ជំពូក ៩២

1 ទំនុក​តម្កើង។ ជា​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​សប្ប័ទ។ នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! 2 ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ​នៅពេល​យប់ 3 ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​ដប់ និង​ពិណា ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ។ 4 ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ រីក​រាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ច្រៀង​ដោយ​អំណរ ចំពោះ​កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ។ 5 ឱ​ព្រះ‌អម្ចាស់អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ជ្រៅ​ពន់​ពេក។ 6 មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ ហើយ​មនុស្ស​ឆោត​ល្ងង់ ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ 7 ទោះ​ជា​មនុស្ស​អាក្រក់​ដុះ​ឡើង​ដូច​ជា​ស្មៅហើយមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត លូត​លាស់​ឡើង​ក៏​ដោយ ក៏​គង់តែ​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​ជា​រៀង​រហូត។ 8 ប៉ុន្តែ ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​អស់‌កល្ប​ជានិច្ច។ 9 ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស​ទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។ 10 ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។ 11 ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។ 12 មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង ដូច​ដើម​លម៉ើ ក៏​ចម្រើន​ឡើង ដូច​ដើម​តា‌ត្រៅ នៅ​លើ​ភ្នំ​ល្បាណូន។ 13 គេ​ដូច​ជា​ដើម​ឈើដែល​ដុះ នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌អម្ចាស់ គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះជាម្ចាស់​នៃ​យើង។ 14 ពួកគេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច 15 ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌អម្ចាស់​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។