ជំពូក ៩៦

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ឱ​ផែន​ដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់។ 2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ចូរ​សរសើរ​តម្កើង​ព្រះ‌នាមព្រះ‌អង្គ ចូរ​ប្រកាស​ពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់​ថ្ងៃ។ 3 ចូរ​ប្រកាស​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ ក្នុង​ចំណោមជនជាតិផ្សេងៗ និង​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ។ 4 ដ្បិត​ព្រះ‌អម្ចាស់​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។ 5 ដ្បិត​អស់​ទាំង​ព្រះ​របស់​ប្រជាជន​ផ្សេងៗ សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ‌អម្ចាស់​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។ 6 កិត្តិយស និង​តេជា‌នុភាព​ស្ថិត​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធិ‌ឫទ្ធិ និង​សោភ័ណភាព នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ 7 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ អស់​ទាំង​ពូជ‌ពង្ស​នៃ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌អម្ចាស់។ 8 ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌អម្ចាស់ ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ។ ចូរ​នាំ​យក​តង្វាយ​ចូល​មក​ក្នុង​ទី‌លាន របស់​ព្រះ‌អង្គ។ 9 ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធ ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ។ 10 ចូរ​ពោល​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍នានាថា«ព្រះ‌អម្ចាស់ សោយ​រាជ្យ»។ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។ 11 ចូរ​ឲ្យ​ផ្ទៃ​មេឃ​រីក​រាយឡើង ហើយ​ឲ្យ​ផែនដី​បាន​ត្រេក​អរ ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ។ 12 ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅទី​នោះ សប្បាយ​រីក​រាយ​ឡើង! នោះ​ដើម​ឈើទាំង​ប៉ុន្មាន​នៅក្នុង​ព្រៃ​ព្រឹក្សា នឹង​ច្រៀង​ដោយ​អំណរ 13 នៅ​ចំពោះ​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​យាង​មក ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។