ចាស់រួចហើយ»។ 14 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចុះសម្រែកចៀម និងសម្លេងថ្ងូររបស់គោស្អីបានឮឡើងមកដល់ត្រចៀករបស់ខ្ញុំដូច្នេះ?» 15 ព្រះបាទសូលបានតបថា៖ «គឺសម្លេងសត្វដែលពួកទាហានបានយកមកពីពួកអាម៉ាឡេក។ ដោយពួកគេបានទុកនូវ ចៀម និងគោដែលល្អបំផុត ដើម្បីធ្វើយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោក។ អ្វីៗក្រៅពីនេះ ពួកយើងបានបំផ្លាញចោលទាំងស្រុងហើយ»។ 16 រួចលោកសាំយូអែលបាននិយាយទៅព្រះបាទសូលថា៖ «ឈប់សិន ខ្ញុំនឹងទូលព្រះអង្គនូវអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលបានតបវិញថា៖ «ចូរនិយាយមកចុះ!»។ 17 លោកសាំយូអែលមានប្រសាសន៍ថា៖ «ទោះបីព្រះអង្គមើលខ្លួនឯងថា តូចតាចក្តី តើមិនមែនព្រះអង្គត្រូវបានតាំងឲ្យដឹកនាំកុលសម្ព័ន្ធអីុស្រាអែលទេឬអី? ព្រះអម្ចាស់បានតាំងឲ្យព្រះអង្គធ្វើជាស្តេចលើអីុស្រាអែល 18 ហើយព្រះអម្ចាស់បានចាត់ឲ្យព្រះអង្គចេញទៅថា ចូរទៅ ហើយប្រហារពួកមនុស្សបាបទាំងស្រុង គឺពួកអាម៉ាឡេក ត្រូវវាយពួកគេរហូតឲ្យរាបដល់ដី។ 19 ចុះហេតុដូចម្តេចបានជាព្រះករុណាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាប្រមូលយកជយភណ្ឌ ហើយធ្វើរឿងអាក្រក់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះទៅវិញ?» 20 ព្រះបាទសូលបានឆ្លើយតបលោកសាំយូអែលវិញថា៖ «ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយតើ ព្រមទាំងបានគោរពតាមរបៀបដែលព្រះអម្ចាស់ចាត់ខ្ញុំឲ្យចេញទៅដែរ។ ខ្ញុំបានចាប់ព្រះបាទអកាក់ស្តេចរបស់ពួកអាម៉ាឡេក រួចបានសម្លាប់ផ្តាច់ទាំងស្រុងពួកអាម៉ាឡេក។ 21 គឺទាហាន ដែលបានយកជយភណ្ឌ មានចៀម និងគោ ជារបស់ល្អបំផុតដែលបានញែកទុក ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោកនៅគីលកាល់»។ 22 លោកសាំយូអែលបានទូលវិញថា៖ «តើព្រះអម្ចាស់គាប់ព្រះទ័យនឹងតង្វាយដុត ព្រមទាំងយញ្ញបូជាជាជាងការស្តាប់បង្គាប់ព្រះអម្ចាស់ឬ? ការគោរពប្រតិបត្តិតាម នោះប្រសើរជាងយញ្ញបូជា ហើយឯស្តាប់បង្គាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។ 23 ព្រោះការបះបោរ គឺស្មើនឹងអំពើបាបនៃការរកគ្រូទស្សទាយដែរ ឯការធ្វើចិត្តរឹងរូស គឺអាក្រក់ ហើយទុច្ចរិតទៀតផង។ ដោយព្រោះព្រះករុណាបានផាត់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចោល នោះព្រះអង្គក៏បដិសេធព្រះករុណពីការធ្វើស្តេចដែរ»។ 24 ព្រះបាទសូលបានមានរាជឱង្ការមកលោកសាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តបាបហើយ ព្រោះបានបំពានព្រះបញ្ជារបស់ព្រះអម្ចាស់ និងសំដីរបស់លោក ដោយខ្ញុំខ្លាចពួកទាហាន ហើយបានធ្វើតាមពួូកគេ។ 25 ឥឡូវនេះ សូមអត់ទោសឲ្យខ្ញុំផង ហើយមកជាមួយខ្ញុំវិញ ដូច្នេះ ខ្ញុំអាចថ្វាយបង្គំព្រះអម្ចាស់បាន»។ 26 លោកសាំយូអែលបានទូលព្រះបាទសូលថា៖ «ទូលបង្គំនឹងមិនទៅជាមួយព្រះករុណាវិញទេ ព្រោះព្រះករុណាបានបោះបង់ព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ហើយព្រះអម្ចាស់ក៏បានបោះបង់ព្រះករុណាពីការធ្វើជាស្តេចលើជនជាតិអីុស្រាអែលវិញដែរ»។ 27 កាលលោកសាំយូអែលបានដើរចាកចេញនោះ ព្រះបាទសូលបានចាប់ជាយរ៉ូបរបស់លោកជាប់ ហើយវាបានរហែកផង។ 28 លោកសាំយូអែលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហែកអាណាចក្រអីុស្រាអែលពីព្រះករុណានៅថ្ងៃនេះហើយ រួចបានប្រគល់ដល់ម្នាក់ផ្សេងទៀត ដែលប្រសើរជាងព្រះករុណា។ 29 ហើយព្រះអម្ចាស់ដែលជាកម្លាំងរបស់អីុស្រាអែល មិនដែលកុហក មិនប្តូរព្រះទ័យដែរ ព្រះអង្គមិនមែនមនុស្ស ដែលដូរព្រះទ័យចុះឡើងទេ។ 30 ក្រោយមក ព្រះបាទសូលមានរាជឱង្ការថា៖ «ខ្ញុំពិតជាបានប្រព្រឹត្តបាបមែន។ ប៉ុន្តែ សូមទុកមុខឲ្យខ្ញុំនៅចំពោះមុខចាស់ទុំ និងចំពោះប្រជាជនអីុស្រាអែលផង។ សូមមកជាមួយខ្ញុំសិន ដើម្បីឲ្យខ្ញុំថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់លោកផង»។ 31 ដូច្នេះ លោកសាំយូអែលក៏មកជាមួយព្រះបាទសូល ហើយស្តេចបានថ្វាយបង្គំព្រះអម្ចាស់ពេលនោះ។ 32 បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរនាំព្រះបាទអកាក់ ជាស្តេចនៃជនជាតិអាម៉ាឡេកឲ្យខ្ញុំទីនេះ»។ គេបាននាំស្តេចអកាក់មកដល់ទាំងជាប់ច្រវ៉ាក់ រួចព្រះបាទអកាក់បានមានរាជឱង្ការថា៖ «ពិតណាស់ ការឈឺចាប់នោះបានកន្លងផុតទៅហើយ»។ 33 លោកសាំយូអែលបានតបវិញថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រីៗព្រាត់កូនយ៉ាងណា ម្តាយរបស់ឯងក៏នឹងព្រាត់កូនយ៉ាងនោះដែរ»។ នោះលោកសាំយូអែលបានកាប់ព្រះបាទអកាក់ជាកង់ៗនៅចំពេាះព្រះអម្ចាស់នៅឯគីលកាល់នោះទៅ។ 34 លោកសាំយូអែលបានធ្វើដំណើរទៅរ៉ាម៉ា ឯព្រះបាទសូលបានយាងទៅដំណាក់របស់ស្តេចនៅគីបៀរវិញ។ 35 លោកសាំយូអែលលែងជួបព្រះបាទសូលរហូតដល់ថ្ងៃដែលលោកលាចាកលោក ដោយលោកបានកាន់ទុកសម្រាប់ព្រះបាទសូល។ ព្រះអម្ចាស់បានសោកស្តាយដោយបានតាំងឲ្យព្រះបាទសូលឲ្យធ្វើជាស្តេចលើអីុស្រាអែល។