ជំពូក ១៦

1 គេបានដង្ហែហឹបរបស់ព្រះជាម្ចាស់មក ហើយបានដាក់តម្កល់នៅកណ្តាលព្រះពន្លា ដែលព្រះបាទដាវីឌបានរៀបចំទុក។ រួចគេថ្វាយតង្វាយដុត និងតង្វាយមេត្រីភាពនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។ 2 កាលព្រះបាទដាវីឌថ្វាយតង្វាយដុត​ និងតង្វាយមេត្រីភាពចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានពរដល់ប្រជាជនទាំងអស់ក្នុងព្រះនាមព្រះជាម្ចាស់។ 3 ព្រះអង្គក៏ប្រទានម្ហូបអាហារដល់ប្រជាជនទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំប៉័ងមួយដុំ សាច់មួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។ 4 ព្រះបាទដាវីឌក៏ចាក់ប្រេងតែងតាំងពួកលេវីខ្លះឲ្យបម្រើនៅចំពោះហឹបនៃព្រះអម្ចាស់ ដើម្បីធ្វើពីធីរំឭក អរព្រះគុណ ច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ជាព្រះនៃប្រជាជនអ៊ីស្រាអែល។ 5 ពួកលេវីទាំងនេះ មានលោកអេសាភជាអ្នកដឹកនាំ បន្ទាប់ពី លោកមានលោកសាការី លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ។ លោក​អេសាភ​ជា​អ្នក​វាយ​ឈិងឲ្យឮរំពង។ 6 លោក​បូជា‌ចារ្យ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល ផ្លុំ​ត្រែ នៅ​មុខ​ហឹប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។ 7 នៅថ្ងៃនោះ ព្រះបាទដាវីឌបានចាក់ប្រេងតែងតាំង លោកអេសាភ និងបងប្អូនគាត់ឲ្យប្រារព្ធពិធីច្រៀងចម្រៀងលើកតម្កើងព្រះជាម្ចាស់។ 8 ចូរអរព្រះគុណដល់ព្រះអម្ចាស់! ចូរប្រកាសពីព្រះនាមព្រះអង្គ! ចូរថ្លែងពីស្នាព្រះហស្តព្រះអង្គ ប្រាប់ដល់ជាតិសាសន៍នានា។ 9 ចូរច្រៀងចម្រៀង ចូរច្រៀងសរសើរព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ!។ 10 ចូរអួតពីព្រះនាមបរិសុទ្ធរបស់ព្រះអង្គ! ចូរឲ្យចិត្តនៃអ្នកដែលស្វែងរកព្រះអង្គបានអរសប្បាយឡើង!។ 11 ចូរស្វែងរកព្រះអម្ចាស់ដែលប្រកបដោយព្រះចេស្តា! ចូរស្វែងរកព្រះអង្គជានិច្ចឥតឈប់ឈរឡើយ។ 12 ចូរនឹកចាំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ចូរនឹកពីការអស្ចារ្យ និងឬទ្ធិបាដិហារិយ៍ទាំងប៉ុន្មានដែលចេញពីព្រះឱស្តទ្រង់មក។ 13 អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប ដែលព្រះអង្គបានជ្រើសរើស។ 14 ព្រះអង្គជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង។ ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គនៅ​ពេញ‌លើ​ផែនដីទាំងមូល។ 15 ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលរបស់ព្រះអង្គដែលស្ថិតស្ថេរនៅរហូតដល់មួយពាន់តំណ។​ 16 គឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ និងព្រះបន្ទូលសន្យាដែលទ្រង់បានសន្យាជាមួយលោកអ៊ីសាក។ 17 នេះគឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានបញ្ជាក់ជាមួយលោកយ៉ាកុបទុកជាក្រឹត្យក្រម ហើយជាមួយអ៊ីស្រាអែលទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច។ 18 ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមរតក»។ 19 ព្រះអង្គបានសន្យាតាំងពីអ្នករាល់គ្នានៅមានគ្នាតិច គឺជាក្រុមមនុស្សដ៏តូច ហើយជាជនដទៃដែលចូលមករស់នៅស្រុកកាណាន។ 20 អ្នករាល់គ្នាបានធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ហើយពីនគរមួយទៅនគរមួយទៀត។ 21 ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេ ព្រះអង្គបានដាក់ទោសស្តេចនានាដែលធ្វើទុក្ខគេ។ 22 ព្រះអង្គមានបន្ទូលថា៖ «កុំឲ្យប៉ះពាល់អ្នកដែលយើងចាក់ប្រេងអភិសេកឡើយ ក៏កុំឲ្យធ្វើបាបពួកព្យាការីរបស់យើងឲ្យសោះ»។ 23 មនុស្សនៅលើផែនដីអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃពីសេចក្តីសង្រ្គោះរបស់ព្រះអង្គ។​ 24 ចូរប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្តាលជាតិសាសន៍នានា ហើយប្រកាសពីការយ៉ាងអស្ចារ្យដែលព្រះអង្គបានធ្វើដល់គ្រប់សាសន៍ទាំងអស់។ 25 ដ្បិត​ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​លើសជាង​ព្រះ​​ទាំង​ឡាយ។ 26 ដ្បិត ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ជារូបសំណាក់ ប៉ុន្តែ ​ព្រះ‌អម្ចាស់វិញ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។ 27 ឥទ្ធា‌នុភាពនិង ព្រះតេជៈ នៅក្នុងវត្តមានរបស់ព្រះអង្គ។ កម្លាំង និងអំណរនៅក្នុងដំណាក់របស់ព្រះអង្គ។ 28 ចូរលើកតម្កើងដល់ព្រះអម្ចាស់! ឱប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ និងឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ 29 ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្ររបស់​ព្រះអង្គ! ចូរ​​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ! 30 ឱមនុស្សនៅផែនដីអើយ ចូរញាប់ញ័រចំពោះព្រះភក្ត្រព្រះអង្គចុះ ពិភពលោកបានកើតមានហើយមិនរង្គើឡើយ។ 31 ចូរឲ្យស្ថានសួគ៌រីករាយ ហើយផែនដីបានអរសប្បាយឡើង! ចូរប្រកាសនៅកណ្តាលប្រជាជាតិនានាថា «ព្រះអម្ចាស់សោយរាជ្យ»។ 32 ចូរឲ្យសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្របានបន្លឺសម្លេងដោយអំណរ។ ចូរឲ្យស្រែចម្ការ និងដំណាំទាំងអស់បានត្រេកអរសប្បាយ។ 33 ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​​ស្រែក​ហ៊ោដោយអំណរនៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់! ដ្បិត​ ព្រះអង្គ​យាង​ជំនុំជម្រះផែនដី។ 34 ចូរ​អរព្រះគុណ​ព្រះ‌អម្ចាស់ ដ្បិត ​ព្រះអង្គល្អ ហើយព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ 35 ចូរ​ទូល​ព្រះអង្គ​ថា៖ «ឱព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​សង្រ្គោះយើងខ្ញុំ​ពី​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ខ្ញុំអរព្រះគុណ និង​លើក​តម្កើងព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ»។ 36 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលតាំង​ពី​ដើម​រៀង​មកហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា «អាម៉ែន» «សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។ 37 ព្រះបាទដាវីឌបានចាត់លោកអេសាភ និងបងប្អូនលោកឲ្យបំពេញមុខងារនៅចំពោះហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃតាមដែលបានកំណត់ឥតដែលអាកខានឡើយ។ 38 លោកអូបិឌអេដុម ព្រមទាំងបងប្អូនគាត់ទាំង៦៨នាក់ក៏ត្រូវបានរួមបញ្ចូលក្នុងកាងារនោះដែរ។ លោក​អូបេឌ‌អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសាគឺជា​ឆ្មាំ​ទ្វារ។ 39 ​លោក​បូជា‌ចារ្យ​សាដុក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ជា​បងប្អូន​របស់​គាត់ បំពេញ​មុខងារ​នៅ​មុខ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន។ 40 ពួកគេត្រូវថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះ‌អម្ចាស់ នៅលើ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែលមាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។ 41 លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះក៏​មក​ចូល​រួម​ជា​មួយ​បូជា‌ចារ្យ​ទាំង​នោះ​ដែរ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!។ 42 លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចម្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខងារ​ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។ 43 បន្ទាប់មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្សព្រះអង្គ។