ជំពូក ១

1 នេះ​ជា​ចម្រៀង​មួយ ​ក្នុង​ចំណោម​ចម្រៀង​ទំនុក​របស់​ស្តេច​សាឡូម៉ូន។ 2 សូមឲ្យ​ប្តី​ថើប​ខ្ញុំ​ដោយស្និតស្នាល ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង ​វិសេស​ជាង​ស្រាទំពាំង‌បាយ‌ជូរ​ទៅ​ទៀត។ 3 ប្រេង​អប់​របស់បង​ក្រអូប​ណាស់ ហើយ​ឈ្មោះ​របស់​បង ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្ម‌ចារី​សុទ្ធ​តែ​ស្រឡាញ់​បង 4 ខ្ញុំ​សូមដើរ​តាម​បង ហើយ​យើង​នឹង​រត់។ ស្ដេច​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ទ្រង់ យើង​នឹង​មាន​អំណរ ហើយ​រីក‌រាយ​ជា‌មួយ​​ព្រះអង្គ យើង​នឹង​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ស្រឡាញ់​ព្រះអង្គនោះ​ត្រឹមត្រូវ​ណាស់។ ស្រ្តីនិយាយទៅកាន់ស្រ្តីផ្សេងទៀត 5 ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​គួរឲ្យ​ស្រឡាញ់ ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន។ 6 សូម​កុំ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​ជាមនុស្សខ្មៅ ដ្បិត​ខ្ញុំ​បាន​ហាល​ថ្ងៃ​ហើយ។ ម្តាយរបស់កូន​​ប្រុស​របស់​ខ្ញុំ បានខឹង​នឹង​ខ្ញុំ ពួកគេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯ​ចម្ការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។ ស្រ្តីនិយាយទៅកាន់គួរស្នេហ៍របស់នាង 7 ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ថា ព្រះអង្គ​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សម្រាក​ពេល​ថ្ងៃ​ត្រង់? តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី ដែល​ត្រូវបាំង​មុខ នៅ​ជា‌មួយ​ហ្វូង​សត្វឬ? គួរសេ្នហ៍របស់នាងបានឆ្លើយទៅនាង 8 នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ មាន​តែ​ចេញ​ទៅ​តាម​ដាន​ជើង របស់ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង ក្បែរ​ត្រសាល​របស់​ពួកគង្វាល​ចុះ។ 9 ឱ​មាស​សម្លាញ់​អើយ យើង​បាន​ប្រៀប​ឯង​ដូច​ជា​សេះ ទឹម​រាជ‌រថ​របស់​ផារ៉ោន។ 10 ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែងហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ។ 11 យើង​នឹង​ធ្វើ​ខ្សែកមាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។ ស្រ្តីនិយាយមកកាន់ខ្លួននាង 12 កំពុង​ដែល​ស្ដេច​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប​ទៅ។ 13 ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅដើម​ទ្រូង​របស់​ខ្ញុំ។ 14 ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ ដែល​ដុះ​នៅ​ក្នុង​ចម្ការទំពាំង‌បាយ‌ជូរ ទឹកដី​អេន កេឌី។ គួរស្នហ៍និយាយមកកាន់នាង 15 មើល ឯង​ស្រស់‌បស់​ល្អ មាស​សម្លាញ់​អើយ មើលឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។ ស្ត្រីនិយាយទៅកាន់គួរសេ្នហ៍របស់នាង 16 មើល! ព្រះអង្គ​ក៏​ល្អ ស្ងួន​សម្លាញ់​អើយអើ ព្រះអង្គ​គួរ​ស្រឡាញ់​ណាស់។ 17 ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តា‌ត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ។