1 ក្រោយមកខ្ញុំក៏ក្រឡេកភ្នែកមើលឃើញបុរសម្នាក់ជាមួយខ្សែវាស់នៅក្នុងដៃរបស់លោក។ 2 ខ្ញុំក៏សួរថា «តើលោកអញ្ជើញទៅណា?» ដូច្នេះគាត់បាននិយាយមកកាន់ខ្ញុំថា «ទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ 3 បន្ទាប់មកទេវតាដែលបាននិយាយជាមួយខ្ញុំក៏ចាក់ចេញទៅ ហើយមានទេវតាមួយផ្សេងទៀតបានមកជួបលោក។ 4 ទេវតាទីពីរបាននិយាយទៅកាន់គាត់ថា «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡឹមនឹងទៅជាក្រុងដែលគ្មានកំផែង ពីព្រោះមានមនុស្ស និងសត្វរស់នៅជាច្រើន។ 5 ដ្បិត នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងធ្វើជាកំផែងភ្លើងនៅជុំវិញក្រុង ហើយយើងនឹងត្រូវលើកតម្កើងនៅកណ្តាលក្នុងទីក្រុងផងដែរ។ 6 ចូរប្រញាប់! ភៀសខ្លួនចេញពីទឹកដីខាងជើងមក នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងបានបែងចែកអ្នករាល់គ្នាដូចជាខ្យល់តាមទិសទាំងបួន! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 ចូរងើបឡើង! គេចចេញពីពួកស៊ីយ៉ូនដែលរស់នៅជាមួយកូនស្រីក្រុងបាប៊ីឡូនអើយ!» 8 ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូល ប្រទានអំណាច និងបានចាត់ខ្ញុំឲ្យទៅប្រឆាំងនឹងប្រជាជាតិណាដែល បានប្លន់យកទឹកដីអ្នករាល់គ្នា អ្នកណាប៉ះពាល់អ្នករាល់គ្នា នោះគឺប៉ះពាល់ដល់ប្រស្រីភ្នែករបស់ព្រះហើយ បន្ទាប់មកព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា 9 «យើងនឹងលើកដៃរបស់យើងប្រហារពួកគេ ហើយពួកគេនឹងក្លាយទៅជាឈ្លើយនៃពួកទាសកររបស់ពួកគេវិញ»។ ពេលនោះគេនឹងដឹងថា ព្រះអម្ចាស់នៃពិភពទាំងមូលបានចាត់ឲ្យខ្ញុំមកមែន។ 10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរច្រៀងដោយអំណរ ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នកហើយ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 11 ពេលនោះ ប្រជាជនជាច្រើននឹងចូលរួមជាមួយព្រះអម្ចាស់នៅថ្ងៃនោះ។ ព្រះអង្គមានព្រះបន្ទួលថា ពេលនោះអ្នករាល់គ្នានឹងក្លាយទៅជាប្រជារាស្រ្តរបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងទទួលស្គាល់ថាព្រះអម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នកមែន។ 12 ព្រះអម្ចាស់នឹងយកយូដាធ្វើជាមរតករបស់ព្រះអង្គ ក្នុងទឹកដីដ៏វិសុទ្ធ ព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹមម្ដងទៀត។ 13 ចូរស្ងៀមស្ងាត់ មនុស្សទាំងឡាយអើយ នៅចំពោះព្រះអម្ចាស់ ត្បិតព្រះអង្គតើនឡើងហើយយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ!