ជំពូក ៧

1 លោកអ៊ីសាខារមានកូនប្រុសៗបួននាក់ គឺថូឡា ពូអា យ៉ាស៊ូប និងស៊ីមរ៉ូន។ 2 កូនប្រុសៗរបស់លោកថូឡាមាន អ៊ូស៊ី រេផាយ៉ា យេរីអែល យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២,៦០០នាក់។ 3 កូនរបស់លោកអ៊ូស៊ីគឺ យីសរ៉ាហ៊ា កូនប្រុសៗរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។ 4 នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន៣៦,០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។ 5 នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ពួកគេជំរឿនបានទាំងអស់៨៧,០០០នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។ 6 លោកបេនយ៉ាមីនមានកូនប្រុសៗបីនាក់គឺ បេឡា បេគើរនិងយេឌីអែល។ 7 កូនរបស់លោកបេឡាប្រាំនាក់មានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី។ ពួកគេសុទ្ធជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេជំរឿនបានទាំងអស់ ២២,០៣៤នាក់។ 8 កូនប្រុសៗរបស់លោកបេគើរមានសេមីរ៉ា យ៉ូអាស អេលាស៊ើរ​ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ 9 ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេដែលជំរឿនតាមវង្សត្រកូលមានទាំងអស់២០,២០០នាក់។ 10 កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់ប៊ីលហានមាន យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេនអាណា សេថាន តើស៊ីស និងអហ៊ីសាហារ។ 11 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌី‌អែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​ទាំង​អស់​១៧,២០០​នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។ 12 (រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ើរ​គឺ​ហ៊ូស៊ីម)។ 13 កូនប្រុសៗរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។ 14 កូន​របស់​លោក​ម៉ាណា‌សេ គឺ អាស‌រាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើរ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។ 15 ​​លោក​ម៉ាគារ​បាន​យក​ប្រពន្ធ​ពីកូនចៅ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​ម៉ាណាសេឈ្មោះ​ស្លូផិ‌ហាត លោក​ស្លូផិ‌ហាត​មាន​សុទ្ធ​តែ​កូន​ស្រី។ 16 នាង​ម៉ាកា ជា​ភរិយា​របស់​លោក​ម៉ាគារ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉ាគែម។ 17 កូនរបស់លោកអ៊ូឡាម គឺបេដាន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាគារ និងជាចៅរបស់លោកម៉ាណាសេ។ 18 រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។ 19 កូនប្រុសៗរបស់លោកសេមីដា គឺអហ៊ីយ៉ាន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។ 20 ពូជពង្សអេប្រាអ៊ីមមានដូចតទៅ កូន​របស់​លោក​អេប្រាអ៊ីម គឺ​ស៊ុថេ‌ឡា។ លោក​ស៊ុថេ‌ឡា​ជា​ឪពុក​របស់​លោក​បេរេដ។ លោក​បេរេដ​ជា​ឪពុក​របស់​លោក​ថាហាត់។ លោក​ថាហាត់​ជា​ឪពុក​របស់​លោក​អេឡេ‌ដា។ លោក​អេឡេ‌ដា​ជា​ឪពុក​របស់​លោក​តាហាត់។ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ។ 21 លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេ‌ឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេ‌ស៊ើរ និង​អេលាដ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។ 22 លោក​អេប្រាអ៊ីម ជា​ឪពុកបាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ‌សន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សម្រាល​ទុក្ខ​លោកដែរ។ 23 បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិត មានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។ 24 កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។ 25 លោក​បេរា​ជា​ឪពុក​របស់​លោក​រេផា។ លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប។ លោក​រេសែប​ជា​ឪពុក​របស់​លោក​ថេឡា។ លោក​ថេឡា​ជា​ឪពុក​របស់​លោក​ថាហាន។ លោក​ថាហាន​ជា​ឪពុក​របស់​លោក​ឡាអា‌ដាន។ 26 លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមី‌ហ៊ូដ។ លោក​អាំមី‌ហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា។ 27 លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន។ លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។ 28 រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ 29 ទីក្រុងជាប់ព្រំដែនកូន​ចៅ​ម៉ាណា‌សេមាន​ក្រុង​បេត‌សាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ ទីក្រុងទាំង នេះ​ហើយ ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។ 30 កូនប្រុសៗរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី និងបេរា ហើយកូនស្រីរបស់លោកឈ្មោះនាងសេរ៉ា។ 31 កូនប្រុសៗរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាអ៊ីត។ 32 កូនប្រុសៗរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។ 33 កូន​ប្រុសៗរបស់​លោក​យ៉ាផ្លេត​មាន ផាសាក់ ប៊ីមហាល និង​អាសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។ 34 កូន​ប្រុសៗរបស់​លោក​សូមើរជាប្អូនរបស់យ៉ផ្លេត​មាន រ៉ូកា ហ៊ូប‌បា និង​អើរ៉ាម។ 35 កូន​ប្រុសៗរបស់​លោក​ហេលេម​ជា​ប្អូន​លោកសូមើរ មានសូផា យីមណា សេលេស និង​អាំម៉ាល។ 36 កូនប្រុសៗរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា 37 បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។ 38 កូនប្រុសៗរបស់លោកយេធើរ មាន យេភូនេ ពីសផា និងអើរ៉ា។ 39 កូនប្រុសៗ​របស់​លោក​អ៊ូឡា​ មាន អើរ៉ា ហាននៀល និង​រីសយ៉ា។ 40 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦,០០០​នាក់ ដែលសុទ្ធតែជាអ្នកដែលអាចធ្វើចម្បាំង។