ជំពូក ៩៨

1 សូមច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។ 2 ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ជនជាតិនានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ 3 ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដល់​ពូជ‌ពង្ស​អុីស្រា‌អែល មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នៃ​យើង។ 4 សូម​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌អម្ចាស់ ផែនដី​ទាំង​មូល​អើយ ចូរទម្លាយ​ចេញ​ជាបទ​ចម្រៀង​ដោយ​អំណរ ហើយ​ច្រៀង​សរសើរ​ចុះ។ 5 សូម​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ចាប់​ស៊ុង គឺ​ដោយ​ចាប់​ស៊ុង និង​ដោយ​សំឡេង​ដ៏​ពីរោះ។ 6 ដោយ​ត្រែ និង​សូរ​ស្នែង ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​មហា‌ក្សត្រ។ 7 ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ពិភព​លោក និង​អស់​អ្នក​ដែល​រស់​នៅ ក្នុងពិភព​លោកផង! 8 ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ។ 9 ​ព្រះ‌អម្ចាស់ នឹង​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជាតិទាំង​ឡាយ​ដោយ​យុត្តិធម៌។