ជំពូក ៥

1 នេះជាកូនចៅរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេនជាកូនច្បងបានទេ។ 2 រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិត ស្តេចដែលគ្រប់គ្រងអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល។ 3 កូនប្រុសៗរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន ហេណុក ប៉ាលូ ហេស្រុន និងកើមី។ 4 រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមដូចតទៅនេះកូនប្រុសរបស់លោកយ៉ូអែលគឺសេម៉ាយ៉ា។ លោកសេម៉ាយ៉ាជាឪពុករបស់កុក។ លោកកុកជាឪពុករបស់ស៊ីម៉ាយ។ 5 កូនប្រុសរបស់លោកស៊ីម៉ាយ គឺមីកា កូនរបស់លោកមីកា គឺរីអាយ៉ា កូនរបស់លោករីអាយ៉ា គឺបាល 6 លោកបាលមានកូនប្រុសឈ្មោះ បេរ៉ា ដែលត្រូវព្រះចៅទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ 7 បងប្អូនរបស់បេរ៉ាមានឈ្មោះក្នុងបញ្ជីរាយនាម តាមវង្សត្រកូលដូចតទៅ អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី 8 ​លោកបេឡាជាកូនរបស់លោកអសាស លោកអសាសជាកូនរបស់លោកសេម៉ា លោកសេម៉ាជាកូនរបស់លោកយ៉ូអែល។ កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។ 9 ​នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់វាលរហោស្ថាន ដ្បិត គេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។ 10 នៅក្នុងរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងជាមួយនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូលផង។ 11 ពូជពង្សរបស់លោកកាដរស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលេកា។ 12 លោកយូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។ 13 បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។ 14 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់ហ៊ូរី។ លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា។ លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ។ លោកកាឡាដជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកយេស៊ីសាយ។ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ។ លោកយ៉ាដោជាកូនរបស់លោកប៊ូស។​ 15 លោកអហ៊ីជាកូនរបស់លោកអាបឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ 16 ​អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។ 17 អ្នកទាំងនោះមានឈ្មោះនៅក្នុងបញ្ជីជំរឿនប្រជាជននៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្តេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល។ 18 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលមានទាហានចំនួន៤៤,០០០នាក់ដែលអាចចេញទៅធ្វើសឹកសង្រ្គាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។ 19 ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។ 20 នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គ នោះព្រះអង្គក៏ជួយពួកគេមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។​ 21 ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ ៥០០០០ក្បាល ចៀម ២៥០០០០ក្បាល និងលា២០០០ក្បាល ព្រមទាំងចាប់មនុស្សបានមួយសែននាក់។ 22 ពួកគេសម្លាប់ខ្មាំងសត្រូវជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។ 23 កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ (ភ្នំហ៊ើរម៉ូន)ហើយពួកគេកើនចំនួនឡើងជាច្រើន។ 24 រីឯមេដឹកនាំលើគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានឈ្មោះល្បី ព្រមទាំងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេផង។ 25 ប៉ុន្តែ ពួកគេមិនបានស្មោះត្រង់នឹងព្រះជាម្ចាស់នៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជនជាតិទាំងឡាយនៅក្នុងស្រុកនោះ គឺជនជាតិដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។ 26 ហេតុនេះ ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបណ្តាលចិត្តព្រះបាទពូល (ព្រះបាទទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី)ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលីស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។