1 នៅក្នុងឆ្នាំទីដប់ប្រាំបីនៅក្នុងរាជ្យព្រះបាទយេរ៉ូបោមជាកូនរបស់លោកនេបាត ព្រះបាទអប៊ីយ៉ាចាប់ផ្តើមឡើងសោយរាជ្យនៅស្រុកយូដា។ 2 ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេច គឺនាងថាម៉ាកា ជាកូនស្រីរបស់អប៊ីសាឡុម។ 3 ស្តេចបានប្រព្រឹត្តអំពើបាបគ្រប់យ៉ាងដែលបិតារបស់ស្តេចបានប្រព្រឹត្តមុនព្រះអង្គ ព្រះហឫទ័យរបស់ស្តេចមិនបានថ្វាយព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចស្តេចដាវីឌជាបុព្វបុរសរបស់លោកធ្លាប់ធ្វើឡើយ។ 4 យ៉ាងណាមិញ ដោយយល់ដល់ស្តេចដាវីឌ ព្រះអម្ចាស់ជាព្រះរបស់ស្តេចបានឲ្យស្តេចមានចង្កៀងមួយនៅក្រុងយេរូសាឡឹមដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ ដើម្បីពង្រឹងយេរូសាឡឹម។ 5 ព្រះជាម្ចាស់ធ្វើបែបនេះមកពីព្រះបាទដាវីឌបានធ្វើរឿងត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះអង្គ នៅពេញមួយជីវិតរបស់ស្តេច ស្តេចមិនបានងាកចេញពីផ្លូវដែលព្រះអង្គបង្គាប់ស្តេចឡើយ លើកលែងតែរឿងរបស់លោកអ៊ូរីជនជាតិហេតមួយចេញ។ 6 ឥឡូវនេះ មានសង្គ្រាមរវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោមនៅក្នុងថ្ងៃនៃជីវិតរបស់លោកអប៊ីយ៉ា។ 7 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទអប៊ីយ៉ា អ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬអី? តែងតែមានសង្គ្រាមរវាងអប៊ីយ៉ា និងយេរូបោមជានិច្ច។ 8 ព្រះបាទអប៊ីយ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្រ បានឡើងស្នងរាជ្យបន្ត។ 9 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអេសាចាប់ផ្តើមសោយរាជ្យនៅស្រុកយូដា។ 10 ស្តេចបានសោយរាជ្យអស់រយៈពេលសែសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាម៉ាកា ជាកូនស្រីរបស់អប៊ីសាឡុម។ 11 ព្រះបាទអេសាបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចជាព្រះបាទដាវីឌជាបុព្វបុរសរបស់ស្តេចដែរ។ 12 ស្តេចបានបំផ្លាញពួកពេស្យាចាបែបសាសនាចោលនៅក្នុងទឹកដីទាំងមូល ហើយបានបំផ្លាញរូបព្រះដែលបុព្វបុរសរបស់ស្តេចបានធ្វើ។ 13 ស្ដេចបានហូតតំណែងរបស់ម្ចាស់ក្សត្រីពីព្រះនាងម៉ាកា ជីដូនរបស់ស្តេច ព្រោះព្រះនាងបានកសាងសរសរព្រះអាសេរ៉ាដ៏គម្រក់មួយ។ ព្រះបាទអាសាកម្ទេចសសរដ៏គម្រក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។ 14 ប៉ុន្តែ នៅតាមទីទួលខ្ពស់ៗមិនបានបំផ្លាញចោលទេ។ ទោះជាយ៉ាងណាក៏ដោយដួងចិត្តរបស់ព្រះបាទអាសាបានថ្វាយទៅព្រះជាម្ចាស់ទាំងស្រុងពេញមួយជីវិតរបស់ស្តេច។ 15 ស្តេចបាននាំរបស់ដែលបិតារបស់ស្តេចបានញែកទុកមកក្នុងដំណាក់របស់ព្រះអម្ចាស់ គឺរបស់ផ្ទាល់ខ្លួនរបស់ព្រះអង្គផ្ទាល់ដែលបានញែកទុក គឺមានប្រាក់ មាស និងរបស់របរផ្សេងៗទៀត។ 16 តែងតែមានសង្គ្រាមទៅវិញទៅមករវាងព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល ក្នុងរាជ្យរបស់ស្ដេចទាំងពីរ។ 17 ព្រះបាទបាសាជាស្រេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តដោយកំហឹងប្រឆាំងជាមួយជនជាតិយូដា ហើយបានសង់ក្រុងរ៉ាម៉ា ដូច្នេះ ស្តេចមិនអនុញ្ញាត្តិឲ្យនរណាម្នាក់ចេញ ឬចូលទៅក្នុងអាណាចក្ររបស់ព្រះបាទអាសាស្តេចស្រុកយូដាបានឡើយ។ 18 បន្ទាប់មក ព្រះបាទអាសាបានយកប្រាក់ និងមាសទាំងអស់ដែលនៅសេសសល់ក្នុងឃ្លាំងឯដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងវាំងស្តេច។ ស្តេចបានទុករបស់ទាំងនោះនៅជាមួយអ្នកបម្រើរបស់ស្តេច ហើយបានផ្ញើរបស់ទាំងនោះទៅព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកអារ៉ាម ដែលគង់នៅក្រុងដាម៉ាស។ ស្តេចទូលទៅថា៖ 19 «សូមឲ្យមានសម្ពន្ធមេត្រីរវាងព្រះករុណា និងទូលបង្គំ ដូចដែលបិតាទូលបង្គំមានជាមួយបិតាព្រះកុរណាដែរ។ មើល៍ ទូលបង្គំបានផ្ញើអំណោយទាំងនេះមានប្រាក់ និងមាសមកព្រះករុណា។ សូមផ្តាច់សម្ពន្ធមេត្រីជាមួយបាសាស្តេចស្រុកអ៊ីស្រាអែលទៅ ដូច្នេះ កុំឲ្យស្តេចនោះធ្វើទុកទូលបង្គំឡើយ»។ 20 ព្រះបាទបេនហាដាដស្តាប់តាមព្រះបាទអេសា ហើយបានបញ្ជូនមេទ័ពរបស់ខ្លួន ឲ្យវាយប្រហាក្រុងនានាក្នុងស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និងទឹកដីស្រុកណែបថាលី។ 21 នៅពេលដែលព្រះបាទបាសាបានឮរឿងនេះស្តេចក៏ឈប់សាងសង់ក្រុងរ៉ាម៉ា ហើយត្រឡប់ទៅក្រុងធើសាវិញ។ 22 បន្ទាប់មក ព្រះបាទអាសាបានធ្វើសេចក្តីប្រកាសនៅក្នុងស្រុកយូដាទាំងមូល។ គ្រប់គ្នាទាំងអស់បានដឹង។ ពួកគេបានយកថ្ម និងឈើចេញពីក្រុងរ៉ាម៉ា ដែលព្រះបាទបាសាបានសាងសង់ក្រុងនោះឡើង។ ស្តេចអេសាយកថ្ម និងឈើទាំងនោះទៅសង់ក្រុងកេបា ក្នុងទឹកដីបេនយ៉ាមីន និងក្រុងមីសប៉ា។ 23 រឿងផ្សេងៗទៀតទាក់ទាងនឹងព្រះបាទអាសា និងភាពល្បីល្បាញរបស់ស្តេច គ្រប់អ្វីដែលស្តេចបានធ្វើ គ្រប់ក្រុងដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? ប៉ុន្តែនៅពេលដែលស្តេចចាស់ទៅទ្រង់មានជំងឺឈឺជើង។ 24 បន្ទាប់មក ព្រះបាទអាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះស្តេចនៅក្នុងក្រុងរបស់ព្រះបាទដាវីឌជាបិតាទ្រង់។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យបន្ត។ 25 ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោមចាប់ផ្តើមសោយរាជ្យនៅទឹកដីអ៊ីស្រាអែលនៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ស្តេចបានសោយរាជ្យលើអ៊ីស្រាអែលបានពីរឆ្នាំ។ 26 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយស្តេចបានដើរតាមបិតាទ្រង់ និងដើរតាមអំពើបាបរបស់ខ្លួន ដែលស្តេចបាននាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប។ 27 លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងគ្រួសារអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ លោកបាសាធ្វើគុតស្ដេចនៅគីបថោន ដែលជាក្រុងរបស់ពួកភីលីស្ទីន នៅពេលដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងគីបថោននោះ។ 28 នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា លោកបាសាធ្វើគុតព្រះបាទណាដាប់ ហើយឡើងសោយរាជ្យជំនួស។ 29 នៅពេលភ្លាមៗដែលលោកបានសោយរាជ្យ ព្រះបាទបាសាបានសម្លាប់មនុស្សទាំងអស់នៅក្នុងគ្រួសាររបស់យេរ៉ូបោម។ ស្តេចមិនទុកឲ្យកូនចៅណាម្នាក់របស់យេរ៉ូបោមនៅរស់ឡើយ ស្តេចបានសម្លាប់សាច់សាលោហិតនៅក្នុងវាំងដោយរបៀបនេះឯង ស្រមតាមអ្វីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអហ៊ីយ៉ាជាអ្នកស្រុកស៊ីឡូមែន 30 ដោយាសាតែអំពើបាបដែលយេរ៉ូបោមបានប្រព្រឹត្ត និងដោយសារស្តេចបាននាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ព្រោះស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ។ 31 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទណាដាប់ និងគ្រប់អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ? 32 តែងតែមានសង្គ្រាមរវាងព្រះបាទអាសា និងព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែលជានិច្ចនៅក្នុងជីវិតរបស់ស្តេច។ 33 នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទបាសា ជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។ 34 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងអំពើបាបខ្លួនឯងផ្ទាល់ ដែលនាំអ៊ីស្រាអែលទៅក្នុងអំពើបាប។