1 មារបានក្រោកឡើងប្រឆាំងនឹងអ៊ីស្រាអែល ហើយបណ្តាលឲ្យព្រះបាទដាវីឌធ្វើជំរឿនជនជាតិអ៊ីស្រាអែល។ 2 ព្រះបាទដាវីឌមានរាជឱង្កាទៅកាន់លោកយ៉ូអាប់ និងមេបញ្ជាការកងទ័ពថា៖ «ចូរទៅជំរឿនជនជាតិអ៊ីស្រាអែលចាប់ពីបៀរសេបារហូតដល់ដាន់ ហើយរាយការណ៍មកយើង ដើម្បីឲ្យយើងដឹងចំនួនពួកគេ»។ 3 លោកយ៉ូអាប់មានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ធ្វើឲ្យកងទ័ពរបស់ព្រះអង្គធំជាងនេះមួយរយដងទៅទៀត។ ប៉ុន្ដែ ព្រះអម្ចាស់របស់ខ្ញុំជាស្តេចអើយ! តើពួកគេទាំងអស់គ្នាមិនមប្រើម្ចាស់ខ្ញុំទេឬអី? ហេតុអ្វីបានជាម្ចាស់របស់ខ្ញុំចង់បានដូច្នេះ? ហេតុអ្វីបានជានាំឲ្យមានកំហុសនេះលើអ៊ីស្រាអែល? 4 ប៉ុន្តែ ពាក្យរបស់ព្រះរាជាគឺប្រឆាំងនឹងលោកយ៉ូអាប់។ លោកយ៉ូអាប់ចាកចេញទៅពាសពេញស្រុកអ៊ីស្រាអែលទាំងមូល។ បន្ទាប់មក គាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញ។ 5 លោកយ៉ូអាប់បានរាយការណ៍អំពីចំនួនសរុបនៃចំនួនអ្នកប្រយុទ្ធជូនព្រះបាទដាវីឌ។ នៅអ៊ីស្រាអែលមានបុរស ១,១០០,០០០ នាក់ដែលមានដាវអាចច្បាំងបាន។ នៅស្រុកយូដាមានកងទ័ព ៤៧០,០០០ នាក់។ 6 ប៉ុន្តែ ពួកលេវី និងពួកបេនយ៉ាមីនមិនត្រូវបានរាប់បញ្ចូលក្នុងចំណោមពួកគេទេ ព្រោះលោកយ៉ូអាប់មិនពេញចិត្ត និងបញ្ជារបស់ស្តេចទេ។ 7 ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងអំពើនេះទេ ដូច្នេះ ព្រះអង្គក៏វាយប្រហារជនជាតិអ៊ីស្រាអែល។ 8 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំបានប្រព្រឹត្ដអំពើបាប ដោយព្រោះការនេះ។ឥឡូវនេះ សូមដកទោសទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផងព្រោះទូលបង្គំបានប្រព្រឹត្ដល្ងីល្ងើបំផុតហើយ»។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដ ជាព្យាការីរបស់ព្រះបាទដាវីឌថា៖ 10 «ចូរទៅប្រាប់ដាវីឌដូចតទៅ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ!»។ 11 លោកកាដចូលទៅគាល់ព្រះបាទដាវីឌហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ សូមជ្រើសរើសមួយក្នុងចំណោមហេតុការណ៍ទាំងនេះចុះ 12 គ្រោះអត់ឃ្លានរយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពនៅចំពោះមុខខ្មាំងសត្រូវរយៈពេលបីខែ ឬដាវរបស់ព្រះអម្ចាស់ គឺជាគ្រោះកាចមួយនៅក្នុងស្រុកដែលទេវតារបស់ព្រះអម្ចាស់បំផ្លាញទូទាំងស្រុកអ៊ីស្រាអែលរយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាសម្រេចថាត្រូវយកមួយណា ដើម្បីទូលបង្គំ ទូលចំពោះព្រះជាម្ចាស់ដែលចាត់ទូលបង្គំអោយមក»។ 13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «ខ្ញុំកំពុងរងទុក្ខវេទនាខ្លាំងណាស់។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ជាជាងដៃរបស់មនុស្ស ដ្បិត ការប្រព្រឹត្ដដ៏សប្បុរសរបស់ព្រះអង្គធំធេងណាស់»។ 14 ព្រះអម្ចាស់បានធ្វើឲ្យគ្រោះកាចមកលើជនជាតិអ៊ីស្រាអែលហើយមានមនុស្សប្រាំពីរម៉ឺននាក់បានស្លាប់។ 15 ព្រះជាម្ចាស់បានចាត់ទេវតាមួយរូបឲ្យទៅបំផ្លាញក្រុងយេរូសាឡឹម។ នៅពេលដែលទេវតាហៀបនឹងបំផ្លាញវាព្រះអម្ចាស់បានឃ្លាំមើលហើយព្រះអង្គបានផ្លាស់ប្តូរព្រះទ័យអំពីការបំផ្លាញនេះ។ ព្រះអង្គមានបន្ទូលទៅកាន់ទេវតាដែលកំពុងតែបំផ្លាញថា៖ «ល្មមហើយ! ឥឡូវសូមដកដៃអ្នកមកវិញទៅ»។ គ្រានោះទេវតារបស់ព្រះអម្ចាស់ឈរនៅលានបោកបែនស្រូវរបស់លោកអណានជាជនជាតិយេប៊ូស។ 16 ព្រះបាទដាវីឌក្រឡេកមើលទៅឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះផែនដី និងលើមេឃមានកាន់ដាវនៅដៃលើកមកលើក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌនិងពួកព្រឹទ្ធាចារ្យដែលស្លៀកបាវកាន់ទុក្ខបានក្រាបចុះអោនមុខដល់ដី។ 17 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «តើមិនមែនទូលបង្គំដែលបញ្ជាអោយរាប់ចំនួនកងទ័ពទេឬអី? ទូលបង្គំបានធ្វើអំពើអាក្រក់នេះ តែចៀមទាំងនេះ តើពួកគេបានធ្វើអ្វីខ្លះ? ព្រះជាម្ចាស់អើយ សូមឲ្យគ្រោះកាចនេះបានធ្លាក់មកលើទូលបង្គំ និងគ្រួសារទូលបង្គំវិញ ប៉ុន្តែ សូមកុំឲ្យកើតមានលើប្រជាជនរបស់ព្រះអង្គឡើយ»។ 18 ទេវតារបស់ព្រះអម្ចាស់បញ្ជាឲ្យលោកកាដទូលព្រះបាទដាវីឌថា៖ «ដាវីឌត្រូវឡើងទៅសង់អាសនៈមួយសម្រាប់ព្រះអម្ចាស់នៅលានបោកស្រូវរបស់អណានជាអ្នកស្រុកយេប៊ូស។ 19 ព្រះបាទដាវីឌក៏ឡើងទៅតាមការដាស់តឿនរបស់លោកកាដតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 20 ពេលលោកអណានកំពុងច្រូតស្រូវសាលី គាត់បែរទៅឃើញទេវតា។ គាត់ និងកូនប្រុសបួននាក់ដែលនៅជាមួយគាត់ក៏បានពួនខ្លួន។ 21 នៅពេលដែលព្រះបាទដាវីឌទៅជិត លោកអណានបានមើល និងឃើញព្រះបាទដាវីឌ។ លោកចាកចេញពីលានបោកស្រូវហើយក្រាបថ្វាយបង្គំព្រះបាទដាវីឌដល់ដី។ 22 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «សូមលក់លានបោកស្រូវនេះឲ្យខ្ញុំផងខ្ញុំនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។ 23 លោកអណានមានប្រសាសន៍ទៅកាន់ព្រះបាទដាវីឌថា៖ «សូមព្រះករុណាយកវាចុះ! សូមធ្វើតាមអ្វីដែលគួរឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គចុះ។ ទូលបង្គំនឹងប្រគល់របស់ទាំងអស់នេះដល់ព្រះអង្គ» ។ 24 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «ទេខ្ញុំសូមទិញអ្វីៗទាំងអស់ដោយពេញថ្លៃ ខ្ញុំនឹងមិនយករបស់អ្នកមកធ្វើជាតង្វាយដុតថ្វាយព្រះអម្ចាស់ទេ ប្រសិនបើ ខ្ញុំមិនបានចំណាយអ្វីសោះ»។ 25 ដូច្នេះ ព្រះបាទដាវីឌបានចំណាយមាសប្រាំមួយរយតម្លឹងសម្រាប់កន្លែងនោះ។ 26 ព្រះបាទដាវីឌសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះហើយក៏ថ្វាយតង្វាយដុតទាំងមូល និងតង្វាយមេត្រីនៅទីនោះ។ ព្រះបាទដាវីឌបានអង្វររកព្រះអម្ចាស់ ហើយព្រះអង្គបានឆ្លើយតបដោយភ្លើងពីលើមេឃមកលើអាសនៈថ្វាយតង្វាយដុតទាំងមូល។ 27 ក្រោយមកព្រះអម្ចាស់បានបញ្ជាឲ្យទេវតាដាក់ដាវចូលទៅក្នុងស្រោមវិញ។ 28 ពេលព្រះបាទដាវីឌឃើញថាព្រះអម្ចាស់បានឆ្លើយតប និងពាក្យទូលអង្វររបស់ព្រះអង្គនៅលានបោកស្រូវរបស់លោកអណានជាអ្នកស្រុកយេប៊ូស ព្រះករុណាក៏ធ្វើពិធីថ្វាយដង្វាយនៅទីនោះ។ 29 នៅគ្រានោះ ព្រះពន្លារបស់ព្រះអម្ចាស់ដែលលោកម៉ូសេបានធ្វើនៅវាលរហោស្ថាន និងអាសនៈសម្រាប់ថ្វាយតង្វាយដុតស្ថិតនៅលើទីសក្ការៈនៅគីបៀន។ 30 ទោះយ៉ាងណាព្រះបាទដាវីឌមិនអាចទៅទីនោះ ដើម្បីសុំការណែនាំពីព្រះជាម្ចាស់ទេ ដោយព្រោះខ្លាចដាវរបស់ទេវតារនៃព្រះអម្ចាស់។