ជំពូក ១៨

1 ក្រោយមក ព្រះបាទដាវីឌវាយប្រហារជនជាតិភីលីស្ទីនហើយឈ្នះពួកគេ។ ព្រះអង្គបានដណ្តើមយកក្រុងកាថ និងភូមិនានាពីតំបន់ត្រួតត្រារបស់ពួកភីលីស្ទីន។ 2 ព្រះបាទដាវីឌវាយឈ្នះជនជាតិម៉ូអាប់ហើយជនជាតិម៉ូអាប់ក៏ធ្វើជាចំណុះព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។ 3 ព្រះបាទដាវីឌបានវាយឈ្នះព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា នៅតំបន់ហាម៉ាត់ នៅពេលដែលព្រះបាហាដាដេស៊ើរកំពុងទៅកាន់កាប់តំបន់ទន្លេអ៊ើប្រាត។ 4 ព្រះបាទដាវីឌចាប់បានរទេះចម្បាំងចំនួនមួយពាន់គ្រឿងទ័ពសេះប្រាំពីរពាន់នាក់និងទ័ពថ្មើរជើងចំនួនពីរម៉ឺននាក់។ ព្រះបាទដាវីឌក៏បំផ្លាញរទេះចម្បាំងព្រមសេះទាំងអស់ចោល ដោយទុកតែរទេះចម្បាំង និងសេះមួយរយក្បាលប៉ុណ្ណោះ។ 5 ពេលនោះកងទ័ពស៊ីរីនៅក្រុងដាម៉ាសក៏ចូលមកជួយព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា ព្រះបាទដាវីឌក៏ច្បាំងឈ្នះហើយបានសម្លាប់ជនជាតិស៊ីរីអស់ចំនួន ២២,០០០ នាក់។ 6 ព្រះបាទដាវីឌដាក់ពលទាហាននៅស្រុកស៊ីរីនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីបានធ្វើជាចំណុះព្រះបាទដាវីឌ ព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។ 7 ព្រះបាទដាវីឌយកខែលមាសពីពួកអ្នកបម្រើរបស់ព្រះបាទហាដាដេស៊ើរហើយនាំយកមកក្រុងយេរូសាឡិម។ 8 ពីក្រុងទីហាតនិងក្រុងគូន ជាទីក្រុងរបស់ព្រះហាដាដេស៊ើរ ព្រះបាទដាវីឌបានយកលង្ហិនយ៉ាងច្រើន។ ក្រោយមកព្រះបាទសាឡូម៉ូបានយកលង្ហិននេះសិតធ្វើសមុទ្រលង្ហិន សសរសង្ហិន ព្រមទាំងសម្ភារលង្ហិនផ្សេងៗទៀតក្នុងព្រះវិហារ។ 9 ពេលព្រះបាទតូយជាស្តេចស្រុកហាម៉ាត់បានឮដំណឹងថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងប៉ុន្មានរបស់ព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា។ 10 ព្រះបាទតូយបានចាត់ព្រះរាជបុត្រព្រះនាមហាដូរ៉ាមទៅគាល់ព្រះដាវីឌ និងថ្វាយសួយអាករ ពីព្រោះព្រះបាទដាវីឌបានធ្វើសង្រ្គាមឈ្នះព្រះបាទហាដាដេស៊ើរ ពីព្រោះព្រះបាទហាដាដេស៊ើតែងតែធ្វើសង្រ្គាមប្រឆាំងនឹងព្រះបាទតូយ។ ហាដូរ៉ាមបាននាំយកមាសប្រាក់និងលង្ហិនមកជាមួយ ដើម្បីថ្វាយស្តេចដាវីឌ។ 11 ស្តេចដាវីឌញែកវត្ថុទាំងនេះទុកជាចំណែកថ្វាយព្រះអម្ចាស់រួមជាមួយមាសប្រាក់ដែលស្តេចបានរឹបអូសយកពីប្រជាជាតិទាំងអស់គឺអេដុម ម៉ូអាប់ ប្រជាជនអាំម៉ូន ជនជាតិភីលីស្ទីននិងជនជាតិអាម៉ាលេក។ 12 លោកអប៊ីសាយជាកូនរបស់សេរូយ៉ាបានសម្លាប់ជនជាតិអេដុមចំនួន១៨,០០០ នាក់នៅជ្រលងភ្នំអំបិល។ 13 គាត់បានចាត់ឲ្យមានពលទាហាននៅត្រួតលើស្រុកអេដុម ហើយជនជាតិអេដុមទាំងអស់សុទ្ធតែចុះចូលបម្រើព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។ 14 ព្រះបាទដាវីឌសោយរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូលហើយស្ដេចគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌ដល់ប្រជាជនទាំងអស់។ 15 លោកយ៉ូអាប់ជាកូនរបស់សេរូយ៉ាជាមេបញ្ជាការកងទ័ពហើយលោកសាផាតជាកូនរបស់លោកអហ៊ីឡូដជាអ្នកកត់ត្រា។ 16 លោកសាដុកជាកូនរបស់លោកអហ៊ីទូបនិងលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរសុទ្ធតែជាបូជាចារ្យហើយលោកសាវសាជាស្មៀន។ 17 លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដាបានគ្រប់គ្រងលើជនជាតិកេរេធីតនិងពេលេត រីឯបុត្រារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច។