ជំពូក ៨

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង សម្រាប់​ពិណ​ពី​ក្រុង​កាថ។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ព្រះអម្ចាស់ ជាអម្ចាស់របស់យើង! ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។ 2 ចេញពីពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​ ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះអង្គ ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ ឲ្យ​វិនាស​សាប‌សូន្យ​ទៅ។ 3 ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្លឹង​មើល​ដូងច័ន្ទ និង​ហ្វូង‌តារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ 4 អ្វីដែលសំខាន់នោះគឺមនុស្សមាន​ឋានៈ​អ្វីបាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យកព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ? 5 ប៉ុន្តែ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាងទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿងនិង​កិត្តិយស​ដល់​គេ។ 6 ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេដែរ 7 អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ 8 សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។ 9 ឱព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿងពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!