1 ពេលព្រះបាទដាវីឌមានអាយុចាស់ណាស់ហើយ ព្រះអង្គបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្រឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល។ 2 ស្តេចបានប្រមូលមេដឹកនាំអ៊ីស្រាអែលទាំងអស់ និងក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីឲ្យមកជួបជុំគ្នា។ 3 គេរាប់ចំនួនក្រុមលេវីដែលមានអាយុសាមសិបឆ្នាំឡើងទៅ។ ពួកគេទាំងអស់មានចំនួន៣៨,០០០នាក់។ 4 ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ក្នុងចំណោមមនុស្សទាំងនេះមានពីរម៉ឺនបួនពាន់នាក់ត្រូវមើលការខុសត្រូវលើកិច្ចការរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ហើយប្រាំមួយពាន់នាក់ជាមន្ដ្រី និងជាចៅក្រម។ 5 បួនពាន់នាក់ទៀតជាអ្នកយាមទ្វារព្រះដំណាក់ បួនពាន់នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលយើងបានធ្វើសម្រាប់ប្រគំកំដរ។ 6 ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ 7 មកពីអំបូរកូនចៅរបស់លោកគើរសុនមាន ឡាដាន និងស៊ីម៉ៃ។ 8 កូនរបស់លោកឡាដានមានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។ 9 កូនរបស់លោកស៊ីម៉ៃមានបីនាក់គឺ សេឡូម៉ូត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ធតែជាមេលើក្រុមគ្រួសារឡាដាន។ 10 លោកស៊ីម៉ៃមានកូនបួននាក់ទៀតគឺ យ៉ាហាត់ ស៊ីស្សា យេអ៊ូស និងបេរា។ 11 លោកយ៉ាហាត់ជាមេដឹកនាំ ហើយលោកស៊ីស្សាជាមេដឹកនាំទីពីរ។ លោកយេអ៊ូសនិងលោកបេរា គ្មានកូនប្រុសច្រើនទេ ដូច្នេះ ពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ ទទួលខុសត្រូវលើការងារតែមួយ។ 12 លោកកេហាត់មានកូនប្រុសបួននាក់គឺអាំរ៉ាម អ៊ីសារ, ហេប្រូននិងអ៊ូសៀល។ 13 កូនប្រុសៗរបស់លោកអាំរ៉ាមគឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអើរ៉ុនត្រូវបានជ្រើសរើសឲ្យញែកអ្វីៗដែលសក្ការបំផុតដែលគាត់ និងកូនចៅរបស់គាត់ត្រូវថ្វាយគ្រឿងក្រអូបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ និងប្រទានពរក្នុងនាមព្រះអង្គជារៀងរហូត។ 14 ប៉ុន្តែ លោកម៉ូសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់កូនៗ របស់លោកត្រូវបានគេចាត់ទុកថា ជាពួកលេវី។ 15 កូនប្រុសៗរបស់ម៉ូសេគឺគើរសុម និងអេលាស៊ើរ។ 16 កូនចៅរបស់លោកគើរសុមគឺសេប៊ូអែលជាកូនច្បង។ កូនចៅរបស់អេលីស៊ើរគឺរេហាបយ៉ា។ 17 អេលាស៊ើរមិនមានកូនប្រុសទៀតទេ ប៉ុន្តែ លោករេហាបយ៉ាមានកូនចៅជាច្រើន។ 18 កូនប្រុសរបស់អ៊ីសហាគឺស៊ីឡូមជាមេដឹកនាំ។ 19 កូនចៅរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាកូនច្បង លោកអម៉ារីយ៉ាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។ 20 កូនប្រុសៗរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាកូនទីមួយ និងលោកយីសយ៉ា ជាកូនទីពីរ។ 21 កូនចៅរបស់លោកម៉្រារីមាន លោកម៉ាលី។ កូនប្រុសៗរបស់លោកម៉ាលីមានអេលាសា និងគីស។ 22 អេលាសាបានស្លាប់ដោយមិនមានកូនទេ គាត់មានតែកូនស្រីៗប៉ុណ្ណោះ។ កូនៗរបស់លោកគីស បានរៀបការជាមួយពួកគេ។ 23 កូនទាំងបីរបស់លោកមូស៊ី គឺម៉ាលី អេដើ និងយេរេម៉ូត។ 24 ទាំងនេះជាកូនចៅលេវីទៅតាមពូជអំបូររបស់ពួកគេ។ ពួកគេជាមេដឹកនាំដែលត្រូវបានគេរាប់បញ្ចូលក្នុងត្រកូលនៃអំបូរដែលត្រូវធ្វើកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ។ 25 ព្រះបាទដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គបានប្រទានឲ្យប្រជាជនរបស់ព្រះអង្គសម្រាក។ ព្រះអង្គបានសង់ព្រះដំណាក់របស់ព្រះអង្គនៅក្រុងយេរូសាឡឹមរហូតតទៅ។ 26 ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។ 27 គេបានរាប់ចំនួនកូនចៅលេវីចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ។ 28 ពួកគេមានភារកិច្ចជួយកូនចៅរបស់លោកអើរ៉ុនក្នុងការបំពេញកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេត្រូវថែរក្សាទីធ្លា បន្ទប់នានា ពិធីជម្រះវត្ថុផ្សេងៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធនិងបំពេញកិច្ចការផ្សេងៗទៀតក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 29 ពួកគេត្រូវតម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ រៀបចំម្សៅម៉ដ្ដសម្រាប់តង្វាយម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចម្អិនដោយប្រើពុម្ព ឬនំផ្សេងៗទៀតដែលលាយជាមួយប្រេង។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់និងទំហំនៃរង្វាល់ទាំងប៉ុន្មានដែរ។ 30 ពួកគេត្រូវស្ថិតនៅក្នុងព្រះដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ 31 ហើយត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច នៅចំពោះព្រះជាម្ចាស់។ 32 ពួកគេទទួលបន្ទុកក្នុងការមើលថែពន្លាជួបព្រះអម្ចាស់ ទីសក្ការបូជា និងជួយកូនចៅអើរ៉ុនក្នុងការបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។